
ព្រឹទ្ធសភា
@សហការី
រដ្ឋសភាកម្ពុជានៅព្រឹកថ្ងៃទី០៩ ខែមេសានេះ បានបោះឆ្នោតគាំទ្រសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច២រូប ឲ្យធ្វើជាសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤។ ជាការជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយរដ្ឋសភា នៅមុនពេលព្រឹទ្ធសភានីតិកាលទី៤ បើកសម័យប្រជុំលើកដំបូងរបស់ខ្លួន នៅព្រឹកថ្ងៃទី ២៣ មេសា ក្រោមព្រះរាជាធិបតីភាពរបស់អង្គព្រះមហាក្សត្រ។
នៅក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃទី០៩ ខែមេសា អង្គសភា បានបើកការបោះឆ្នោតផ្តល់ សេចក្តីទុកចិត្ដដល់លោកស្រី ជា ច័ន្ទទេវី ដែលមានសំឡេងឆ្នោត១០៤សំឡេងគំាទ្រ មិនព្រម៩សំឡេង និងអនុប្បវេទ១សំឡេង និងលោក សួន មាន មានសំឡេងឆ្នោតគំាទ្រ ១០៤សំឡេង មិនព្រម៧សំឡេង និងអនុប្បវេទ៣សំឡេង។ នេះបើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាអ្នកនាំពាក្យ។
គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភានៅថ្ងៃទី ៣ មេសា កន្លងទៅ បានជ្រើសរើសបេក្ខជនពីររូបក្នុងចំណោមបេក្ខជន១៣រូប ដែលបានដាក់ពាក្យសុំធ្វើជាសមាជិកព្រឹទ្ធសភានីតិកាលទី៤។ ក្នុងចំណោមបេក្ខជនទាំង១៣រូបនោះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចាត់តាំងសមាជិក២រូប ដើម្បីឲ្យរដ្ឋសភាបោះឆ្នោតជ្រើសរើស។
សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៤ មានសមាជិកសរុប៦២រូប ក្នុងនោះ៥៨រូប កើតចេញពីការបោះឆ្នោតជាអសកល ២រូបចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវជ្រើសតាំងដោយសមាជិករដ្ឋសភាក្នុងសំឡេងភាគច្រើនដាច់ខាត។ ចំណែកឯសមាជិកព្រឹទ្ធសភា២រូបទៀតតែងតាំង ដោយព្រះមហាក្សត្រ ត្រូវបានគេស្គាល់ថាជាសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរណុរស្មី និងលោកស្រី អ៊ុំ សូម៉ានីន។
គិតមកទល់នឹងពេលនេះ គេបានដឹង ថា ព្រឹទ្ធសភានីតិកាលទី៤ ត្រូវបានគណបក្សប្រជាជនកម្ពុជាគ្រប់គ្រង៥៨អាសនៈ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤។ ជាការបោះឆ្នោត ដែលធ្វើឡើងក្រោមការរិះគន់ កាលពីថ្ងៃទី ២៥ កុម្ភៈ ដោយសារតែអវត្តមានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។
ក្រៅពីការបោះឆ្នោតគាំទ្រសមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៩ ខែមេសា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ លោក ហេង សំរិន ប្រធានរដ្ឋសភាក៏បានអានព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាផងដែរ។
បើតាមព្រះរាជសាររបស់ព្រះមហាក្សត្រ កម្ពុជាបានទទួលជោគជ័យក្នុងការសម្រេចបានកំណើនផលិតផល ក្នុងស្រុកតាម រយៈការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋជារៀលរាល់ឆ្នាំ៕