ដោយ តាំង សារ៉ាដា
2018-04-11
RFA

ពលរដ្ឋដើរតម្រង់ទៅរថយន្តឈ្នួលនៅម្ដុំក្បាលថ្នល់ រាជធានីភ្នំពេញ ដើម្បីធ្វើដំណើរទៅស្រុកកំណើត នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧។ Photo: RFA
![]()
ពលរដ្ឋស្នាក់នៅរាជធានីភ្នំពេញ ដែលត្រូវទៅលេងស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រាប់ថា តម្លៃឡានឈ្នួល បានចាប់ផ្ដើមឡើងថ្លៃជាបណ្ដើរៗ ហើយ។
អង្គការសង្គមស៊ីវិល ផ្តល់អនុសាសន៍ថា របបក្រុងភ្នំពេញ ត្រូវបញ្ចេញរថយន្តក្រុងរបស់រដ្ឋបន្ថែមទៀត ហើយត្រូវគិតគូរពីការបញ្ចុះតម្លៃប្រេងសាំងផង ទើបការអំពាវនាវឲ្យឡានឈ្នួលកុំតម្លើងថ្លៃ អាចមានប្រសិទ្ធិភាព។
ពលរដ្ឋ និស្សិត កម្មករ និងមន្ត្រីរាជការខ្លះ បានចាប់ផ្ដើមធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ជាបណ្ដើរៗ ហើយ ស្របពេលដែលពួកគេអះអាងថា តម្លៃឡានឈ្នួលដឹកអ្នកដំណើរ ក៏មានការកើនឡើងជាបណ្ដើរៗ ដែរ។
អ្នកធ្វើការងារក្រុមហ៊ុនឯកជនម្នាក់ លោក រម្យ មនោ ប្រាប់ថា ការអំពាវនាវ ឬការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យឡានឈ្នួលឯកជនកុំដំឡើងថ្លៃឈ្នួលនោះ មិនមានប្រសិទ្ធភាពទេ។ លោកប្រាប់ថា ក្រៅពីតម្លើងថ្លៃ រថយន្ដឈ្នួលក៏បានបន្ថែមមនុស្សច្រើនជាងថ្ងៃធម្មតាដែរ។ ទោះដឹងថា ឡានឡើងថ្លៃ និងត្រូវជិះប្រជ្រៀតគ្នាក៏ដោយ លោក រម្យ មនោ ប្រាប់ថា គាត់គ្មានជម្រើសអ្វី ក្រៅពីជិះរថយន្ដឈ្នួលឯកជន ទៅលេងស្រុកកំណើតនៅឯខេត្តសៀមរាបនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបកម្មករ កាលពីថ្ងៃទី២៨ មីនា អំពាវនាវដូចរាល់ឆ្នាំដែរ គឺសូមកុំឲ្យម្ចាស់រថយន្តដំឡើងថ្លៃសំបុត្រ នៅរដូវចូលឆ្នាំ ដើម្បីជួយកាត់បន្ថយការចំណាយដល់អ្នកដែលទៅលេងស្រុកកំណើត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ។
ក្រៅពីការអំពាវនាវរបបក្រុងភ្នំពេញ បានបញ្ចេញរថយន្ដក្រុងសាធារណៈចំនួន ៦០គ្រឿង ដើម្បីដឹកអ្នកដំណើរដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតតាមផ្លូវជាតិមួយចំនួន។ រថយន្ដក្រុងសាធារណៈ ដែលរបបក្រុងភ្នំពេញ សន្យាដឹកជញ្ជូនពលរដ្ឋ ដោយឥតគិតថ្លៃ នឹងចេញដំណើរនៅថ្ងៃទី១២ មេសា។
រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា សម្រាប់ផ្លូវជាតិលេខ១ អ្នកដំណើរត្រូវឡើងរថយន្តនៅផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។
សម្រាប់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣ ធ្វើដំណើរទៅខេត្តតាកែវ កំពត កែប ត្រូវឡើងរថយន្ដនៅមុខទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើង ង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឡើងរថយន្តនៅចំណុចប្រសព្វ រវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ ឬផ្លូវកប់ស្រូវ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ផ្លូវជាតិលេខ៥ ត្រូវឡើងរថយន្តចំណតសួនច្បារឫស្សីកែវ ឬទីលានប្រជាធិបតេយ្យថ្មី ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
ឯផ្លូវជាតិលេខ៦ អ្នកដំណើរត្រូវឡើងរថយន្តសាធារណៈនៅម្តុំរង្វង់ព្រហ្មមុខបួនគល់ស្ពានជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ក្រុមហ៊ុន OCIC ឆ្ពោះទៅខេត្តកំពង់ធំ និងខេត្តសៀមរាប។
លោក ហ៊ុន សែន ក៏បានព្រមានដល់ម្ចាស់រថយន្ដឈ្នួលទាំងអស់ថា ប្រសិនបើវិធានការរបស់លោកបែបនេះហើយ នៅតែមានការដំឡើងថ្លៃឈ្នួលទៀត នៅឆ្នាំក្រោយ របបលោកនឹងពិចារណាបញ្ចេញរថយន្ដសាធារណៈចំនួន ២០០គ្រឿង។
សារព័ត៌មានក្នុងស្រុកបានស្រង់សំដីពលរដ្ឋថា មិនមែនតែអ្នករត់រថយន្ដឈ្នួលឯកជន (តួរីស) ទេ ដែលមានការដំឡើងថ្លៃ ក្រុមហ៊ុនដឹកអ្នកដំណើរធំៗ ដូចជាក្រុមហ៊ុន សូរិយា ឬក្រុមហ៊ុន ខេ.អេស.អូ នៅម្ដុំផ្សារដើមគ ក៏ដំឡើងថ្លៃខុសថ្ងៃធម្មតាដែរ។ អ្នករត់រថយន្ដឈ្នួលម្នាក់ប្រាប់ថា ការដំឡើងថ្លៃឈ្នួល ក៏ដោយសារតម្លៃប្រេងសាំងឡើងថ្លៃដែរ។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ ថា ដើម្បីឲ្យអ្នកដំណើរទទួលបានប្រយោជន៍ពិតប្រាកដ និងធ្វើឲ្យការអំពាវនាវរបស់អាជ្ញាធរមានប្រសិទ្ធភាព របបក្រុងភ្នំពេញ ត្រូវបញ្ចុះថ្លៃសាំង ពិនិត្យមើលការដាក់ប៉ុស្ដិ៍ស្ទាក់យកលុយរបស់ប៉ូលីស និងការដំឡើងថ្លៃចំណត ពេលបុណ្យចូលឆ្នាំ។ លោក វ៉ន ពៅ យល់ថា របបក្រុងភ្នំពេញ គួរបន្ថែមរថយន្ដសាធារណៈទៀត ទៅខេត្តឆ្ងាយៗ ដែលមិនទាន់មាន និងត្រូវស្ថាបនាផ្លូវរថភ្លើងទៅខេត្តឆ្ងាយជាដើម។ ម្យ៉ាងទៀត លោក វ៉ន ពៅ ក៏ស្នើសុំឲ្យរបបក្រុងភ្នំពេញ មានយន្ដការច្បាស់លាស់ ចំពោះតម្លៃរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ។
ក្រៅពីការដំឡើងថ្លៃធ្វើដំណើរ អាជ្ញាធរ ពលរដ្ឋ និងសង្គមស៊ីវិល ក៏បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ចរាចរណ៍ក្នុងកំឡុងមុន និងក្រោយ ពិធីបុណ្យចូលឆ្នាំខ្មែរ៕