បទល្មើសព្រៃឈើ​កក្រើក​យ៉ាង​ចំហ ពី​ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀ ខេត្ត​មណ្ឌលគិរី កៀក​ចូល​ឆ្នាំ​ខ្មែរ

ដោយ មួង ណារ៉េត
2018-04-10
RFA

ឈើ​ដែល​ត្រូវ​បាន​គេ​ដឹក​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ យក​មក​ទុក​នៅ​បរិវេណ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ដាក់ឡាក់ (Dac Lak) ដើម្បី​ត្រៀម​ដឹក​ទៅ​វៀតណាម។ ថត​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨។ រូបថត​ពី​សហគមន៍​ឡាំមេះ
ឈើ​ដែល​ត្រូវ​បាន​គេ​ដឹក​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ យក​មក​ទុក​នៅ​បរិវេណ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ដាក់ឡាក់ (Dac Lak) ដើម្បី​ត្រៀម​ដឹក​ទៅ​វៀតណាម។ ថត​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨។ រូបថត​ពី​សហគមន៍​ឡាំមេះ


បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ កើត​ឡើង​ដោយ​បើក​ចំហ នៅ​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​ណាំលៀ ក្នុង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។ សហគមន៍​ដែល​បាន​ទៅ​ដល់​ទីតាំង​បទ​ល្មើស​ព្រៃ​ឈើ​នោះ បាន​ថត​យក​រូបភាព និង​ផ្តល់​ព័ត៌មាន​ទៅ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ក្រសួង​បរិស្ថាន និង​ហ្វេសបុក​លោក ហ៊ុន សែន ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ទេ។ ផ្ទុយ​ទៅ​វិញ បទ​ល្មើស​រឹត​តែ​កើត​មាន​ច្រើន។

សហគមន៍រស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុក​ពេជ្រាដា ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០ មេសា​ថា ឈើ​ជ្រុង​ច្រើន​ម៉ែត្រ​គូប មុខ​កាត់​ចាប់​ពី ៣​តឹក​ឡើង​ទៅ ប្រវែង​ជាង ២​ម៉ែត្រ ត្រូវ​ឈ្មួញ​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ ទាំង​យប់​ថ្ងៃ ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់។ សហគមន៍​ថា រថយន្ត​យីឌុប គោយន្ត​កែ​ច្នៃ និង​ឡាន​ដឹក​ឈើ​ធំៗ បាន​ប្រមូល​ឈើ​ជ្រុង ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាលៀ មក​ស្តុក​ទុក នៅ​បរិវេណ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ដាក់ឡាក់ (Dac Lak) ដើម្បី​ត្រៀម​ដឹក​ទៅ​វៀតណាម។

ជនជាតិដើមភាគតិចព្នងរស់នៅឃុំប៊ូស្រា លោក ក្រើង តុលា ចាត់​ទុក​បទ​ល្មើស​ព្រៃ​ឈើ ទ្រង់ទ្រាយ​ធំ​នេះ​ថា ជា​ប្រភព​វិនាសកម្ម​ធនធាន​ធម្មជាតិ ក្នុង​ព្រៃ​អភិរក្ស​ភ្នំ​ណាំលៀ ដែល​ព្រៃ​អភិរក្ស​នេះ ត្រូវ​បាន​ចុះ​បញ្ជី ជា​ដែន​ជម្រក​សត្វ​ព្រៃ​រួច​ទៅ​ហើយ។ លោក​ថា ឈើ​គគីរ និង​ផ្ចឹក ត្រូវ​គេ​អារ​ច្រៀក​ជា​ជ្រុង ដឹក​ស្តុក​ទុក​ក្នុង​បរិវេណ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ដាក់ឡាក់ នេះ។ លោក​ថា សហគមន៍ បាន​ថត​រូបភាព​បទ​ល្មើស​ព្រៃ​ឈើ​នោះ និង​បាន​ផ្ញើ​ទៅ​កាន់​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ផង ផ្ញើ​ទៅ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង និង​ផ្ញើ​ទៅ​ក្រសួង​បរិស្ថាន​ថែម​ទៀត បំណង​ឲ្យ​ចុះ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល។ ប៉ុន្តែ​ទាំង​នេះ នៅ​តែ​មិន​បាន​ផល ព្រោះ​បទ​ល្មើស​ព្រៃ​ឈើ នៅ​តែ​កើត​មាន​កាន់​តែ​ច្រើន​ឡើង។ រីឯ​សហគមន៍ ខ្លាច​រអា​មិន​ហ៊ាន​ចុះ​ទប់​ស្កាត់​នោះ​ទេ ដោយ​ខ្លាច​ក្រែង​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​បដិវត្ត​ពណ៍៖ «ការ​ស្នើសុំ​ឲ្យ​ឯកឧត្តម​ចុះ​អន្តរាគមន៍​ចុះ​ចំណុច​នេះ​នោះ តែ​បទ​ល្មើស​កាន់​តែ​កើន មាន​ន័យ​ថា​បទ​ល្មើស​ដាក់​តាម​ឡង់គ្រីស័រ​ទេ តែ​ឥឡូវ​ដឹក​តាម​យី​ឌុប​ធំៗ។ ផ្ញើ​ឲ្យ​គាត់​បែរ​ជា​គាត់​មិន​ឆ្លើយ។ ស្នើសុំ​ឲ្យ​សម្តេច​ពិចារណា​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​យើង»

លោក ក្រើង តុលា កត់​សម្គាល់​ថា ទាំង​បទ​បញ្ជា​ទាំង​អនុក្រឹត្យ ទាំង​ច្បាប់​ស្តីពី​ព្រៃ​ឈើ និង​សារាចរណ៍​ផ្សេងៗ ផង ហាក់​គ្មាន​ឥទ្ធិពល​ជា​វិជ្ជមាន ក្នុង​ការ​ដាក់​ទោស​ទណ្ឌ ដល់​ជន​ល្មើស និង​លុប​បំបាត់​បទ​ល្មើស​ព្រៃ​ឈើ ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​បារម្ភ​ខ្លាច​ទំហំ ព្រៃ​ឈើ ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ នឹង​រលាយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខាន ហើយវា​នឹង​បង្ក​ប៉ះពាល់​ជីវភាព​ជនជាតិ​ដើម​ភាគ​តិច។ មិន​តែ​ប៉ុណ្ណោះ ការ​បាត់​ព្រៃ​ឈើ វា​ក៏​នឹង​បណ្តាល​ឲ្យ​ប្រែប្រួល​អាកាសធាតុ និង​ការ​បាត់បង់​ជម្រក​សត្វ​ព្រៃ​រស់​នៅ​ផង​ដែរ៖ «មាន​ការ​សោក​ស្តាយ​អ្វី​ដែល​យើង​មាន​ព្រៃ​ធនធាន​ធម្មជាតិ​យើង​មាន​ស្រាប់ យើង​អត់​មាន​អ្នក​អនុវត្ត និង​អ្នក​ការពារ​ចំណុច​ហ្នឹង​ហើយ ដែល​ខ្ញុំ​សោកស្តាយ​ជា​ទីបំផុត។ ខ្ញុំ​អត់​មាន​ឥទ្ធិពល​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ មាន​តែ​ថ្នាក់​ដឹក​នាំ​កំពូល​ហ្នឹង ដែល​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែ​រក្សា​ព្រៃ​ឈើ។ ខ្ញុំ​គួរ​តែ​ឲ្យ​គាត់​យក​ចិត្ត​ទុក​ដាក់​ការ​សំណូម​ពរ​របស់​ខ្ញុំ»

ព្រៃ​សហគមន៍​ឡាំមេះ និង​ព្រៃ​សហគមន៍​ពូលុ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀ មាន​ផ្ទៃ​ដី​ជាង ២​ម៉ឺន​ហិកតារ (២១.៩៣៣) ដែល​រដ្ឋាភិបាល បាន​ដាក់​បញ្ចូល​ជា​ដែន​ជម្រក​សត្វ​ព្រៃ កាល​ពី​ឆ្នាំ​២០១៦ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ។ ចំណែក​អ្នក​នាំ​ពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ នៅ​រសៀល​ថ្ងៃ​ទី​១០ មេសា។

ប៉ុន្តែ​មេឃុំ​ប៊ូស្រា លោក យឺត សារៀន ទទួល​ស្គាល់​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ ពិត​ជា​កើត​មាន ប៉ុន្តែ​ដោយ​ការ​លួច​លាក់។ លោក​ថា អាជ្ញាធរ​ឃុំ គ្មាន​សមត្ថភាព​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​គ្រប់​ជ្រុង​ជ្រោយ​ទេ បាន​ត្រឹម​ផ្តល់​ព័ត៌មាន​ទៅ​ឆ្មាំ​អភិរក្ស និង​សមត្ថកិច្ច ព្រោះ​វិធានការ​បង្ក្រាប ជា​តួនាទី​របស់​ឆ្មាំ​អភិរក្ស​ក្រសួង​បរិស្ថាន និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ៖ «ខ្ញុំ​អត់​មាន​តួនាទី​ចាប់​ឈើ​ទេ ព្រោះ​អ្នក​រកស៊ី គេ​អត់​ប្រាប់​យើង​ឲ្យ​ដឹង​ទេ។ ការងារ​នេះ​គេ​មាន​តួនាទី​បរិស្ថាន និង​រដ្ឋបាល​ព្រៃ​ឈើ»

មន្ត្រី​ជាន់​ខ្ពស់​សមាគម អាដហុក (ADHOC) លោក សឹង សែនករុណា យល់​ថា បទ​ល្មើស ព្រៃ​ឈើ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ នៅ​តែ​កើត​មាន​ច្រើន ជា​សញ្ញាណ​បង្ហាញ​ពី​ភាព​អសកម្ម របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មិន​បាន​បំពេញ​តួនាទី ការពារ​ព្រៃ​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​បាន​ចាត់​វិធានការ​ច្បាប់​ដល់​ជន​ល្មើស និង​អ្នក​ពាក់ព័ន្ធ។ លោក​បារម្ភ​ដែរ​ថា ព្រៃ​ការពារ ដែល​នៅ​សេសសល់​ចុង​ក្រោយ​មួយ​នេះ កំពុង​ប្រឈម​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ៖ «គគ្រឹក​គគ្រេង​មែន​ទែន រឿង​បទ​ល្មើស​ព្រៃ​ឈើ យើង​ឃើញ​ហើយ​ថា មាន​បទ​ល្មើស​នៅ​តែ​កើត​មាន វា​បង្ហាញ​ពី​ការ​ចាត់​វិធានការ​របស់​អាជ្ញាធរ ដែល​មាន​តួនាទី​ក្នុង​ការ​បង្ក្រាប។ តែ​ការ​បង្ក្រាប​អត់​មាន​ប្រសិទ្ធភាព វា​បង្ហាញ​ពី​ភាព​អសមត្ថភាព​មន្ត្រី​ទាំង​អស់​ហ្នឹង»

សហគមន៍​បន្ថែម​ថា បទ​ល្មើស​ព្រៃ​ឈើ មិន​មែន​កើត​មាន តែ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ​នោះ​ទេ។ ចំណែក​ឯ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក និង​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច ក្នុង​ខេត្ត​មណ្ឌលគិរី ក៏​មាន​សេចក្តី​រាយការណ៍​ថា ការ​ដឹក​ជញ្ជូន​ឈើ​មូល​តាម​រថយន្ត​ធំៗ ទៅ​ប្រទេស​វៀតណាម បាន​កើត​មាន​ពេញ​ទំហឹង​ដែរ ដែល​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម នៅ​ក្បែរ​នោះ ដឹក​ឈើ​ពី​ខាង​ក្រៅ​ចូល​ដោយ​ឃុបឃិត​ជា​មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles