Fri, 13 April 2018
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
កំពង់ធំៈ ប្រជាពលរដ្ឋប្រមាណជា ៦០ គ្រួសារកំពុងទន្ទ្រានកាន់កាប់ហើយមានអ្នកខ្លះទន្ទ្រានកាន់កាប់ដីលក់ ដែលសរុបប្រមាណជា ៣០០ ហិកតានៃព្រៃសហគមន៍ឃ្មុំស្រករថ្លុកឫស្សីនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរ។
សហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឫស្សីទំហំ ៦៧៥,០៩ ហិកតាស្ថិតក្នុងភូមិត្រពាំងថ្ម និងភូមិល្វៃដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៩ និងចុះបញ្ជីស្របច្បាប់នៅក្រសួងកសិកម្មកាលពីឆ្នាំ ២០០៨ បាននិងកំពុងតែត្រូវទន្ទ្រានរំលោភយកជាបន្តបន្ទាប់ពីសំណាក់ពលរដ្ឋ ដើម្បីយកទៅលក់ឲ្យឈ្មួញចាប់តាំងពីអំឡុងឆ្នាំ ២០០៩ មក។ នេះបើយោងតាមការអះអាងរបស់សមាជិក និងគណៈកម្មការសហគមន៍ជាច្រើនរូប។
លោក ផន ភាន គណកម្មការសហគមន៍បានអះអាងថាកាលពីដំបូងឡើយមានពលរដ្ឋតែ ៦ គ្រួសារប៉ុណ្ណោះចុះទៅចាប់យកដីនោះ និងរហូតដល់សព្វថ្ងៃនេះចំនួនអ្នកភូមិចូលទន្ទ្រានយកបានកើនឡើងដល់ប្រមាណជា ៦០ គ្រួសារ ដែលភាគច្រើនមកពីភូមិស្គន់ (ឬហៅថាអូររំដេង)។
លោក ភាន និយាយថាក្រោយពីការចូលចាប់ទន្ទ្រានយកដីព្រៃសហគមន៍ហើយ អ្នកខ្លះបានលក់ឲ្យឈ្មួញដីក្នុងតម្លៃ ៨០០ ដុល្លារក្នុង ១ ហិកតា បើទោះបីជាសហគមន៍បានចុះទៅទប់ស្កាត់ជាច្រើនដង និងសហគមន៍បានដាក់ពាក្យប្តឹងទៅអាជ្ញាធរ រដ្ឋបាលព្រៃឈើ និងអង្គការអាដហុកជាដើម។
លោក យ៉ាន់ យឿន សមាជិកសហគមន៍ម្នាក់ផ្សេងទៀតក៏បានអះអាងផងដែរថា ក្រៅពីការស៊ីញ៉េលក់អាជ្ញាធរភូមិ-ឃុំក៏ហ៊ានសម្រេចចែកដីព្រៃសហគមន៍ឲ្យពលរដ្ឋក្នុងភូមិផងដែរដោយគ្មានការឯកភាពពីសហគមន៍។
លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានអះអាងថាដីត្រូវបានចុះបញ្ជីមានសេចក្តីសម្រេចបានទទួលស្គាល់ដោយរដ្ឋាភិបាលថាជាដីសហគមន៍ហើយមិនអាចធ្វើការបែងចែកគ្នាបានទេ។
លោក អ៊ុច វណ្ណារី មេឃុំត្រពាំងឫស្សីបានបដិសេធការចោទប្រកាន់នេះ។ តែនៅតំបន់ក្បែរព្រៃសហគមន៍នោះមានការលក់ទិញដីមែន ព្រោះម្ចាស់ដីត្រូវការប្រាក់ ហើយពួកគេក៏បានកាន់កាប់តាំងពីឆ្នាំ ១៩៩២ មក។
លោកអះអាងថា៖ «ដីព្រៃសហគមន៍ហ្នឹងអត់មានប៉ះពាល់ទេ»៕
