ដោយ តាំង សារ៉ាដា
2018-04-10
RFA

លោក វ៉ែន វ៉ន តំណាងសហគមន៍ជនជាតិជង នៅតំបន់អារ៉ែង ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅមុខផ្ទះសហគមន៍ នៅតំបន់អារ៉ែង ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥។ Photo: RFA
![]()
ប្រជាសហគមន៍តំបន់អារ៉ែងសម្តែងក្តីព្រួយបារម្ភខ្លាចបាត់បង់ចំណូលនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ដោយសារតែគ្មានភ្ញៀវទេសចរទាក់ទងទៅពួកគាត់ដើម្បីឱ្យរៀបចំដំណើរកម្សាន្តនៅតំបន់នោះ ស្របពេលដែលពិធីបុណ្យចូលឆ្នាំនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់។ សកម្មជនបរិស្ថានជំរុញឱ្យពលរដ្ឋខ្មែរដែលមិនទាន់មានគម្រោងក្នុងឱកាសចូលឆ្នាំថ្មី ឱ្យទៅកម្សាន្តនៅតំបន់អារ៉ែង ដើម្បីទស្សនាទេសភាពដ៏ស្រស់ត្រកាលនៅតំបន់នោះ មុនពេលដែលវាត្រូវបានគេកែច្នៃ ឬអភិវឌ្ឍទៅថ្ងៃមុខ។
ប្រធានសហគមន៍ព្រៃឈើជំនាប់ លោក វ៉ែន វ៉ន កត់សម្គាល់ថា ភ្ញៀវដែលមកកម្សាន្តនៅតំបន់អារ៉ែងតាមរយៈសហគមន៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ អាចនឹងមានការធ្លាក់ចុះ ព្រោះពិធីបុណ្យកាន់តែកៀកណាស់ទៅហើយ ប៉ុន្តែមិនទាន់ឃើញមានភ្ញៀវទេសចរទាក់ទងមកខាងសហគមន៍នៅឡើយ ខុសពីឆ្នាំមុនៗ ដែលភ្ញៀវទេសចរបានទាក់ទងមកសហគមន៍ឱ្យរៀបចំដំណើរកម្សាន្តសម្រាប់ពួកគេក្នុងតំបន់អារ៉ែង តាំងពីមួយខែ ឬពីរសប្តាហ៍មុនថ្ងៃចូលឆ្នាំម្ល៉េះ៖ «ខ្ញុំគិតថា នៅថ្ងៃចូលឆ្នាំនេះ អាចនឹងមានច្រើន តែប្រហែលជាគេមកជាលក្ខណៈឯកជន បើលក្ខណៈជាក្រុម ខ្ញុំគិតថា មិនសូវមានទេ ឬក៏គេមិនទាន់ទាក់ទងមក។ យើងបារម្ភថាតំបន់យើងអាចនឹងអត់មានភ្ញៀវ ដូច្នេះវានឹងធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋកាន់តែតិច។ នេះជាការបារម្ភរបស់សហគមន៍យើង»។
លោកបញ្ជាក់ថា កាលពីឆ្នាំមុន មានអ្នកទេសចរប្រមាណ ១០០នាក់ បានទៅកម្សាន្តនៅតំបន់អារ៉ែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបានពឹងពាក់ឱ្យសហគមន៍ជាអ្នកជួយរៀបចំដំណើរកម្សាន្តនៅតំបន់នោះ ធ្វើឱ្យពួកគាត់អាចរកចំណូលបានពីសកម្មភាពទេសចរនោះ។ លោកថាចំណូលទាំងនេះ ខាងសហគមន៍បានចាត់ចែងសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ជួយទំនុកបម្រុងដល់ជនខ្វះខាត និងអ្នកគ្មានទីពឹងក្នុងសហគមន៍ ព្រមទាំងមួយផ្នែកទៀតទុកសម្រាប់ឧបត្ថម្ភការសិក្សារបស់កុមារនៅក្នុងភូមិ៖ «នៅពេលគាត់ចូលមក គាត់បានចំណូលដល់សហគមន៍យើងដូចរាល់ដងអញ្ចឹង គឺសេវាស្នាក់នៅ សេវាម៉ូតូឌុប ថ្លៃអាហារផ្សេងៗ ហើយពួកគាត់ក៏បានចូលរួមដូចជា ស្រង់ទឹកមនុស្សចាស់ និងកម្មវិធីប្រពៃណីរបស់ជនជាតិដើមភាគតិច ព្រមទាំងកម្មវិធីល្បែងកម្សាន្តផ្សេងៗដែលពួកយើងលេង គាត់បានចូលរួមជាមួយពួកយើង។ អញ្ចឹងវាបង្កើតឱ្យមានភាពស្និទ្ធស្នាល»។
តំបន់អារ៉ែងលាតសន្ធឹងលើផ្ទៃដីរាប់ម៉ឺនហិកតារ គ្របដណ្តប់លើផ្ទៃដីនៃឃុំចំនួន ៤ គឺឃុំចំណារ ឃុំប្រឡាយ ឃុំជំនាប់ និងឃុំថ្មដូនពៅ នៃស្រុកថ្មបាំង ខេត្តកោះកុង។ តំបន់នោះពោរពេញទៅដោយធនធានធម្មជាតិសម្បូរបែប ដូចជា ព្រៃឈើ សត្វព្រៃកម្រ និងទឹកធ្លាក់ជាច្រើនកន្លែង ដែលអំណោយផលដល់វិស័យទេសចរណ៍។ អ្នកដែលធ្លាប់ទៅដល់តំបន់នោះមួយចំនួន តែងពោលសរសើរថា តំបន់អារ៉ែងនេះ ជាតំបន់ទេសចរធម្មជាតិល្អផ្តាច់គេនៅកម្ពុជា។
ប្រធានសហគមន៍ព្រៃឈើជំនាប់ លោក វ៉ែន វ៉ន ថ្លែងទៀតថា នៅឱកាសឆ្នាំថ្មីនេះ សហគមន៍តំបន់អារ៉ែងបានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន និងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ។ លោកអំពាវនាវដល់អ្នកទេសចរ ដែលចូលចិត្តដំណើរកម្សាន្តផ្សងព្រេងក្នុងព្រៃធម្មជាតិ ចូលចិត្តលេងទឹកធ្លាក់ និងចង់ឃើញប្រភេទសត្វព្រៃកម្រជាដើម ឱ្យមកទស្សនាតំបន់អារ៉ែងនៅក្នុងថ្ងៃចូលឆ្នាំខាងមុខនេះ៖ «ខ្ញុំចង់ឱ្យពួកគាត់មកលេងនៅតំបន់អារ៉ែងឱ្យបានច្រើន ប៉ុន្តែក៏វាទាក់ទងនឹងសេវាកម្មរបស់យើងដែរ។ ក្នុងករណីមានការខ្វះខាតសម្ភារៈអ្វីផ្សេងៗនោះ ពួកយើងសូមអភ័យទោស ព្រោះតំបន់របស់ពួកយើងមិនមានធនធានគ្រប់គ្រាន់ដើម្បីរៀបចំសម្ភារៈទំនើបៗ។ អញ្ចឹងសង្ឃឹមថា ពួកគាត់មកតំបន់នេះ គឺមានការអធ្យាស្រ័យខ្ពស់ និងជាលក្ខណៈផ្សងព្រេង ដូចជា ការចូលព្រៃ និងមកតំបន់ជនជាតិដើមភាគតិច»។
សកម្មជនបរិស្ថាន អ្នកនាង លីម គមស័រ សន្និដ្ឋានថា មូលហេតុនៃការធ្លាក់ចុះភ្ញៀវទេសចរនៅតំបន់អារ៉ែងនៅក្នុងឱកាសឆ្នាំថ្មីនេះ អាចដោយសារភ្ញៀវមួយចំនួនធ្លាប់ទៅកម្សាន្តនៅតំបន់នោះរួចហើយ ដូច្នេះពួកគេក៏ប្តូរទិសដៅទៅកម្សាន្តនៅកន្លែងផ្សេងវិញ ឬមួយក៏ដោយសារភ្ញៀវខ្លះអាចទៅកម្សាន្តតាមរយៈក្រុមហ៊ុនទេសចរក៏ថាបាន។ សកម្មជនបរិស្ថានរូបនេះជំរុញឱ្យប្រជាពលរដ្ឋខ្មែរដែលមិនទាន់មានគម្រោងទៅកម្សាន្តនៅកន្លែងណាទេនោះ ឱ្យងាកមកចាប់អារម្មណ៍ និងទៅកម្សាន្តនៅតំបន់អារ៉ែង ដោយសារនៅឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនធ្វើឱ្យរុក្ខជាតិ និងដើមឈើមានពណ៌បៃតងស្រស់ ទឹកធ្លាក់ក៏មានសមល្មម ហើយផ្លូវថ្នល់ចូលទៅតំបន់នោះវិញ ក៏ស្អាតជាងមុនដែរ ដែលអំណោយផលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ៖ «កន្លែងដើរលេងពីមួយកន្លែងទៅមួយកន្លែង គឺត្រូវការអ្នកភូមិជូន ព្រោះវាចូលទៅព្រៃរាងជ្រៅដែរ។ ជិតបំផុតក៏ពី ៤ ទៅ ៥គីឡូម៉ែត្រដែរ។ ដូច្នេះបើយើងទៅលេងដោយមិនមានអ្នកភូមិជូនទេ វាអត់សប្បាយ ហើយយើងអត់បានទៅដល់តំបន់ទេសចរណ៍ចំតែម្តងនោះទេ។ ម្យ៉ាងវិញទៀត កាលណាយើងឱ្យអ្នកភូមិជូន យើងបានផ្តល់ចំណូលមួយចំណែកដល់អ្នកភូមិដែរ។ អញ្ចឹងឱ្យគាត់ទទួលបានចំណូលផង ហើយអ្វីដែលសំខាន់ទៀត គឺនៅទីនោះ ប្រសិនបើគាត់អត់ប្រាប់អ្នកភូមិមុនទេ គឺអត់មានអីញ៉ាំទេ។ ដូច្នេះគាត់គួរតែទាក់ទងអ្នកភូមិមុន ដើម្បីឱ្យអ្នកភូមិត្រៀមអាហារសម្រាប់ពួកគាត់»។
ការព្រួយបារម្ភអំពីការបាត់ចំណូលដោយសារការធ្លាក់ចុះភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺជាបញ្ហាមួយហើយសម្រាប់ពលរដ្ឋតំបន់អារ៉ែង ប៉ុន្តែបញ្ហាដែលសំខាន់ជាងនេះទៅទៀតនោះ គឺការតម្រូវឱ្យពួកគាត់រុះរើស្នាក់ការសហគមន៍ចេញ នៅមុនថ្ងៃទី២៥ មេសា។
រហូតមកទល់នឹងពេលនេះ អាជ្ញាធរឃុំជំនាប់នៅតែអះអាងថា ឃុំត្រូវការដីនោះមកសាងសង់សាលាឃុំ និងតម្រូវឱ្យពលរដ្ឋរុះរើស្នាក់ការនោះចេញដដែល។ ចំណែកខាងប្រជាសហគមន៍វិញ ប្រកាន់ជំហរមិនឱ្យមានការរុះរើស្នាក់ការសហគមន៍នោះជាដាច់ខាត ព្រោះពួកគាត់យល់ថា ស្នាក់ការនោះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅរបស់ពួកគាត់ ហើយពួកគាត់កំពុងតែរៀបចំលិខិតដាក់ទៅសាលាស្រុកថ្មបាំង ដើម្បីស្នើសុំឱ្យអាជ្ញាធរថ្នាក់ស្រុកអន្តរាគមន៍ទៅអាជ្ញាធរឃុំជំនាប់ ដើម្បីរក្សាទុកស្នាក់ការសហគមន៍នោះឱ្យនៅដដែល៕