លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ។ ហុង មិនា
Mon, 4 June 2018
មាស សុជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ប្រធានគណបក្សអំណាចខ្មែរ លោកសួង សុភ័ណ្ឌ បានអំពាវនាវទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សើរើពិនិត្យឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្ស ប្រឆាំងដ៏ធំនៅកម្ពុជា តាមអំណាចសាលដីការបស់តុលាការកំពូល ដោយលោកចាត់ទុកការសម្រេចបែបនេះគឺខុសនឹងនីតិវិធី និងមានភាពមិនប្រក្រតីនៅពីក្រោយការរំលាយនេះ។
លោកសួង សុភ័ណ្ឌ ដែលចាត់ទុកគណបក្សខ្លួនជាបក្សប្រឆាំងដ៏ស្វិតស្វាញដែរ ហើយថាខ្លួនលោកផ្ទាល់ក៏ជាអ្នកច្បាប់ផងដែរនោះ បានបង្ហាញនូវកង្វះធាតុផ្សំចំនួន៣ ដែលនាំឲ្យការរំលាយគណបក្សសង្គ្រោះជាតិ ខុសនឹងនីតិវិធីច្បាប់។
ថ្លែងក្នុងវីដេអូឃ្លីបរយៈពេលជិត៤០នាទី ថ្ងៃទី២ ខែមិថុនា លោកសុភ័ណ្ឌនិយាយថា ការរំលាយគណបក្សប្រឆាំងដែលជាគូប្រកួតដ៏ស្រួចស្រាល់តទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រាប់អាណត្តិទី៦នេះ គឺជាការរំលាយជាមួយនឹងភាពមិនប្រក្រតីនៅពីក្រោយ។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់អំពីភាពមិនប្រក្រតីនៅពីក្រោយការរំលាយបក្សប្រឆាំងនោះជាអ្វីទេ ប៉ុន្តែលោកស្នើឲ្យលោកហ៊ុន សែន ពិចារណាឡើងវិញ នូវការរំលាយគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងនយោបាយរបស់ខ្លួន ព្រោះវានាំឲ្យខ្មាសអៀនអន្តរជាតិ។
លោក សុភ័ណ្ឌ ថ្លែងថា៖«ក្នុងនាមខ្ញុំជាអ្នកច្បាប់ខ្ញុំសូមធ្វើការសន្និដ្ឋាន និងដាក់ចំណុចចំពោះការរំលាយគណបក្សសង្គ្រោះជាតិ មិនមែនជារឿងត្រឹមត្រូវ។ រដ្ឋាភិបាលគួរគិតសាឡើងវិញ ដើម្បីកុំឲ្យខ្មាសអន្តរជាតិ។ អ្នកមានសិទ្ធិចេញសាលដីកានោះ គឺមានចៅក្រម៤-៥រូប អ៊ីចឹង ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគួរពិនិត្យមើលទៅលើការសម្រេចនោះ តើ ចៅក្រមមានរឿងអី មានសម្ពាធពីណា។ ដូច្នេះបើយល់ឃើញថា ការសម្រេចនោះខុសពីនីតិវិធីច្បាប់មិនស្របនឹងនីតិវិធីច្បាប់ អ្វីៗ ត្រូវកើតឡើងវិញដោយស្វ័យប្រវត្តិ»។
លោកថា៖«ខ្ញុំយល់ឃើញថា ការកាត់សេចក្តីកន្លងមកនេះពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការធ្វើខុសនីតិវិធីទាំងស្រុងតែម្តង។ ដូច្នេះរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គួរគិតសារឡើងវិញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគួរពិនិត្យឡើងវិញចំពោះចៅក្រមដែលបានអនុម័តរំលាយគណបក្សសង្គ្រោះជាតិ»។
ជាអំណះអំណាងចំពោះការសម្រេចខុសនេះ លោកសុភ័ណ្ឌក៏បានបង្ហាញនូវធាតុផ្សំ៣ចំនុច ដែល ការសម្រេចរបស់តុលាការកំពូលមិនផ្អែកទៅលើធាតុផ្សំទាំង៣នេះ ដូចជាធាតុនីត្យានុកូល(ធាតុច្បាប់) បើទោះបីជាមានច្បាប់ចោទប្រកាន់ហើយក៏ដោយ ប៉ុន្តែមិនមានធាតុផ្សំគ្រប់គ្រាន់ក្នុងការសម្រេចរបស់តុលាការកំពូល ក្នុងការរំលាយគណបក្សសង្គ្រោះជាតិដូចជាខ្វះធាតុអត្តនោម័ត(ចេតនានៃការប្រព្រឹត្ត) និងខ្វះធាតុសត្យានុម័ត(ធាតុសម្ភារៈ)។ខ្វះធាតុអត្តនោម័តលោកចង់បង្ហាញថា ការសម្រេចរបស់តុលាការកំពូលគ្មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចោទប្រកាន់ ភ័ស្តុតាងមិនគ្រប់គ្រាន់មិនច្បាស់លាស់។ ខ្វះធាតុសត្យានុម័ត មានន័យថា គ្មានព្យះសនកម្ម គ្មានការទទួលរងនូវអំពើ ដែលបង្កឡើងដោយចុងចោទ។
លោកបញ្ជាក់ថា៖«ហើយខ្ញុំ ក្នុងនាមខ្ញុំជាអ្នកច្បាប់ ខ្ញុំពិនិត្យឃើញថា ការចោទប្រកាន់នេះ គឺវាខុសនឹងនីតិវិធី។ វាអត់គ្រប់ធាតុផ្សំនៃបទល្មើសដូច្នេះអ្វីៗត្រូវតែត្រឡប់ឡើងវិញ»។
ប៉ុន្តែលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងពីម្សិលមិញថា ការលើកឡើងរបស់លោកសួង សុភ័ណ្ឌ គឺមិនសមស្របតាមផ្លូវច្បាប់ទេហើយថាការសម្រេចរបស់តុលាការកំពូលជាការសម្រេចបិទផ្លូវតវ៉ាដោយផ្អែកទៅលើធាតុផ្សំទាំង៣ត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ទៅលើបទល្មើស។
លោកថ្លែងថា៖«ការលើកឡើងនេះគ្រាន់តែលើកដើម្បីឲ្យឮសំឡេងតែប៉ុណ្ណោះទេ។ ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមម៉េចទៅអាចត្រួតពិនិត្យបាន លុះត្រាតែមានបណ្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃចៅក្រមណាមួយ»។
នៅពេលទាក់ទងសុំការបកស្រាយបញ្ហាផ្លូវច្បាប់អំពីករណីខាងលើនេះពីអ្នកច្បាប់ពីររូបម្សិលមិញពួកគេសុទ្ធតែបដិសេធធ្វើអត្ថាធិប្បាយ ដោយនិយាយថា ស្ថានភាពបច្ចុប្បន្នមិនអំណោយផលល្អសម្រាប់ពួកគេក្នុងការបកស្រាយពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ។
គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីមានការចោទថា មេបក្សនេះលោកកឹម សុខា បានប្រព្រឹត្តអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេសចង់ផ្តួលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ការចោទប្រកាន់នេះ គឺផ្អែកទៅលើវីដេអូឃ្លីបមួយ ដែលបង្ហាញពីលោកកឹម សុខា ថ្លែងកាលពីឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលី ដែលថា លោកមកធ្វើនយោបាយគឺដោយសារមានការគាំទ្រពីអាមេរិក។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបាន មជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកជារឿងនយោបាយ ដើម្បីបង្ក្រាបទៅលើបក្សប្រឆាំង ខណៈដែលបក្សប្រឆាំងដ៏ធំនេះ កំពុងមានការគាំទ្រខ្លាំង៕