ក្រុម​កម្មករថា ក្រសួងផ្តល់សំណង​បុរេ​ប្រទាន​ពី​រដ្ឋាភិបាល​មិនស្របតាមច្បាប់​ការងារ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃចន្ទ ទី៩ ខែមេសា ឆ្នាំ២០១៨​ | ម៉ោង 5:53 PM
http://vodhotnews.com

សង្គម


ក្រុម​កម្មកររោងចក្រមួយស្ថិតក្នុង​ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង​ដែលថៅកែរត់ចោលនោះ បាន​អះអាងថា ក្រសួងការងារផ្តល់សំណងជូនពួកគេមិនស្របតាមប្រសាសន៍លោកនាយករដ្ឋមន្រ្តី និងខុស​ពី​ច្បាប់​ការងារ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើម​ខែ​មីនា​ បានប្រកាស​ផ្ដល់​ថវិកា ៤​លាន ៥៧​ម៉ឺន​ដុល្លារ​ សម្រាប់​ដោះស្រាយសំណងជូនក្រុម​កម្មករ​ ៤ ១៤៦​នាក់ ដែល​បម្រើការងារនៅរោងចក្រចំនួន ៩ បន្ទាប់​ពី​ថៅកែ​នៃរោងចក្រទាំង​នោះ​ បាន​បិទ​ទ្វារ​​ និង​​រត់ចោលទាំង​មិនបន​ទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ​ជូនកម្មករ​នោះ​ឡើយ។

កម្មករបម្រើការងារនៅរោងចក្រ Benoh Apparel ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ អ្នកស្រី រឹម សៅលាភ ប្រាប់វីអូឌីនៅថ្ងៃនេះថា សំណងដែលក្រសួងការងារផ្តល់ជូនកម្មករនោះ មានជំនួនតិចតួចផ្ទុយពីច្បាប់ និងចំនួនប្រាក់ដែលពួកគាត់ត្រូវទទួលបាន។

អ្នកស្រី​បន្ថែមថា៖ «រដ្ឋបាលគេរោងចក្រគេបិទប្រកាសឲ្យកម្មករទៅបើកលុយពីថ្ងៃទី៨ ដល់​ទី១២ ដោយក្នុងម្នាក់ មានលុយ ៣០ដុល្លារ ៤០ដុល្លារ។ បើគិតតាមច្បាប់ត្រឹម ៣ចំណុច​អី ពួកអាចបាន ៣ពាន់ដុល្លារអីដែរ ប៉ុន្តែ ពួកខ្ញុំ​មិនចង់បានអីដល់ថ្នាក់ហ្នឹងដែរ តែសុំឲ្យលើ ៣០ដុល្លារ ៤០ដុល្លារ ព្រោះតាមច្បាប់ការងារ បើធ្វើការលើសពី ២​ឆ្នាំ គឺវេលាអត់កំណត់ តែនេះ ពួកខ្ញុំធ្វើរហូតដល់ ៩ឆ្នាំ»

មន្រ្តីក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ អ្នកស្រី អ៊ុយ ផល្លីការ មានប្រសាសន៍ថា ការផ្តល់សំណងជូនកម្មករនៅរោងចក្រ Benoh Apparel នោះស្របតាមច្បាប់ហើយ ដោយថា ករណីកម្មករទទួលបានសំណងតិចតួចនេះ គឺដោយសារក្រុម​កម្មករអនុវត្តលក្ខខណ្ឌការងារក្នុងកិច្ចសន្យាខ្លីពី ៣ ទៅ ៦ខែ។

អ្នកស្រីបន្ថែមថា៖ «និយាយទៅ យើងអត់មានអីឆ្លើយតបជាមួយពួកគាត់ ក្រៅពីយើងបានគិតគូរជាមួយថវិកា ដែលពួកគាត់ទទួលបានហ្នឹងទេ។ ប្រសិនបើពួកគាត់មិនសុខចិត្តទេ ពួកគាត់ចង់តវ៉ាយ៉ាងម៉េចៗឲ្យគាត់ធ្វើ​តាមនីតិវិធីប្តឹងទៅក្រុមប្រឹក្សារអាជ្ញាកណ្តាលទៅ ព្រោះអីកម្មកររោងចក្រ Benoh​ នេះ គាត់ធ្វើការរយៈកាលកំណត់ដោយក្នុងកុងត្រាគាត់ពី ៣ ទៅ ៦ខែបញ្ចប់ហើយ»

កម្មកររាប់រយនាក់បម្រើការងាររោងចក្រ Benoh Apparel បានផ្តុះការតវ៉ាម្តងទៀតតាំងពីម្សិលមិញរហូតមក​ដល់ថ្ងៃនេះ ក្រោយឃើញសេចក្តីប្រកាសរបស់ក្រសួងការងារឲ្យពួកគេបើកលុយដែលថៅកែជំពាក់មានចំនួន​តិចតួចពេក។

ក្រុម​កម្មករ​ទាំង​នោះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស ដើម្បី​ឲ្យ​ជួយ​ផ្សាយ​ការ​តវ៉ា​របស់​ពួកគេ ខណៈ​ដែល​ក្រុម​កម្មករ​ទាំង​នោះ បាន​ទាម​ទារ​ប្រាក់​អត្ថប្រយោជន៍ ៥​ចំណុច មានប្រាក់ជូនដំណឹងមុន ប្រាក់សំណងជំងឺចិត្ត ប្រាក់បណ្តេញចេញ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។

ក្រៅ​ពី​ក្រុម​កម្មករ​នៅ​រោង​ចក្រ Benoh ក្រុម​កម្មករ​នៅ​រោងចក្រ​អ៊ីហ្វា ហ្គាមេន ក៏អះអាងថា ពួកគេទទួលបានប្រាក់​សំណងមិនគ្រប់តាមច្បាប់ដែរ ប៉ុន្តែ ក្រុម​កម្មករទាំងនោះ មិនតវ៉ា​នោះ​ទេ ដោយថា ជិតចូលឆ្នាំមិនចង់ចំណាយពេលវេលាច្រើន។

មន្រ្តីក្រសួងការងារឲ្យដឹងថា ក្រសួងផ្តល់ប្រាក់អត្ថប្រយោជន៍ចំនួន ៣ចំណុចប៉ុណ្ណោះជូនកម្មករ មានប្រាក់​ឈ្នួលដែលថៅកែជំពាក់ ប្រាក់បំណាច់ឆ្នាំ និងសំណង​សម្រាប់​ការ​បណ្តេញចេញ ដោយសារប្រាក់ដែលផ្តល់ឲ្យកម្មករនោះជា​ប្រាក់បុរេប្រទាន​របស់រដ្ឋាភិបាល មិនមែនជាប្រាក់របស់ថៅកែនោះទេ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

What Next?

Recent Articles