ដោយ វណ្ណ សុគន្ធា
10/04/2018
RFI

គ.ជ.ប នឹងបង្កើតគណៈកម្មការធ្វើការជាមួយបណ្តាញព័ត៌មាន ដើម្បីធានាភាពស្នើគ្នាក្នុងការផ្សព្វផ្សាយរបស់បក្សនយោបាយ
@Google
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃអង្គារនេះ បានចេញមុខមកធានាថា នឹងធ្វើឲ្យការផ្សព្វផ្សាយរបស់បក្សនយោបាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា ធ្វើឡើងដោយស្មើភាពគ្នាក្នុងអំឡុងពេលឃោសនាបោះឆ្នោតនាពេលខាងមុខ។ ដើម្បីសម្រេចឲ្យបាននូវការធានានេះ គ.ជ.ប គ្រោងនឹងបង្កើតគណៈកម្មការមួយ ដើម្បីសម្របសម្រួលជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា។
ជាដំបូងដើម្បីឲ្យគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតអាចផ្សព្វផ្សាយនូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយស្មើភាពនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានដាក់ចេញនូវគោលការណ៍ពីរ។ គោលការណ៍ទីមួយ គឺសម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានស្តីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយឬពិភាក្សាគ្នាអំពីគោលនយោបាយរបស់គណបក្សនយោបាយ។ ចំណែកគោលការណ៍ទីពីរវិញ គឺសម្រាប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ក្នុងការលក់ឬជួលម៉ោងផ្សព្វផ្សាយឲ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោតនាពេលខាងមុខ។
បន្ទាប់មកដើម្បីអនុវត្តគោលការណ៍ទាំងពីរនេះបានជោគជ័យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថានឹងបង្កើតគណៈកម្មការមួយ ដើម្បីជួយសម្របសម្រួលជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ គឺមានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ពោល គឺបញ្ចប់មុនការបោះឆ្នោតពីរថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បនៅថ្ងៃទី១០ មេសានេះ។
ជាការកត់សម្គាល់ រាល់ការបោះឆ្នោតអាណត្តិមុនៗ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំនៅកម្ពុជាបានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជនដោយចោទថា លម្អៀងទៅរកគណបក្សកាន់អំណាចដោយផ្សព្វផ្សាយតែពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សកាន់អំណាចប៉ុណ្ណោះ។ រីឯគណបក្សនយោបាយផ្សេងទៀត ជាពិសេសគណបក្សប្រឆាំង គឺប្រព័ន្ធផ្សព្វផ្សាយទាំងនោះមិនចង់ផ្សព្វផ្សាយឬផ្សព្វផ្សាយដែរ តែក្នុងកម្រិតមួយតិចតួចបំផុត។
ទោះបីជាយ៉ាងណាក៏ដោយសម្រាប់អាណត្តិថ្មីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្កើតគណៈកម្មការសម្របសម្រួលថ្មីមួយ ហើយគ.ជ.ប បានគូសបញ្ជាក់ថា ដើម្បីឲ្យមានភាពស្មើគ្នាក្នុងការផ្សព្វផ្សាយរបស់គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល អាចពិគ្រោះយោបល់ជាមួយគណៈកម្មការនេះបាន មុនចាប់ផ្តើមដំណើរការកម្មវិធីនានារបស់ខ្លួនអំពីគោលនយោបាយរបស់គណបក្សផ្សេងៗក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕