រដ្ឋ​សភា​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ២ ​រូប​ឲ្យ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធ​សភា​

លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា លើក​ដៃ​បោះ​ឆ្នោត​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី ៩ ខែ​មេសា ឆ្នាំ ២០១៨។ Pha Lina



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សមាជិក​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​​ ចំនួន ២ រូប គឺ​លោកស្រី ជា ច័ន្ទ​ទេវី និង​លោក សួន មាន ត្រូវបាន​រដ្ឋសភា​ បោះឆ្នោត​គាំទ្រ​ ឱ្យធ្វើជា​សមាជិក​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី ៤ នៅក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ នៅ​ថ្ងៃ​ទី ៩ ខែ​មេសា​ឆ្នាំ ២០១៨ ហើយ​សមាជិក​ទាំង ២ រូប​នេះ នឹងត្រូវ​ចូលកាន់​តំណែង​នៅ​ព្រឹទ្ធសភា ​នាពេល​ខាង​មុខ​ ជាមួយ​នឹង​សមាជិក​ព្រឹទ្ធ​សភា​ចំនួនចំនួន ៦០ រូប​ផ្សេង​ទៀត។

តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា សមាជិក​ព្រឹទ្ធសភា មាន​ចំនួន​ពាក់​កណ្តាល​ នៃ​សមាជិក​រដ្ឋសភា ពោល​គឺមាន​ចំនួន​ ៦២ រូប​ សម្រាប់​អាណត្តិ​ថ្មី​នេះ ក្នុង​នោះ​មាន ២ រូប ត្រូវបាន​ជ្រើស​តាំង​ដោយ ព្រះមហាក្សត្រ ២ រូប​ ត្រូវបាន​បោះឆ្នោត​ជ្រើស​តាំង​ដោយ​រដ្ឋសភា និង ៥៨ រូប​ទៀត ត្រូវ​ដាក់ឱ្យ​បោះឆ្នោត​ដោយ សមាជិក​ក្រុមប្រឹក្សា ឃុំ/សង្កាត់ ​រាជ​ធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ និង​សមាជិក​រដ្ឋសភា ដែល​ជា​អង្គ​បោះ​ឆ្នោត។

ដោយ​សារ​តែ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា ​និតិកាល​ទី​ ៤ នេះ ពុំ​មាន​វត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រកួត​ប្រជែង​ដ៏ខ្លាំង​ក្លា​ ជា​មួយ​គណ​បក្ស​កាន់​អំណាច​ ដោយ​សារ​តែ​គណ​បក្ស​ប្រឆាំង​មួយ​នេះ​ ត្រូវ​បាន​រំលាយ បាន​ធ្វើ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ឈ្នះ​អាសនៈ​​ទាំង​អស់​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​។

ការបោះឆ្នោត​ នៅ​ព្រឹក​ថ្ងៃទី ៩ ខែមេសា នេះ ធ្វើ​​ឡើង​ខណៈដែល​រដ្ឋសភា ​បាន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី ១០ នីតិកាល​ទី ៥ ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដោយមាន​សមាជិក​រដ្ឋ​សភា​ចំនួន ១១៤ រូប​ចូលរួម។

ជា​លទ្ធផល​ដែល​ប្រកាស​ដោយ​លោក ហេង សំរិន ​បាន​បង្ហាញថា សន្លឹកឆ្នោត​សរុប​មានចំនួន​ ១១៤ សន្លឹក​ នៃ​សមាជិក​រដ្ឋសភាជាតិ​ទាំងមូល ដោយបាន​បោះ​ជូន​លោកស្រី ជា ច័ន្ទ​ទេវី ចំនួន ១០៤ សំឡេង សន្លឹកឆ្នោត​មិន​ព្រម​មាន​ចំនួន ៩ សំឡេង សន្លឹក​ឆ្នោត​អនុបវាទ​ចំនួន ១ សំឡេង។ ចំណែក​លោក សួន មាន ទទួល​បាន​ការគាំទ្រ​ចំនួន ១០៤ សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំង​មូល សន្លឹក​ឆ្នោត​មិន​ព្រម​ចំនួន ៧ សំឡេង សន្លឹកឆ្នោត​អនុបវាទ​ចំនួន ៣ សំឡេង។

លោក​​ ហេង សំរិន បាន​ប្រកាស​ថា៖«តាម​លទ្ធផល​នៃ​ការបោះឆ្នោត​ នាពេលនេះ ខ្ញុំ​សូម​ប្រកា​ល​ថា លោកជំទាវ ជា ច័ន្ទ​ទេវី និង​ឯកឧត្តម សួន មាន ត្រូវបាន​អង្គសភា​ជាតិ​ បោះឆ្នោត​ជាប់​ជា​សមាជិក សមាជិការ​ព្រឹទ្ធសភា​ និតិ​កាល​ទី ៤ ជ្រើសតាំង​ដោយ​រដ្ឋសភាជាតិ»។

ក្រៅ​ពី​ការ​បោះ​ឆ្នោត​គាំ​ទ្រ​​បេក្ខ​ភាព​សមាជិក​ព្រឹទ្ធ​សភា ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា ក៏​មាន​ការ​អាន​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ព្រះ​អង្គ​ បាន​លើក​សសើរ​ ដល់​រដ្ឋ​សភា និង​រាជ​រដ្ឋាភិបាល ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង ​បំពេញ​កិច្ច​ការ​ងារ​ បាន​យ៉ាង​ល្អ ធ្វើ​ឲ្យ​ស្រុក​ទេស ​មាន​​សុខ​សន្តិ​ភាព មានការ​អភិវឌ្ឍ និង​អាន​របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ចន្លោះ​សម័យ​ប្រជុំ​រដ្ឋសភា លើក​ទី ៩ និង​លើក​ទី ១០ នីតិកាល​ទី ៤ និង​បាន​​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធា​រណៈ៕


Contact author: សុទ្ធ គឹមសឿន

What Next?

Recent Articles