Thu, 12 April 2018
បែន សុខហ៊ាន and Andrew Nachemson
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានបញ្ចេញភ័ស្តុតាងជាឯកសារ និងខ្សែអាត់សន្ទនារបស់សមាជិកចលនារំដោះជាតិខ្មែរដែលដឹកនាំដោយ លោក សម សេរី ដែលមានគម្រោងដាក់គ្រាប់បែកបំផ្ទុះចំនួន ២ កន្លែងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប និងបានភ្ជាប់លោក សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិទៅនឹងចលនាដែលរដ្ឋាភិបាលចាត់ទុកជា «អង្គការភេរវកម្ម» នេះ ប៉ុន្តែលោក សម រង្ស៊ី និងប្រធានចលនានេះបានច្រានចោល។
យោងតាមឯកសារដែលផ្តល់ឲ្យដោយក្រសួងមហាផ្ទៃ កាលពីម្សិលមិញ សរសេរថាលោក សម សេរី បានចូលរួមក្នុងសកម្មភាពជាមួយរណសិរ្សរួបរួមជាតិខ្មែរ ឬ ចលនាខ្លារំដោះដែលដឹកនាំដោយលោក សោម ឯក ចន្លោះពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៩ ដែលមេដឹកនាំរណសិរ្សនេះព្រមទាំងសមាជិកផ្សេងទៀតត្រូវបានរដ្ឋាភិបាលចាប់ខ្លួនពាក់ព័ន្ធការដាក់គ្រឿងផ្ទុះនៅស្ដូបមិត្តភាព កម្ពុជា-វៀតណាមកាលពីឆ្នាំ ២០០៧ និង មុខសួនច្បារក្រសួងការពារជាតិ និងអតីតស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ កាលពីឆ្នាំ ២០០៩។
លោក សម សេរី ដែលបានប្រកាសបង្កើត «រណសិរ្សរំដោះជាតិខ្មែរ» កាលពីឆ្នាំ ២០១២ បានបន្តសកម្មភាព «ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាដោយយកប្រទេសថៃធ្វើជាមូលដ្ឋានដឹកនាំបញ្ជា»។
ក្រសួងមហាផ្ទៃអះអាងថារណ្សសិរ្សរំដោះជាតិខ្មែរមានកម្លាំងនៅកម្ពុជាចំនួន ៤៦២ នាក់ ហើយនៅថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៦ លោក សម សេរី បានបង្កើត «រដ្ឋាភិបាលជាតិខ្មែរនិរទេស» ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាកជាមួយសមាជិករដ្ឋាភិបាលស្រមោលចំនួន ៥៦ នាក់។
ដោយបង្ហាញទំនាក់ទំនងជាច្រើនរបស់លោក សម សេរី ជាមួយចលនាផ្សេងៗរួមទាំងចលនាអំណាចពលរដ្ឋខ្មែររបស់លោក សួន សេរីរដ្ឋា ដែលកំពុងជាប់ពន្ធនាគារ រណសិរ្សខ្មែរកម្ពុជាក្រោមជាពិសេសជាមួយលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាដើម។
ក្រសួងមហាផ្ទៃអះអាងថាលោក សម រង្ស៊ី និងលោក សម សេរី បានជួបគ្នាចំនួន ២ ដងគឺនៅឆ្នាំ ២០១៥ ក្នុងប្រទេសបារាំង និងឆ្នាំ ២០១៨ ក្នុងប្រទេសស្វ៊ីស។ របាយការណ៍សរសេរថា៖ «ថ្ងៃទី ១២ កុម្ភៈឆ្នាំ ២០១៨ សម សេរី ជួបជាមួយ សម រង្ស៊ី នៅប្រទេសស្វ៊ីសដោយក្នុងនោះ សម រង្ស៊ី ស្នើឲ្យ សម សេរី រៀបចំកម្លាំងទ័ព ដើម្បីយកឈ្នះលើគណបក្សប្រជាជនកម្ពុជាដោយមានប្រទេសចំនួន ២ គាំទ្រពីក្រោយព្រមទាំងផ្តល់បច្ចេកទេសហ្វឹកហ្វឺន និងហិរញ្ញវត្ថុ»។
កាលពីយប់ថ្ងៃអង្គារ គេហទំព័រព័ត៌មាន Fresh New អះអាងថា «សមត្ថកិច្ចជំនាញជាន់ខ្ពស់» បានបញ្ចេញនូវខ្សែអាត់សំឡេងសន្ទនាចំនួន ២ ដាច់ដោយឡែកពីគ្នាដែលធ្វើឡើងកាលពីថ្ងៃទី ៧ និងទី ៩ ខែមេសាអំពីគម្រោងរៀបចំការបំផ្ទុះគ្រាប់បែកនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៨ នៅរមណីយដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថាអាជ្ញាធរបានក្ដាប់បានពីសកម្មភាពរបស់ក្រុមដែលមានបំណងបង្កការបំផ្ទុះនេះ។
លោកថ្លែងថា៖ «និយាយរួមយើងក្ដាប់បានអស់ហើយ។ យើងមានអត្តសញ្ញាណអស់ហើយ។ យើងដឹងពីសកម្មភាព»។
លោកបន្ថែមថាអាជ្ញាធរនឹង «ឃ្លាំមើលចំពោះសកម្មភាព» របស់ព្រះសង្ឃ ១ អង្គ ព្រះនាម យិន រតនសុធាវី ដែលគេស្គាល់ថា ជាអនុប្រធានអង្គការ ខ្ញុំខ្មែរដែលធ្វើសកម្មភាពសាងសង់ផ្ទះឲ្យពលរដ្ឋខ្មែរនៅតាមព្រំដែនកម្ពុជា វៀតណាមថាជាអ្នកគាំទ្រ និងទទួលការបណ្ដុះបណ្ដាលដោយពួកលោក សម សេរី។ ព្រះសង្ឃអង្គនេះត្រូវបានស្ត្រីម្នាក់នៅក្នុងខ្សែអាត់សំឡេងសន្ទនាដែលត្រូវបានថតទុកនិយាយថា មានជាប់ពាក់ព័ន្ធនឹងរណសិរ្សរំដោះជាតិខ្មែរ។
ទោះជាយ៉ាងណាលោក សុភ័គ ថា សុវត្ថិភាពសម្រាប់ពិធីបុណ្យចូលឆ្នាំនឹងត្រូវបានធានា ១០០ ភាគរយដោយនឹងមិនមានអំពើភេរវកម្មណាមួយអាចនឹងត្រូវរៀបចំបានទេ។
នៅពេលទំនាក់ទំនងកាលពីម្សិលមិញ ព្រះតេជគុណ យិន រតនសុធាវី បានបដិសេធថាព្រះអង្គមិនមានទំនាក់ទំនងអ្វីជាមួយលោក សម សេរី ឬធ្វើសកម្មភាពអ្វីដែលខុសច្បាប់នោះទេ។ «អាត្មាមិនដែលមានទំនាក់ទំនងអ្វីជាមួយលោក សម សេរី ឬជាសមាជិកនៃចលនានោះទេ»។ ព្រះអង្គបានចាត់ទុកការចោទប្រកាន់ និងការភ្ជាប់ព្រះអង្គទៅនឹងរណសិរ្សរបស់លោក សម សេរី ឬក្រុមភេរវករណាមួយថាជា «រឿងនយោបាយ» ដើម្បីបំបាក់ស្មារតីព្រះអង្គ។
លោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរកាលពីម្សិលមិញបានរក្សាជំហរក្នុងការបដិសេធនូវការរៀបចំគម្រោងណាមួយក្នុងការបំផ្ទុះគ្រាប់បែក និងអះអាងថាខ្សែអាត់សន្ទនាតាមទូរស័ព្ទត្រូវបានគេរៀបចំធ្វើ។
លោកបានថ្លែងថា៖ «លោកអាចឮនៅក្នុងខ្សែអាត់សំឡេងគឺមិនមានសំឡេងរបស់ខ្ញុំទេ…ឯណាទៅសំឡេង ប្រសិនបើខ្ញុំជាអ្នកបញ្ជា?»។
លោកបន្ថែមថា៖ «ខ្ញុំស្រឡាញ់សន្តិភាព ខ្ញុំមិនត្រឹមតែចង់ឲ្យកម្ពុជាមានសន្តិភាពប៉ុណ្ណោះទេ តែពិភពលោកទាំងមូលផងដែរ»។
ទោះបីជាលោកបានបដិសេធថា មិនមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកស្រី ហ៊ុយ ធូ នៅក្នុងខ្សែអត់សំឡេងសន្ទនា និងព្រះតេជគុណ រតនសុធាវី ក៏ដោយ ប៉ុន្តែលោកចាត់ទុកថាពួកគេជា «អ្នកគាំទ្រធម្មតា» ប៉ុណ្ណោះ។
ចំណែកលោក សម រង្ស៊ី វិញបានបដិសេធចំពោះការជួបប្រជុំជាមួយលោក សម សេរី ឬមានទំនាក់ទំនងជាមួយរណសិរ្សរំដោះជាតិខ្មែរ បើទោះបីក្រសួងមហាផ្ទៃបង្ហាញរូបថតចំនួន ២ សន្លឹកអំពីការជួបប្រជុំនោះក្ដី។
លោកថ្លែងតាមរយៈសារអេឡិចត្រូនិកថា៖ «លោក ហ៊ុន សែន ត្រូវការប្រឌិតអ្វីមួយ ដើម្បីបន្តទាត់ចោលគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងខ្ញុំពីដំណើរការបោះឆ្នោត។ ខ្ញុំមិនត្រូវការ ហើយក៏មិនដែលនឹងតស៊ូមតិ ដោយប្រើអំពើហិង្សាណាមួយ ដើម្បីនាំមកនូវការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជានោះទេ»៕
Contact authors: បែន សុខហ៊ាន and Andrew Nachemson
