ពលរដ្ឋ​ដែល​ត្រូវ​សមត្ថ​កិច្ច​ខេត្ត​ក្រចេះ​បាញ់​ជួប​បញ្ហា​ជីវភាព​និង​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ

ដោយ សន ចាន់រដ្ឋា
2018-04-11
RFA

ស្ដាប់ ឬ​ទាញ​យកសំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។ Photo screenshot
សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។ Photo screenshot


ពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រាប់កាំភ្លើង​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ ៣​គ្រួសារ ក្នុង​ករណី​បង្ក្រាប​ដោយ​អំពើ​ហិង្សា​បាន ត្អូញត្អែរ​ជីវភាព​ខ្វះខាត និង​ពុំ​មាន​ប្រាក់​សម្រាប់​ព្យាបាល​ជំងឺ ហើយ​រហូត​មក​ទល់​ពេល​នេះ ពួកគេ​ធ្លាក់​ខ្លួន​ពិការ។ អ្នកភូមិ​ថា ជាង​១​ខែ​មក​ហើយ ដែល​ពលរដ្ឋ​ត្រូវ​គ្រាប់កាំភ្លើង​បាន​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា ចុះ​សួរសុខទុក្ខ និង​ផ្ដល់​ជំនួយ​មនុស្សធម៌​នៅឡើយ​ទេ។

ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ​មេមត់ រស់នៅ​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នូល ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១ មេសា​ថា អាជ្ញាធរ​ខេត្ក​ក្រចេះ មិនបាន​ទទួលខុសត្រូវ​ចំពោះ​ការ​បាញ់រះ​មក​លើ​ពលរដ្ឋ បង្ក​ឲ្យ​ពួកគាត់ ៣​នាក់ ពិការ និង​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ ដ្បិត​ប្រាក់​ដែល​ក្រុម​គ្រួសារ​គាត់​ប្រមូល​បាន​ពី​ការ​លក់​ទ្រព្យសម្បត្តិ និង​ខ្ចីបុល​គេ បាន​បង់ថ្លៃ​ព្យាបាល​អស់ហើយ។

ចំណែក​ជនសង្ស័យ​ជា​យោធា​នៃ​របប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រូវ​តុលាការ​ចោទប្រកាន់​ដើម្បី​ផ្ដន្ទាទោស​នៅឡើយ​ទេ។ ជនរងគ្រោះ​នៃ​ការ​បង្ក្រាប​ហិង្សា​បាន ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ រំឭក​ថា កាលពីដើម​ខែ​មីនា កន្លង​ទៅ ពលរដ្ឋ​ជាង ២​រយ​នាក់ បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ដុត​ផ្ទះ​ពួកគាត់ លោក​ប្រទះឃើញ​ពលរដ្ឋ ៣​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ភ្លៅ ម្នាក់ទៀត​ចំ​ចង្កេះ និង​ម្នាក់ទៀត​ចំ​ត្រគាក ត្រូវ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​រហូត​មក​ទល់​ពេល​នេះ​ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​សាច់​ញាតិ​នៅ​ស្រុកកំណើត។

លោក​ថា ស្ថានភាព​ជនរងគ្រោះ នៅ​មិនទាន់​អាច​ដើរ​បាន​នៅឡើយ​ទេ។ «»

បុរស​ដដែល​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ​នៅតែ​ដាក់​កម្លាំង​ឃ្លាំមើល និង​រឹតត្បិត​មិន​ឲ្យ​ពួកគាត់​ចូល​ទៅ​ទីតាំង​ដី​មាន​ជម្លោះ​នោះ ហើយ​ពលរដ្ឋ​ជាង ៤​រយ​គ្រួសារ បាន​ដាក់​ញត្តិ​ទៅ​ថ្នាក់​ជាតិ និងខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​មានការ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ និង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ក៏ប៉ុន្តែ​មិនទាន់​ទ​ទូល​បាន​ដំណោះស្រាយ​នៅឡើយ។

កាលពី​ថ្ងៃ​ទី៨ មីនា ពលរដ្ឋ​ជាង ២​រយ​នាក់ បាន​នាំគ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៧៦ បំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះសម្បែង និង​ផលដំណាំ តែ​ត្រូវ​អាជ្ញាធរ​ខែត្រ​ក្រចេះ ភាគច្រើន​ជា​យោធា​រាប់​រយ​នាក់ ប្រដាប់​អាវុធ​គ្រប់​ដៃ​បាន​បាញ់រះ​មក​លើ​ពលរដ្ឋ។

មេឃុំ​ពីរ​ធ្នូ លោក ប៉ឹង វិន បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ដឹង​រឿង​ទាក់ទង​នឹង​ការ​ជួយ​ជនរងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​នោះ​ទេ ព្រោះ​ពុំ​មាន​ពលរដ្ឋ​ណា​ផ្ដល់​ព័ត៌មាន។ លោក​ថា កន្លងទៅ​អាជ្ញាធរ​ស្រុក​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​ខ្វះខាត​ធ្វើ​កសិកម្ម ត្រូវ​មក​ចុះឈ្មោះ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច។ លោក​ថា កាលពី​ឆ្នាំ​២០១៦ មាន​ពលរដ្ឋ​ជិត ២​រយ​គ្រួសារ (១៧២) បាន​មក​ចុះឈ្មោះ​ដាក់ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច។ «»

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក លោក ស៊ឹង សែនករុណា យល់ថា ពលរដ្ឋ​ធ្លាក់ខ្លួន​ពិការ​ដោយសារ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច អាជ្ញាធរ​ត្រូវតែ​ទទួលខុសត្រូវ និង​ផ្ដល់​សំណង ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ។ លោក​ថា របប​ក្រុងភ្នំពេញ​មាន​កាតព្វកិច្ច​ទទួលខុសត្រូវ រាល់​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ និង​ស្វែងរក​ដំណោះស្រាយ​នានា ដែល​ពលរដ្ឋ​ទាមទារ។ «»

ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេមត់ ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​របប លោក ហ៊ុន សែន លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (.៨០០​ហិកតារ) កាលពី​ឆ្នាំ​២០១០ ឋិត​នៅ​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នូល ខេត្ត​ក្រចេះ។ ដី​នៅ​តំបន់​នោះ​ភាគច្រើន​ជា​តំបន់​ព្រៃ ផ្នែក​ខ្លះ​បាន​ឈូស​ឆាយ ហើយ​ផ្នែក​ខ្លះ​ទៀត ត្រូវ​បាន​ពលរដ្ឋ​កាប់​រាន​ធ្វើ​ចម្ការ។ ក្រុមហ៊ុន​នេះ​ជា​របស់ អ្នកស្រី សុខ លាប ក្មួយ​ស្រី​បង្កើត​របស់ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។

មន្ត្រី​សង្គម​ស៊ីវិល​អង្កេត​ឃើញ​ថា ដី​ដែល​របប លោក ហ៊ុន សែន វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ដែល​ជា​សាច់ញាតិ របស់​ក្រុម​គ្រួសារ លោក ហ៊ុន សែន នោះ គឺ​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្នូល ដែល​ត្រូវ​បាន​ការពារ​ដោយ​ព្រះរាជក្រឹត្យ ក៏ប៉ុន្តែ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រំលាយ​ដែន​ជម្រក​សត្វព្រៃ​នោះ​ចោល កាល​ពី​ពេល​ថ្មីៗ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles