ដោយ មាន ឫទ្ធិ
2018-06-04
RFA

នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា សំពះសម្ដេចព្រះស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាងព្រះមហាក្សត្ស ដែលយាងចូលរួមក្នុងពិធីរំឭកខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ RFA
![]()
ពលរដ្ឋខ្មែរមានដើមកំណើតនៅទឹកដីខ្មែរក្រោម នៅថ្ងៃទី០៤ មិថុនានេះ បាននាំគ្នាប្រារព្ធទិវារំលឹកវិញ្ញាណក្ខន្ធ និងខួប៦៩ឆ្នាំ នៃថ្ងៃអាណានិគមបារាំងកាត់ដីខ្មែរក្រោម ទៅឲ្យអាណានិគមវៀតណាមគ្រប់គ្រង។ ព្រះរាជតំណាងព្រះមហាក្សត្រ អានព្រះរាជសារ ថា ព្រះបាទនរោត្តម សីហមុនី អរគុណចំពោះអ្នកដែលបានចូលរួមពិធីរាប់បាត្រព្រះសង្ឃ ក្នុងកម្មវិធីរំលឹកខួបបាត់បង់ទឹកដីនេះ។ «»
ដូចរាល់ឆ្នាំដែរ កម្មវិធីរំលឹកខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម មិនត្រូវបានរបបក្រុងភ្នំពេញជួយជ្រោមជ្រែងឲ្យប្រារព្ធនៅទីតាំងតូចមួយ ក្នុងរាជធានីភ្នំពេញ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា និងជាព្រះរាជលេខាផ្ទាល់ អតីតព្រះមហាក្សត្រនរោត្តម សីហនុ គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានបន្ដអំពាវនាវឲ្យខ្មែរក្រោមសាមគ្គីគ្នា។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានយាងទៅបើកកម្មវិធីរំលឹកខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ជំនួស លោក សឺន ស៊ូប៊ែរិ៍ ដែលជាចៅទួតរបស់វីរបុរសខ្មែរក្រោម គឺ លោកឧកញ៉ា សឺន គុយ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ប្រកាសថា បើទោះជាច្រើនឆ្នាំមកនេះ ខ្មែរក្រោមតែងរងទុក្ខវេទនា ការឈឺចាប់ ដោយសារបាត់បង់ទឹកដីរបស់ខ្មែរក្រោម ទៅអាណានិគមវៀតណាមគ្រប់គ្រង ប៉ុន្តែការរៀបចំកម្មវិធីជួបជុំរំលឹកខួបនេះ គឺដើម្បីចង់ឲ្យខ្មែរទាំងអស់រួបរួមគ្នា៖ «បើសិនជាអតីតកាលការបាត់បង់ទឹក ដីកម្ពុជាក្រោមទៅវៀតណាម ជាអវសានយើងនៅតែសោកស្ដាយគ្រប់ពេលវេលា ពីព្រោះ អីកាល ដើមយើងមាន អតីតចៅទួតរបស់លោកឧកញ៉ា ស៊ឺន គុយ មហាវរបុរសខ្មែរយើង គឺលោក ស៊ឺន សុប៊ែរ៏ ដែលជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ជាអ្នកអញ្ចឹងហើយយើងរួបរួមគ្នាចូលរួម អបអរសារទរចូលរួមរំលឹកខួប៦៩ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោមរបស់ខ្មែរយើង»។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ អះអាងពេលបើកកម្មវិធីរំលឹកខួបបាត់បង់ទឹកដីខ្មែរក្រោម ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី តែងមានព្រះរាជហរទ័យ យកចិត្តទុកដាក់ខ្មែរក្រោម ដូចព្រះបិតាព្រះអង្គ គឺ ព្រះបាទនរោត្តម សីហនុ ដូចគ្នា ប៉ុន្តែ របបក្រុងភ្នំពេញអនុញ្ញាតឲ្យខ្មែរក្រោម រៀបចំពិធី ក្នុងទីតាំងមួយដ៏តួចតែប៉ុណ្ណោះ។
ក្រុមខ្មែរក្រោម អះអាងថា មានម្ដង ព្រះបាទ នរោត្តម សីហនុ បានព្យាយាមជួយឲ្យខ្មែរក្រោម បានប្រារព្ធទិវាបាត់បង់ទឹកដី នៅលើសួនច្បារ ក្បែរព្រះបរមរាជវាំង។ ប៉ុន្តែក្រោយមក របបក្រុងភ្នំពេញ ហាក់បានបំភ្លេចថ្ងៃបារាំងកាត់ទឹកដីខ្មែរក្រោមឲ្យអាណានិគមវៀតណាមគ្រប់គ្រង ហើយតែងតែហាមប្រាមពួកគេ មិនឲ្យធ្វើសកម្មភាពហែញត្តិ ឬជួបជុំគ្នានៅតាមទីតាំងសាធារណៈ ដោយអនុញាតឲ្យធ្វើពិធីរំលឹកខួបប្រវត្តិសាស្ត្រនេះ ត្រឹមទីតាំងតូចចង្អៀតតែប៉ុណ្ណោះ។
ប៉ុន្មានឆ្នាំមុននេះ ខ្មែរក្រោម តែងប្រារព្ធទិវារំលឹកខួបបាត់បង់ទឹកដី ៤មិថុនា នៅក្នុងទីតាំងវត្តសាមគ្គីរង្ស៊ី ក្នុងខណ្ឌមានជ័យ ប៉ុន្តែនៅឆ្នាំនេះ ព្រះសង្ឃនៅវត្តសាមគ្គីរង្ស៊ី មិនហ៊ានអនុញ្ញាតឲ្យធ្វើពិធីរំលឹកខួបនៅក្នុងវត្តទេ ដោយសារខ្លាចមានការចោទប្រកាន់ពីអាជ្ញាធរ។
តាមរយៈព្រះរាជសាររបស់ព្រះមហាក្សត្រ ព្រះរាជតំណាងរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ ពង្ស នារីមុនីពង្ស បានអានព្រះរាជសារថា ព្រះមហាក្សត្រសូមប្រសិទ្ធិពរជ័យ ដល់អ្នកដែលបានចូលរួមពិធីរាប់បាត្រព្រះសង្ឃ ក្នុងពិធីរំលឹកខួប៦៩ឆ្នាំនេះ៖ «ខ្ញុំព្រះករុណាខ្ញុំសូមអរព្រះគុណ ព្រះថេរានុថរៈគ្រប់ព្រះអង្គ និងសូមអរគុណដ៏ជ្រាលជ្រៅចំពោះព្រះអង្គម្ចាស់ ឯកឧត្ដម លោក លោក ស្រី ដែលបានយាង អញ្ជើញចូលរួមក្នុងពិធីរាប់បាតនៅក្នុងពិធីរំលឹកខួប៦៩ឆ្នាំទាំងនេះផង ដែរ»។
សហគមន៍ខ្មែរក្រោម ឲ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បាន ព្រះរាជទាន រាជទ្រព្យចំនួន បីពាន់ដុល្លារ ក្នុងពិធីរំលឹកខួប៦៩ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរក្រោមនេះ។
យុវជនខ្មែរក្រោមម្នាក់ គឺ លោក ខឿន វីរ៉ាត់ យល់ស្របនឹងការលើកឡើងរបស់ លោក ថាច់ សេដ្ឋា ដែលថា នៅពេលដែលរបបក្រុងភ្នំពេញរឹតត្បិតសេរីភាព ផ្សព្វផ្សាយរបស់ខ្មែរក្រោម អ្នកដែលចំណេញ និងសប្បាយចិត្ត ជាអាណានិគមវៀតណាម ព្រោះ លោកយល់ថា អាណានិគមវៀតណាម មិនចង់ឲ្យកូនខ្មែរ បានដឹងពីប្រវត្តិសាស្ត្រខ្មែរក្រោមទេ៖ «នៅក្នុងនាមសម្ព័ន្ធយុវជន ខ្មែរយើងផ្ទាល់នេះផង ដែរ តែងតែស្នើទៅដល់រាជរដ្ឋាភិបាលក្នុងការផ្ដល់ទីកន្លែងសាធារណៈឲ្យបងប្អូនខ្មែរកម្ពុជាក្រោម សមស្របណាមួយក្នុងការប្រារព្ធពិធីរំលឹកខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោមមាន ឪកាស ប្រារព្ធ ពិធីនាថ្ងៃទី៤ មិថុនា ក្នុងការបាត់បង់ទឹកដីកម្ពុជាក្រោមពីការឈ្លានពានទឹកដីពីប្រទេសជិតខាង វាមិនត្រឹមតែជាការរំលឹកតែប៉ុណ្ណោះនោះទេ មិនមែនរំលឹកតែការឈឺចាប់នោះទេ ផ្សព្វផ្សាយ តស៊ូ ទាមទារទឹកដីត្រឡប់មកវិញ ខ្ញុំក៏យល់ថា បងប៉ូលិសដែរកំពុងឈរថតនេះក៏ចង់បានដូចយើងទាំង អស់គ្នាដែរ»។
កម្មវិធីរំលឹកខួបបាត់បង់ទឹកដីខ្មែរក្រោម ខួប៦៩ឆ្នាំនេះ មិនមានការហែញត្តិទេ ដោយសារអាជ្ញាធរក្រុងភ្នំពេញ បានកំណត់ឲ្យខ្មែរក្រោមប្រារព្ធកម្មវិធី ត្រឹមតែក្នុងសហគមន៍ខ្មែរក្រោម ដែលមានអ្នកចូលរួម ត្រឹម២០០នាក់ ប៉ុណ្ណោះ។ ខ្មែរក្រោមលើកឡើងថា អ្នកដែលស្ថិតក្នុងដួងចិត្តរបស់ពួកគេ គឺ អង្គព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និង ព្រះរាជតំណាង ព្រះអង្គម្ចាស់ពង្ស នារីមុនីពង្ស ដែលតែងតែជួយជ្រោមជ្រែងពួកគេ រាល់ឆ្នាំ ឲ្យបានប្រារព្ធកម្មវិធីកាន់ទុក្ខជាតិ គឺថ្ងៃអាណានិគមបារាំង កាត់ទឹកដីខ្មែរក្រោម ឲ្យទៅអាណានិគមវៀតណាមគ្រប់គ្រងបន្ត៕