ដោយ ហេង សកល
2018-04-11
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី។ Photo: RFA
ក្រុមមេដឹកនាំនយោបាយខ្មែរ បានបញ្ចេញសារជូនពរឆ្នាំថ្មីជូនពលរដ្ឋខ្មែរមានខ្លឹមសារផ្ទុយគ្នា ស្របពេលដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ត្រៀមនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទទួលទេវតាឆ្នាំថ្មី ឆ្នាំច ដែលនឹងឈានចូលមកនាថ្ងៃសៅរ៍ ទី១៤ ខែមេសានេះ ។
ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរសារជូនពរពលរដ្ឋខ្មែរនៅលើទំព័រគណនេយ្យហ្វេសប៊ុករបស់លោកថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះ សម្រាប់រូបលោក និងអ្នកតស៊ូទាំងអស់ ក្នុងជួរគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ នឹងខិតខំទាំងអស់គ្នា ធ្វើយ៉ាងណាឲ្យប្រជារាស្ត្រខ្មែរ ចាប់ផ្តើមបានឃើញនូវពន្លឺប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ យ៉ាងពិតប្រាកដ។ ជាពិសេស លោកសូមឲ្យដំណើរការបោះឆ្នោតក្លែងក្លាយសព្វថ្ងៃ ក្លាយទៅជាដំណើរការបោះឆ្នោតត្រឹមត្រូវវិញ ក្នុងពេលមួយសមស្រប ដើម្បីឲ្យប្រជារាស្ត្រខ្មែរ មានឱកាសបង្ហាញឆន្ទៈរបស់ពួកគេ បានយ៉ាងពិតប្រាកដ ដែលអ្នកនយោបាយទាំងអស់ ត្រូវតែគោរពដាច់ខាត។
ដោយឡែក អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម លោក ហ៊ុន សែន ដែលធ្លាប់តែប្រើភាសាហិង្សាគំរាមកំហែងកាប់សម្លាប់ពូជសាសន៍ខ្មែរគ្នាឯង មិនភ្លេចឡើយបង្កប់អត្ថន័យនយោបាយនៅក្នុងសារជូនពរឆ្នាំថ្មីរបស់លោក។ ទំនងជាភ័យខ្លាចពលរដ្ឋខ្មែរធ្វើពហិការមិនទៅចូលរួមបោះឆ្នោត លោក ហ៊ុន សែន លើកឡើងនៅផ្នែកខាងដើមបង្អស់នៃសារជូនពររបស់លោកថា ឆ្នាំច ដែលជាឆ្នាំថ្មីនេះ គឺជាឆ្នាំ ដែលរបបរបស់លោក នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា។ លោកបានឆ្លៀតឱកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ឲ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់គ្នាកុំបីខាន ដើម្បីអនុវត្តន៍សិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់ជោគវាសនានៃប្រទេសរបស់ខ្លួន។ លោក ហ៊ុន សែន ក៏បានលើកឡើងនៅក្នុងសារនោះដែរថា របបរបស់លោកបានទប់ស្កាត់ដោយជោគជ័យ តាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ធ្វើឲ្យបដិវត្តពណ៌ត្រូវបានបរាជ័យយ៉ាងធ្ងន់ធ្ងរព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយជាថ្មីនេះ។
អ្នកវិភាគនយោបាយនយោបាយ លោកបណ្ឌិត មាស នី លើកឡើងថា ការណ៍ដែលលោក ហ៊ុន សែន ឆ្លៀតយកឱកាសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្ញើសារជូនពរដល់ជនរួមជាតិ ដោយមិនភ្លេចអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ថ្ងៃទី២៩ កក្កដាខាងមុខ គឺដោយសារតែរបបលោក ហ៊ុន សែន ព្រួយបារម្ភខ្លាចក្រែងពលរដ្ឋមិនចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕