សមត្ថកិច្ច​ថា ឃាត់​ខ្លួន​មនុស្ស​ជាង​២៦០០​នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​២​ខែ​កន្លង​មក

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

សន្ដិសុខ

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ​ជាង ២៦០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​នៅ​អំឡុង​ពេល ២​ខែ​ដើម​ឆ្នាំ​នេះ។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន លោក មាស វិរិទ្ធិ បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា បទ​ល្មើស​គ្រឿង​ញៀន ១២៤៥​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ចាប់​ពី​ដើមខែ​មករា ដល់​ចុង​ខែ​កុម្ភៈ​កន្លង​មក​នេះ នៅ​ទូទាំង​ប្រទេស ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ២៦១៩​នាក់ ក្នុង​នោះ​មាន​ទាំង​ស្ត្រី ២២៧​នាក់​ និង​ជន​បរទេស ២៩​នាក់ផង​ដែរ។

គេហទំព័រ​នគរបាល​ជាតិ បាន​រាយការណ៍​ថា បទល្មើស​គ្រឿង​ញៀន​ដល់​ទៅ ៨ ០៩៤​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ១៧ ៧៤៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១ ៥៦៨​នាក់ កាល​ពី​ឆ្នាំ​មុន និង​បាន​កើន​ឡើង​ជិត ២​ដង បើធៀប​នឹង​តួលេខ​នៅ​ឆ្នាំ​២០១៦​កន្លង​មក។

បើតាមរបាយការណ៍​​​​​របស់​ក្រសួង​​សង្គម​កិច្ច​ ​បាន​ឲ្យ​ដឹង​ថា នៅក្នុងឆ្នាំ២០១៧ ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ៨ ៧០០​​នាក់​​ ត្រូវ​បាន​​បញ្ជូន​ទៅ​​មណ្ឌល​​ស្តារ​នីតិ​សម្បទា​​ចំនួន​ ៧​​ ដែល​គ្រប់​គ្រង​ដោយ​​​រដ្ឋ​​​​ ​​​ដោយ​បាន​កើន​ឡើង​ពី​ចំនួន​ ​៣៤០០​​នាក់​​ បើធៀបទៅនឹងឆ្នាំ​ ២០១៦​។

បញ្ហា​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​២០១៦​ថា ជា​ចំណុច​ខ្សោយ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles