លោក ហ៊ុន សែន អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៩ កក្កដា

ដោយ មាន ឫទ្ធិ
2018-04-10
RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី “ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ” នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen’s Facebook Page


ក្នុង​សារលិខិត​ផ្ញើ​ជូន​ជនរួមជាតិ​ខ្មែរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ លោក ហ៊ុន សែន ក្រៅពី​បាន​សរសើរ​របប​របស់​លោ​កថា បាន​ទប់ស្កាត់​ឧបាយកល​បដិវត្តន៍​ពណ៌​បាន​ដោយ​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​ចាស់ លោក ហ៊ុន សែន មិន​ភ្លេច​អំពាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃអាទិត្យ​ទី​២៩ កក្កដា ខាងមុខនេះ កុំបី​ខាន។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​មួយ​ចំនួន កំពុង​ពិចារណា​ដោយ​ប្រយ័ត្នប្រយែង ត្រៀម​ធ្វើ​ពហិការ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ចូលរួម​ការបោះឆ្នោត​នេះ។

ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ត្រៀម​នឹង​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំច សំរឹទ្ធិស័ក ដែល​នឹង​ឈាន​ចូល​មក​នា​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មេសា​នេះ អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម លោក ហ៊ុន សែន ដែល​ធ្លាប់តែ​ប្រើ​ភាសា​ហិង្សា​គំរាមកំហែង​កាប់សម្លាប់​ពូជសាសន៍​ខ្មែរ​គ្នាឯង បាន​ជូនពរ​ដល់​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​បាន​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ សិរីសួស្តី និង​ជ័យ​មង្គល​ដ៏​ឧត្ដុង្គឧត្ដម​ក្នុង​ក្រុម​គ្រួសារ និង​សង្គមជាតិ​ទាំងមូល។ តែ​អ្វី​ដែល​ខុសប្លែក​សម្រាប់​សារ​ឆ្នាំ​ថ្មី​នេះ ទំនងជា​ភ័យខ្លាច​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះឆ្នោត លោក ហ៊ុន សែន មិន​ភ្លេច​ឡើយ​លើកឡើង​នៅ​ផ្នែក​ខាងដើម​បង្អស់​នៃ​សារ​របស់​លោក​នេះ​ថា ឆ្នាំច ដែល​ជា​ឆ្នាំ​ថ្មី​នេះ គឺជា​ឆ្នាំ​ដែល​របប​របស់​លោក នឹង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា។ ម្ដង​ហើយ​ម្តងទៀត លោក​បាន​ឆ្លៀត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ដែល​មាន​សិទ្ធិ​បោះឆ្នោត ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​រួចហើយ ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យ​បាន​គ្រប់គ្នា​កុំបី​ខាន ក្នុង​អ្វីមួយ​ដែល​លោក​ថា ដើម្បី​អនុវត្ត​សិទ្ធិ​ពលរដ្ឋ ក្នុង​ឋានៈ​ជា​ម្ចាស់​ជោគវាសនា​នៃ​ប្រទេស​របស់​ខ្លួន។

ការ​អំពាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​បោះឆ្នោត​នេះ ធ្វើឡើង​ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា និង​របប​របស់​លោក បានសម្រេច​រួចជាស្រេច​ទៅ​ហើយ​ក្នុង​ការ​ធានា​ថា​ការបោះឆ្នោត​ខាងមុខនេះ គណបក្ស​របស់​លោក និង​លោក ហ៊ុន សែន ខ្លួនឯង នឹង​នៅតែ​ឈ្នះ​ការបោះឆ្នោត​នេះ ដើម្បី​រក្សា​ការ​បន្ត​កាន់អំណាច និង​ធ្វើជា​នាយករដ្ឋមន្ត្រី​តទៅទៀត។

ការធានា​ជ័យជម្នះ​ជាមុន​នេះ ធ្វើឡើង​តាមរយៈ​ការ​ផ្ដួល​ដៃគូ​ប្រកួត​ដ៏​ស្រួចស្រាល់​ឲ្យ​ហើយ​នៅមុន​ការ​បោះឆ្នោត​មក​ដល់ ដែល​នោះ​គឺ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​គាស់​រម្លើង​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស តាមរយៈ​ការ​បង្កើត​ប្រព័ន្ធ​ច្បាប់​នានា ក្រោម​លេស​ថា ដើម្បី​ប្រឆាំង​នឹង​បដិវត្ត​ពណ៌។ បដិវត្ត​ពណ៌​ដែល​លោក​បាន​លើកឡើង​នៅ​ក្នុង​សារ​នោះ​ថា គឺជា​ឧបាយកល​របស់​គណបក្ស​ប្រឆាំង​ដែល​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្ដួល​រំលំ​របប​របស់​លោក។ លោក ហ៊ុន សែន បាន​សរសើរ​ថា ក្នុង​ឆ្នាំ​ចាស់​កន្លងទៅ​នេះ របប​របស់​លោក​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ តាមរយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ធ្វើ​ឲ្យ​បដិវត្តន៍​ពណ៌​ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រមទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជាថ្មី​នេះ។

អ្នកវិភាគ​នយោបាយ និង​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី យល់ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ម្ដង​ហើយ​ម្តង​ទៀត ក្នុង​ឱកាស​ទិវា​បុណ្យ​ចូលឆ្នាំថ្មី​នេះ បើទោះបីជា​នេះ​គឺជា​កាតព្វកិច្ច​មួយ​ក្នុងនាម​ជា​ប្រមុខ​របប​ដឹកនាំ​មួយ​ក៏ដោយ តែ​ការ​អំពាវនាវ​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ព្រួយ​បារម្ភ​មួយ​របស់​របប​លោក ហ៊ុន សែន ផង​ដែរ ខ្លាច​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ក្រោយ​ពេល​ដែល​លោក បាន​រម្លាយ​គណបក្សប្រឆាំង​ដ៏​ធំជាង​គេ​រួចហើយ៖ «ព្រោះ​អី​បើ​យើង​មើល​ទិដ្ឋភាព​នៃ​ការវិវត្តន៍​នយោបាយ​មក​ដល់​ពេល​នេះ យើង​អត់​ទាន់​ដឹង​ច្បាស់​ថា តើ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជា​បី​លាន​នាក់​ហ្នឹង គេ​នឹង​ទៅ​បោះឆ្នោត​ដែរ ឬ​អត់​។ អ៊ីញ្ចឹង ខ្ញុំ​គិត​ថា នៅ​ក្នុង​ការ​គិត​ឃើញ​របស់​គណបក្ស​កាន់អំណាច គាត់​នៅតែ​ចង់បាន​នូវ​អ្វី​ដែល​ជា​ភាព​ស្របច្បាប់ ពិសេស​ការ​ចេញទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ។ អ៊ីចឹង​ការ​អំពាវនាវ​នេះ ក៏​វា​ជា​កាតព្វកិច្ច​មួយ​របស់​រដ្ឋាភិបាល។ យើង​គិត​ថា រដ្ឋាភិបាល​គាត់​មាន​មូលហេតុ​គ្រប់គ្រាន់​ក្នុង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​លោ​ពលរដ្ឋ​ហ្នឹង មិន​បាន​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា»

លោក​បណ្ឌិត មាស នី បន្ត​ថា មក​ទល់​ពេល​នេះ គេ​នៅ​មិនទាន់​ដឹង​ថា ទឹកចិត្ត​ពិតប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ​ជាង​បី​លាន​នាក់ ដែល​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នោះ នឹង​សម្រេច​ទៅ​បោះឆ្នោត​ឬ​យ៉ាងណា​នោះ​ទេ។ លោក​ថា ប្រសិនបើ​ចំនួន​អ្នក​ទៅ​បោះ អាច​មាន​តិច​ពេក នោះ​នឹង​អាច​ធ្វើ​ឲ្យ​គុណភាព​នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នោះ​ចោទ​ជា​បញ្ហា។

ក្រោយ​ការ​រម្លាយ​គណបក្សប្រឆាំង ទាំង​សហគមន៍​ជាតិ និង​ទាំង​សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស​របប​ក្រុងភ្នំពេញ មិន​ដាច់​ពី​មាត់ និង​បាន​ព្រមាន​រួចជាស្រេច​ហើយ​ថា ការបោះឆ្នោត​ខាងមុខនេះ​នឹង​ប្រែក្លាយ​ជា​គ្មាន​ន័យ ពុំ​អាច​យក​ជា​ការ​បាន និង​ពុំ​ស្របច្បាប់ និង​ជា​ការ​អាម៉ាស់ ប្រសិនបើ​របប​នេះ នៅតែ​បន្ត​ដំណើរការ​ការបោះឆ្នោត​ដោយ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ។

ដូចគ្នា​នេះ​ដែរ ថ្មីៗ​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ក្រុម​អ្នកគាំទ្រ​លោក ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ ប្រសិនបើ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​នោះ។

ការ​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​ជាតិ​ខាងមុខនេះ បាន​ក្លាយ​ជា​ប្រធានបទ​រសើប​មួយ ដោយ​របប​ក្រុងភ្នំពេញ​តែង​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ការ​អំពាវនាវ​ទាំងឡាយ​ណា​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ការបោះឆ្នោត​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ..ប កាលពី​ថ្ងៃ​ទី​០៩ មេសា បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ណា ដែល​ហ៊ាន​ចេញមុខ​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ដោយ​គ..ប ចាត់​ទុក​អំពើ​នេះ​ថា ជា​រឿង​ខុសច្បាប់ និង​ស្នើ​ឲ្យ​បញ្ឈប់​ជាបន្ទាន់។

យ៉ាងណាក៏ដោយ ច្បាប់​បោះឆ្នោត​នៅ​កម្ពុជា មិន​បាន​តម្រូវ​ថា ពលរដ្ឋ​កម្ពុជា​គ្រប់រូប ត្រូវតែ​ទៅ​បោះឆ្នោត​នោះ​ឡើយ ឬក៏​ថា ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​មិន​ទៅ​ចូលរួម ឬ​អវត្តមាន ក្នុង​ការ​បោះឆ្នោត​ជាតិ នឹង​ត្រូវ​មានទោស​ទណ្ឌ​ជាប់ពន្ធនាគារ ឬ​ពិន័យ​ជា​ប្រាក់​នោះ​ឡើយ។ មាត្រា ៣៤ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles