ដោយ ជាតិ ចំណាន
2018-04-09
RFA

អតីតក្រុមកម្មករធ្វើការនៅរោងចក្រ ហ្រ្គេន អននើរ ដែលថៅកែរត់ចោលជាច្រើនឆ្នាំ បានទៅទទួលយកប្រាក់ឈ្នួលសំណងពីមន្ត្រីក្រសួងការងារ នៅក្នុងសាលាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០១៨។ Photo Provided
របបក្រុងភ្នំពេញ នៅថ្ងៃទី៩ មេសា បានបើកប្រាក់ឈ្នួលឲ្យកម្មករចំនួន ៤រោងចក្រ ដែលថៅកែរត់ចោលកម្មករ ជាច្រើនឆ្នាំមកហើយ។ ពួកគេម្នាក់ៗ អះអាងថា កម្មករម្នាក់ៗ អាចទទួលបាន ទទួលថវិកា ចាប់ពីមួយពាន់ដុល្លារ ហើយអ្នកខ្លះទទួលបានក្រោមមួយពាន់ដុល្លារ។ សហជីពយល់ឃើញថា ជារឿងល្អនឹងលើកទឹកចិត្តឲ្យរបបក្រុងភ្នំពេញ បើកលុយឲ្យកម្មករដែលថៅកែរត់ចោល ឲ្យបានគ្រប់ៗគ្នា ព្រមទាំងជួយសម្រួលដល់កម្មករដែលថៅកែមិនព្រមបើកប្រាក់ខែឲ្យទៅលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំផង។
កម្មករចំនួន ៤រោងចក្រ ដែលទទួលបានសំណងពីក្រសួងការងារនោះ រួមមានរោងចក្រ ហ្គ្រេត អននើ រោងចក្រ ប៊ីណូ រោងចក្រ ជុង ហ្វៃ និងរោងចក្រអ៊ីហ្វា។ អតីតកម្មការិនីម្នាក់ ដែលថៅកែរត់ចោល កាលពី ៣ឆ្នាំមុន អ្នកស្រី ម៉ា សុភាព ប្រាប់ថា បានទទួលប្រាក់ឈ្នួលសំណងពីក្រសួងការងារ ចំនួន ១.៦០៥ដុល្លារ។ អ្នកស្រី ឲ្យដឹងថា មន្ត្រីក្រសួងការងារបានប្រាប់ថា ប្រាក់ទាំងនេះ ជាប្រាក់ទូទាត់ ថ្លៃបំណាច់ការងារអតីតភាពរបស់អ្នកស្រី៖ «បើកហ្នឹងមិនដឹងគេគិតម៉េចទេ។ លឺថា ប្រាក់ខែចុងក្រោយ ហើយថៅកែរត់ចោលម៉េចទេ គេនិយាយ ថាបីមុខ ហើយខ្ញុំអត់យល់»។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៣ ខែមេសា បានជូនដំណឹងឲ្យកម្មករ រោងចក្រចំនួន៤ ដែលថៅកែរត់ចោល អោយទៅបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា។ ក្នុងនោះរោងចក្រ ហ្គ្រេត អននើ ត្រូវបើកនៅសាលាខេត្តកណ្ដាល រោងចក្រ ប៊ីណូ រោងចក្រ ជុងហ្វៃ និង រោងចក្រ អ៊ីហ្វា ទៅបើកនៅក្នុងរោងចក្រនីមួយៗ។ ក្រសួងការងារតម្រូវឲ្យកម្មករនិយោជិត ក្នុងរោងចក្រនីមួយៗ ត្រូវបង្ហាញកាតសម្គាល់ខ្លួនជាកម្មករ ឬនិយោជិកនៅក្នុងរោងចក្រនោះ ឬត្រូវបង្ហាញសៀវភៅការងារ ឬប័ណ្ណបេឡាជាតិរបបសន្តិសង្គម (ប.ស.ស) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬកិច្ចសន្យាការងារ។
កម្មការិនីម្នាក់ទៀត អ្នកស្រី ខន ចាន់ណាក់ ឲ្យដឹងថា អ្នកស្រី ទទួលប្រាក់ឈ្នួលសំណង ដូចកម្មករផ្សេងទៀតដែរ ហើយប្រាក់នោះ អ្នកស្រីនឹងយកទៅសងបំណុលធនាគារមួយចំនួន ហើយមួយ ចំនួនទៀត អ្នកស្រីយកទៅដោះស្រាយ ជីវភាពរស់នៅប្រចាំថ្ងៃបន្ត៖ «និយាយរួមទៅសងគេខ្លះ អីខ្លះអ៊ីចឹងទៅ សល់ប៉ុន្មានដោះស្រាយជីវភាពប្រចាំថ្ងៃអ៊ីចឹងទៅ»។
លោក ហ៊ុន សែន កាលពីចុងខែកុម្ភៈ បានផ្តល់ប្រាក់បុរេប្រទានរបស់រដ្ឋចំនួន ៤.៦ លានដុល្លារ ដើម្បីទូទាត់ប្រាក់ឈ្នួល ដល់កម្មករដែលថៅកែរោងចក្របានរត់ចោល។ ក្រោយមក រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានរៀបចំនីតិវិធីមួយតម្រូវឲ្យថៅកែរោងចក្រ ត្រូវតម្កល់ប្រាក់នៅបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់ដោះស្រាយក្នុងករណី ថៅកែរត់ចោលកម្មករ។ លោក អ៊ិត សំហេង លើកឡើងថា វិធានការនេះ ដើម្បីបង្ការថៅកែរោងចក្រ មិនត្រូវអាងតែរបបក្រុងភ្នំពេញ ទូទាត់ប្រាក់ឈ្នួលជំនួសហើយ ថៅកែនាំគ្នារត់គេច មិនបើកប្រាក់ឈ្នួល ឲ្យកម្មករ។
លោក អ៊ិត សំហេង ប្រកាសតម្រូវឲ្យថៅកែរោងចក្រទាំងអស់ បើកប្រាក់អតីតភាពរបស់កម្មរ ៣ខែ ឬ ១ខែម្តង ដើម្បីកុំឲ្យថៅកែជំពាក់ថ្លៃឈ្នួលកម្មករច្រើនពេក។ រដ្ឋមន្ត្រីរូបនេះ ក៏ធ្លាប់ប្រកាស ឲ្យថៅកែ បើកប្រាក់ឈ្នួលឲ្យកម្មកររៀងរាល់ កន្លះខែម្តង ដើម្បីបង្ការ ថៅកែរត់ចោលរោងចក្រផងដែរ តែធ្វើមិនបាន។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ស្វាគមន៍ការផ្ដល់ប្រាក់បុរេប្រទានឲ្យកម្មករទាន់មុនពេលវេលាចូលឆ្នាំថ្មី។ ប៉ុន្តែ លោកស្នើឲ្យក្រសួងការងារបញ្ចូលភាគីសហជីពចូលទៅក្នុងក្រុមការងារផ្ដល់ប្រាក់សំណងឲ្យកម្មករ ព្រោះកម្មករជាច្រើន ត្រូវខាតប្រយោជន៍ដោយសារ ភាគីរោងចក្របានយកឯកសារកិច្ចសន្យាការងាររយៈពេលខ្លី បើកប្រាក់ឈ្នួលឲ្យកម្មករ ជាហេតុធ្វើឲ្យកម្មករបាត់បង់អត្ថប្រយោជន៍។ លោក អាត់ ធន់ បារម្ភរឿងម្យ៉ាងទៀត គឺខ្លាចមន្ត្រីក្រសួងការងារ សហការជាមួយ ភាគីថៅកែរោងចក្រ ឬចាញ់បោកថៅកែរោងចក្រ យកឯកសារកិច្ចសន្យាខ្លី ដើម្បីទូទាត់ឲ្យកម្មករ៖ «គេប្ដូរកិច្ចសន្យាឲ្យគាត់ខ្លីៗ ដូចថា ៦ខែ ៦ខែ ៦ខែ ហ្នឹងបើតាមច្បាប់ បើក្រុមហ៊ុនធ្វើការ៦ខែ ៦ខែក៏ដោយ ក៏ក្រុមហ៊ុនត្រូវគិត (អតីតភាពការងារ) បួន ឬប្រាំឆ្នាំដែរ។ ប៉ុន្តែ ជួនកាលទៅបើក្រុមហ៊ុនគេបំបាត់ឯកសារចោលអស់ គេឲ្យតែឯកសារ៦ខែទៅ អ៊ីចឹងក្រសួងគេរកឃើញ គេគិតឲ្យអាហ្នឹង អ៊ីចឹងតិចទេ។ ប៉ុន្ដែអាហ្នឹងរឿងទី១ ខ្ញុំក៏មិនប្រាកដដែរថា ខាងក្រសួងទៅរកមើលឃើញទាំងអស់ ចុះបើមានមន្ត្រីណាមួយចំនួន ក្រុមហ៊ុនសហការគ្នាមួយចំនួន វាមិនផ្ដល់ឲ្យអាតួលេខ ឲ្យកម្មករទៅ វាអាចមានចំណុចអីមិនប្រក្រតី ធ្វើម៉េចកម្មករបានទទួលលុយត្រឹមត្រូវ។ អ៊ីចឹងខ្ញុំអាចនិយាយថា ការផ្ដល់ឲ្យវាល្អហើយ ប៉ុន្តែ កម្មករខ្លះ អត់ទទួលបានត្រឹមត្រូវតាមអតីតភាពគាត់ទទួលបានទេ»។
កម្មករប្រាប់ថា មន្ត្រីនៃក្រសួងការងារប្រកាសថា ក្រៅពីកម្មកររោងចក្រទាំង៤ ក៏នៅមានកម្មករនៅរោងចក្រដទៃទៀត ដែលថៅកែរត់ចោល ក្រសួងការងារនឹងជូនដំណឹងអំពីការទាត់សំណងនៅពេលក្រោយ។
ក្រៅពីបានបើកប្រាក់ឈ្នួលសំណងដល់ក្រុមកម្មករ មន្ត្រីនៃក្រសួងការងារ លើកឡើងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បានបើកយុទ្ធនាការទទួលចុះឈ្មោះស្វែងរកការងារ សម្រាប់អ្នកមិនទាន់មានការងារធ្វើ នៅតាមទីតាំងដែលកម្មករបានទៅបើកប្រាក់ឈ្នួលសំណង។
ក្រុមកម្មករ កម្មការិនី ដែលមានជម្លោះជាមួយថៅកែរោងចក្រ រឿងមិនព្រមបើកប្រាក់ខែឲ្យតាំងខែមករា ដើមឆ្នាំ២០១៨នេះ អះអាងថា នៅពេលបុណ្យចូលឆ្នាំនេះ ពួកគេគ្មានគម្រោងទៅលេងស្រុកកំណើត ដូចកម្មករដទៃទេ ដោយសារពុំមានប្រាក់ចាយវាយដូចគេឯងដទៃទៀត។ ក្រុមសហជីព ទាមទារឲ្យថៅកែគោរពច្បាប់ការងារ បើកលុយឲ្យកម្មករមុនចូលឆ្នាំ ដើម្បីឲ្យពួកគាត់ មានឱកាសទៅជួបជុំគ្រួសារ នៅស្រុកកំណើត។
កម្មការិនី នៃរោងចក្រហ្វើស ហ្គាវ័ន្ដ អាប់ភើរ៉ែល (First GAWON Apparel) នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រាប់ថា ពិធីបុណ្យចូលឆ្នាំ នៅឆ្នាំនេះ ពួកគាត់មិនអាចទៅលេងស្រុកកំណើត ដូចកម្មករធ្វើការនៅរោងចក្រដទៃទេ ដោយសារ ថៅកែជាជនជាតិកូរ៉េ នៅតែមិនព្រមបើកប្រាក់ឈ្នួលឲ្យពួកគាត់។
កម្មការិនី ប្រាប់ថា ពួកគាត់ភាគច្រើន បាននាំគ្នាវេចចាន ឆ្នាំង មុងកន្ទេល មកចងតង់ដេកមុខរោងចក្រតម្រៀបគ្នាដើម្បីតវ៉ាទាមទារប្រាក់សំណងឲ្យបានមុនចូលឆ្នាំខ្មែរ ព្រោះ៣ខែហើយ ដែលពួកគាត់មិនទាន់ទទួលបានប្រាក់ឈ្នួល ដូច្នេះពួកគាត់ គ្មានប្រាក់បង់ថ្លៃផ្ទះ និងមានអ្នកខ្លះជំពាក់ធនាគារថែមទៀត។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ស្នើឲ្យក្រសួងការងារជួយអន្តរាគមន៍ទៅថៅកែរោងចក្រ ចំពោះការមិនព្រមបើកប្រាក់ឈ្នួលឲ្យកម្មករ បានទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំផងដែរ៕