Thu, 12 April 2018
សូ វិសាល
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ បានផ្ញើសារលិខិតមួយច្បាប់ ចេញពីពន្ធនាគារ ត្រពាំងផ្លុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ដោយលោកបានចាត់ទុកឆ្នាំចាស់ ដែលជិតកន្លងផុតទៅ ថា ជាឆ្នាំដែលមានភាពតានតឹង ក្នុងឆាកនយោបាយខ្មែរ ដោយសារតែមានការធ្លាក់ចុះយ៉ាងខ្លាំងនូវ «គុណធម៌» ដែលជាហេតុបង្កឲ្យមានការឈឺចាប់ ទាំងប្រជាពលរដ្ឋនិងអ្នកនយោបាយ។
នៅក្នុងសារលិខិត ចំនួនពីរទំព័រ ដែលមានប្រើស្លាកសញ្ញាអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ចុះថ្ងៃទី ១២ ខែមេសា ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គម នៅក្នុងថ្ងៃដដែលនេះ លោក កឹម សុខា បានសរសេរថា ដោយក្តីនឹករលឹកបំផុត «ខ្ញុំព្រះករុណា ខ្ញុំបាទ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ» សង្ឃឹមថា សារលិខិតមួយនេះ អាចជំនួសបាននូវការជូនពរដោយផ្ទាល់ ទៅដល់ពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស។
លោកបន្តថា នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំចាស់ ឆ្នាំរការ នឹងត្រូវបញ្ចប់ ហើយឆ្នាំថ្មី ឆ្នាំចរ នឹងចូលមកជំនួស។ «ឆ្នាំចាស់បានកន្លងផុតទៅ ដោយភាពតានតឹង ក្នុងឆាកនយោបាយខ្មែរ។ ខ្ញុំព្រះករុណាខ្ញុំ បានសង្កេតឃើញថា នៅក្នុងឆ្នាំចាស់នេះ មានការធ្លាក់ចុះយ៉ាងខ្លាំងនូវ «គុណធម៌» ដែលជាហេតុបង្កឲ្យខ្មែរមានការឈឺចាប់ ទាំងប្រជាពលរដ្ឋនិងអ្នកនយោបាយ។ ការឈឺចាប់នេះហើយ បានធ្វើឲ្យខ្វះការជឿទុកចិត្តគ្នា ដែលនាំឲ្យមានការបែកបាក់ជាតិ ដោយសារតែគ្មានការអត់ឱននិងការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក»។
សារលិខិតដដែលបន្តថា៖«ខ្ញុំយល់ថា ខ្មែរគួរនាំគ្នាបែរមកលើកកម្ពស់គុណធម៌ និងការគោរពសិទ្ធិមនុស្សវិញ ទើបអាចកាត់បន្ថយនូវសេចក្តីទុក្ខ និងវិនាសកម្មបាន។ ការមិនទទួលស្គាល់ ឬមិនយល់ការពិត ដោយយកមិត្តធ្វើជាសត្រូវ យកសត្រូវធ្វើជាមិត្ត ឬយកខ្មែរគ្នាឯងធ្វើជាសត្រូវ គឺជាអវិជ្ជា ដែលនាំឲ្យកម្ពុជាមានទុក្ខជាដរាបរៀងមក»។
លិខិតបានសរសេរទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមផ្តល់នូវមេត្តាធម៌ ឲ្យគ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវគុណធម៌ក្នុងសង្គមខ្មែរ។
ជាមួយគ្នានេះ លោកកឹម សុខា ក៏បានអំពាវនាវដល់អ្នកនយោបាយខ្មែរ «ជាពិសេស អ្នកដឹកនាំប្រទេសខ្មែរ សូមដោះស្រាយបញ្ហាដោយអហិង្សា និងកុំយកខ្មែរគ្នាឯងជាសត្រូវ។ … សេចក្តីសុខ និង សន្តិភាពពិតប្រាកដ អាចកើតមានឡើង លុះត្រាតែខ្មែរម្ចាស់ស្រុកទាំងអស់គ្នា អាចរស់នៅបានដោយមានយុត្តិធម៌ និងគ្មានការភ័យខ្លាច…»។
លោក កឹម សុខា នៅពេលនេះ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែន កម្ពុជា-វៀតណាម ចាប់តាំងពីលោក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០១៧ ក្រោមការចោទប្រកាន់ពីបទ«ក្បត់ជាតិ»។
