ដោយ វ៉ែន សុមេធ
2018-04-11
RFA

សកម្មភាពពលរដ្ឋយកកុមារមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ក្បែរវត្តភ្នំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។ Photo: RFA
មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១១ មេសា នេះ។ ការបង្កើតមូលនិធិនេះ គឺដើម្បីស្វះស្វែងរកថវិកាដើម្បីជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាដែលបានជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។ អង្គការសង្គមស៊ីវិលសាទរចំពោះការបង្កើតមូលនិធិនេះ ប៉ុន្តែស្នើឱ្យមានយន្តការគ្រប់គ្រងជាក់លាក់ និងត្រូវបែងចែកឱ្យដាច់ពីគ្នារវាងសកម្មភាពមនុស្សធម៌ និងសកម្មភាពនយោបាយ។
លោក ហ៊ុន សែន ដែលជាប្រធានកត្តិយសមូលនិធិគន្ធបុប្ផា ទទួលស្គាល់ថា របបរបស់លោកមិនអាចបន្តពឹងផ្អែកលើស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) បានទៀតឡើយ ក្នុងការកៀរគរថវិកាដើម្បីធានាចិរភាពនៃមន្ទីរពេទ្យគន្ធបុប្ផា។ លោកបន្តថា នេះជាពេលវេលាសមស្របដែលកម្ពុជាត្រូវមានមូលនិធិគន្ធបុប្ផាដោយខ្លួនឯង ដើម្បីបង្ការខ្លាចក្រែងមូលនិធិគន្ធបុប្ផាប្រទេសស្វ៊ីសថយចុះថវិកា ប៉ះពាល់ដល់ដំណើរការនៃមន្ទីរពេទ្យមួយនេះ៖ «យើងប្ដេជ្ញាធ្វើអ្វីៗគ្រប់បែបយ៉ាងតាមលទ្ធភាពដែលមានដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ នេះឱ្យបន្តផ្ដល់សេវាសុខាភិបាលដោយមិនស្វែងរកប្រាក់ចំណេញ និងផ្ដល់ការថែទាំកុមារដោយមិនចាំបាច់បង់ប្រាក់ និងមិនមានការរើសអើង»។
លោក ហ៊ុន សែន ប្រកាសដាក់ថវិការដ្ឋប្រមាណ ១០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ជាធនធានបម្រុងទៅក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ហើយលោកក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមបរិច្ចាគធនធានទៅតាមលទ្ធភាព ដើម្បីធានាបាននូវសុខុមាលភាពសម្រាប់ស្ត្រី និងកុមារកម្ពុជា។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការបង្កើតមូលនិធិជាតិដើម្បីធានានិរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផា គឺជារឿងមួយដ៏ប្រសើរសម្រាប់វិស័យសុខាភិបាល ព្រោះមន្ទីរពេទ្យមួយនេះទទួលបានការជឿជាក់ ពីប្រជាពលរដ្ឋខ្មែរទូទៅចំពោះការផ្ដល់សេវាព្យាបាលជំងឺដល់កូនចៅរបស់ពួកគាត់។ លោកបន្តថា ដើម្បីធានាបាននូវតម្លាភាព និងគណនេយ្យភាពក្នុងដំណើរការការងារ មូលនិធិនេះគួរតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។ លើសពីនេះ លោកស្នើដល់ថ្នាក់ដឹកនាំនៃមូលនិធិនេះ អនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយមិនត្រូវយកមូលនិធិនេះទៅកេងចំណេញផលប្រយោជន៍នយោបាយឡើយ៖ «ទុករឿងនយោបាយដោយឡែក ហើយយើងគិតថា ជាប្រជាជាតិមួយដែលចង់បានសុខុមាលភាពល្អ ការរីកចម្រើនលូតលាស់នៃវិស័យសុខាភិបាលដល់កុមារ ខ្ញុំថាយើងគួរតែនាំគ្នាចូលរួមជាមួយនឹងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីឱ្យមូលនិធិនេះមាននិរន្តរភាព និងដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យនេះឱ្យកាន់តែរីកចម្រើនទៅមុខ។ ហើយខ្ញុំយល់ថា ប្រសិនបើពីរបីឆ្នាំខាងមុខ មានគំរូពេទ្យគន្ធបុប្ផារីកជាសាខាបន្ថែមទៀត ខ្ញុំគិតថា វាជារឿងមួយល្អប្រសើរ»។
ចំណែក អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក សឹង សែនករុណា វិញ ថ្លែងថា ក្រៅតែពីបង្កើតមូលនិធិគន្ធបុប្ផានេះ អ្វីដែលរដ្ឋត្រូវយកចិត្តទុកដាក់បន្ថែមទៀតនោះ គឺការពង្រឹងគុណភាពវិស័យសុខាភិបាលនៅទូទាំងប្រទេស មិនអាចពឹងផ្អែកតែទៅលើមន្ទីរពេទ្យគន្ធបុប្ផាឡើយ ព្រោះពលរដ្ឋជាច្រើនរស់នៅតាមទីជនបទខ្វះលទ្ធភាព និងមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីទទួលបានសេវាព្យាបាលមានគុណភាពល្អ និងឥតបង់ថ្លៃបែបនេះ៖ «យើងដឹងហើយថា ជំងឺមួយចំនួនពេលខ្លះជាលក្ខណៈសង្គ្រោះបន្ទាន់ ទម្រាំតែមកដល់ផ្លូវឆ្ងាយក៏មានការបាត់បង់ជីវិតកុមារជាច្រើន ដោយសារហេតុផលនៃការស្វែងរកគ្រូពេទ្យសង្គ្រោះផ្នែកកុមារនេះ មកដល់ភ្នំពេញ ដូច្នេះយើងគិតថា គួរតែពង្រឹងគុណភាព និងសេវាកម្មនេះឱ្យបានគ្រប់មន្ទីរពេទ្យទាំងអស់វិញទៅ ដើម្បីកុំឱ្យពលរដ្ឋគ្រប់រូបចេះតែនាំគ្នាទៅរកតែមន្ទីរពេទ្យគន្ធបុប្ផា»។
មន្ទីរពេទ្យគន្ធបុប្ផាបានបើកដំណើរការ និងផ្ដល់សេវាព្យាបាលជំងឺដល់ស្ត្រីមានផ្ទៃពោះ និងកុមារដោយឥតគិតថ្លៃ អស់រយៈពេលជាង ២៥ឆ្នាំហើយ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧ មន្ទីរពេទ្យមនុស្សធម៌មួយនេះបានជួយព្យាបាលជំងឺជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជា សរុបជិត ១៧លានករណី (១៦.៨២២.២២៥) ដោយអ្នកជំងឺភាគច្រើនស្ថិតក្នុងគ្រួសារមានជីវភាពទីទ័លក្រ។ នៅក្នុងដំណើរការនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាសរុបជាង ៦ រយ (៦៣២) លានដុល្លារអាមេរិក ដើម្បីទិញថ្នាំសម្រាប់ព្យាបាលជំងឺ ចំណាយទៅលើប្រាក់បៀវត្សរ៍បុគ្គលិក និងចំណាយផ្សេងៗទៀត៕