ដោយ ម៉ៅ សុធានី
2018-04-12
RFA

អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែងក្នុងសន្និសីទបង្ហាញគ្រឿងញៀន នាមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ នៅកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។ RFA
អង្គការសង្គមស៊ីវិល មើលឃើញថា យុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន នៃរបបលោក ហ៊ុន សែន មិនសូវមានប្រសិទ្ធភាពនោះទេ ព្រោះការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅតែរីករាលដាលគ្រប់ច្រកល្ហក។ របាយការណ៍អាជ្ញាធរបង្ហាញថា ក្នុង រយៈពេល ៤ខែ ដើមឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ២ពាន់ករណី។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថាការ ចាប់បានអ្នកចែកចាយ និងសេពគ្រឿងញៀនកំប៉ិកកំប៉ុកមិនមានប្រសិទ្ធភាពដើម្បីការបង្ការគ្រឿងញៀននោះទេ។ លោកបន្ថែមថា ដើម្បីបោសសំអាតគ្រឿងញៀនមានប្រសិទ្ធភាពនោះ គឺអាជ្ញាធរ ត្រូវពង្រឹងការអនុវត្តច្បាប់ ហើយត្រូវរកមធ្យោបាយទប់ស្កាត់ការនាំចូលគ្រឿងញៀនតាមច្រកព្រំដែន និងស្វែងរកចាប់ខ្លួនមេខ្លោង នៅពីក្រោយការរកស៊ីគ្រឿងញៀនធំៗឲ្យបានច្រើន ជាជាងចាប់តែអ្នកប្រើប្រាស់កំប៉ិកកំប៉ុកស្ទើរតែរកពន្ធនាគារដាក់គ្មាន៖ «គួរតែមានវិធានការទៅលើឫសគល់នៃគ្រឿងញៀន ជាជាងការបង្ក្រាបរបេះរបោះនេះមួយនោះមួយ ហើយយកបញ្ហាដែលបង្ក្រាបនោះមកដាក់ជារបាយការណ៍ដែលមើលទៅវាមានចំនួនច្រើន និងអោយល្អមើល ប៉ុន្តែឫសគល់នៃបញ្ហាគ្រឿងញៀននេះ វានៅតែជាបញ្ហា និងឧបសគ្គចម្បងដដែលដោយសារតែការកម្ចាត់នៃឫសគល់គ្រឿងញៀន មិនសូវមានប្រសិទ្ធភាព។ ការបង្ក្រាបទៅលើមុខសញ្ញាធំៗ វាគឺជាជម្រើសអាទិភាពមួយដែលត្រូវធ្វើ»។
នៅព្រឹកថ្ងៃទី១២ ខែមេសា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក អ៊ិន សុង បានថ្លែងនៅក្នុងសន្និសីទកាសែតថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨នេះ កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានជាង ២ពាន់ (២.១៦៦) ករណី ហើយឃាត់ខ្លួនមនុស្សជាង ៣ពាន់ (៣.៤០៤) នាក់ ក្នុងនោះមានជនបរទេស៧១នាក់។ សមត្ថកិច្ច បានដកហូតគ្រឿងញៀនគ្រប់ប្រភេទជាង ៦៤គីឡូ កញ្ឆាជាង ២២គីឡូ និងដើមកញ្ឆាជាង ១២ម៉ឺនដើម។
លោក សន ជ័យ មើលឃើញថា ការបង្ក្រាបបទល្មើសគ្រឿងញៀនសព្វថ្ងៃនេះ គឺមានភាពមិនប្រក្រតីជាច្រើនកើតឡើងនៅក្នុងរង្វង់ក្រុមសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនដែរ ដូចជាចាប់បានតែអ្នកប្រើប្រាស់គ្រឿងញៀនតូចតាច ហើយទាញយកប្រយោជន៍ក្រុមគ្រួសារពួកគេបន្ថែមទៀត។ ករណីនេះ ខ្លះទៀត គឺពលរដ្ឋ ក៏រិះគន់ដែរថា មានអាជ្ញាធរមូលដ្ឋានខ្លះ មិនត្រឹមតែមិនហ៊ានចូលរួមទប់ស្កាត់ទេ តែថែមទាំងជួយសម្រួលជំនួញនេះដោយផ្ទាល់ ឬមិនផ្ទាល់ទៀតផង៖ «ខ្ញុំឃើញអ្នកប្រើប្រាស់គ្រឿងញៀនភាគច្រើន ហើយកន្លែងប្រើប្រាស់នេះ គឺដូចជាមានទំនាក់ទំនងណាមួយពិសេសជាមួយនឹងអាជ្ញាធរដែរ»។
កាលពីឆ្នាំពី២០១៦ និងឆ្នាំ២០១៧ ការចរាចរណ៍ និងជួញដូរគ្រឿងញៀនមិនមានការថយចុះទេ។ ជាក់ស្ដែងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនថា ឆ្នាំ២០១៧ សមត្ថកិច្ចបង្ក្រាបបានជាង ៨ពាន់ (៨.១៧៣) ករណី ហើយចាប់ជនសង្ស័យបានជាង១ពាន់ (១.៧៩៥) នាក់ និងរឹបអូសគ្រឿងញៀនចំនួនជាង ២៩៦គីឡូក្រាម។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនត្រង់មាត្រា ៤៥ ចែងថា ជនណាដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតាមគ្រប់រូបភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែន ដល់ ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១ ទៅ ២លានរៀល។
ចំពោះការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជនល្មើសនឹងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ និងអាចត្រូវពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។ បើសិនជាបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ អ្នកប្រព្រឹត្តអាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់ ២០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ដល់ ៤០លានរៀល អាស្រ័យទៅតាមស្ថានទម្ងន់ ទោស៕