ដោយ ម៉ៅ សុធានី
2018-04-09
RFA

ពលករខ្មែរត្រឡប់ទៅធ្វើការនៅប្រទេសថៃ ក្រោយបុណ្យចូលឆ្នាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ Photo: RFA
![]()
រយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋខ្មែរបានសម្រុកចូលមកកម្ពុជាវិញ យ៉ាងតិច ក្នុងមួយថ្ងៃ ចំនួនពី ៤០០ទៅ៥០០នាក់ នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មី។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ផ្សាយកាលពីថ្ងៃទី៩ ខែមេសា បានដកស្រង់សម្ដីលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែតថា ពលករខ្មែរដែលវិលត្រឡប់មកស្រុកកំណើតវិញ រយៈពេល២ទៅ៣ថ្ងៃមកនេះ គឺមានច្រើន បើប្រៀបធៀប កាលពីឆ្នាំមុន គឺមានចំនួន ប្រមាណពី ៣០០ទៅ៤០០នាក់ ក្នុងមួយថ្ងៃ។
លោកបន្តថា អាជ្ញាធរថៃ ក៏បានចាប់បញ្ជូនពលករខ្មែរដែលទៅធ្វើការខុសច្បាប់ តាមរយៈមេខ្យល់ ក្នុងប្រទេសថៃ គឺក្នុង១ថ្ងៃមានប្រមាណពី ១០០នាក់ ទៅ១៥០នាក់ ក្នុងប៉ុន្មានថ្ងៃ កន្លងមកនេះ។ លោក ស៊ឹម សំអាត បន្ថែមថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃ នឹងត្រឡប់មកស្រុកកំណើតវិញ មុនថ្ងៃបុណ្យឆ្នាំថ្មី អាចកើនឡើងរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃជិតប្រារព្ធបុណ្យចូលឆ្នាំថ្មី។ លោកសំណូមពរ កុំអោយរថយន្តក្រុង និងរថយន្តតាក់ស៊ី ឡើងថ្លៃឈ្នួល ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ៕