ដោយ សន ចាន់រដ្ឋា
2018-06-04
RFA

ផ្ទាំងកម្មវិធីរបស់បណ្តាញសង្គមហ្វេសប៊ុក នៅលើទូរស័ព្ទប្រភេទអែនដ្រយ (ដោយ ជាតិ ចំណាន)
សម្ភាសន៍លោក ស ម៉ូរី អំពីបញ្ហាប្រឈមរបស់យុវជន
អ្នកជំនាញផ្នែកបណ្ដាញសង្គម លើកឡើងថា ព័ត៌មានក្លែងក្លាយ ឬ Fake news នៅតែជាបញ្ហាដែលគួរអោយព្រួយបារម្ភ ស្របពេលដែលព័ត៌មានក្លែងក្លាយ ត្រូវបានគេបង្កើតឡើង និងបន្តចែកចាយនៅលើអ៊ីនធឺណិត។ ពួកគេចង់ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមស្វែងយល់ឱ្យ ច្បាស់ពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងធ្វើការចែករំលែកព័ត៌មានទាំងនោះ ទៅកាន់អ្នកដទៃ។
ថ្វីបើបណ្ដាញសង្គមដូចជា Facebook , Youtube ឬប្លុក ( Blog ) សុទ្ធតែបានផ្តល់សារប្រយោជន៍ជាច្រើនដល់មនុស្សអាចទាក់ទង កម្សាន្ត ធ្វើអាជីវកម្ម ចែកចាយ និងទទួលព័ត៌មានក៏ដោយ ក៏ប៉ុន្តែបណ្ដាញសង្គមទាំងនេះ ក៏បានបើកឱកាស ឱ្យជនមួយចំនួនប្រើប្រាស់មុខងាររបស់បណ្ដាញសង្គមដែលមាន ដើម្បីបង្កអោយអ្នកប្រើប្រាស់ផ្សេងទៀតទទួលរងគ្រោះថ្នាក់ផងដែរ។
ក្នុងចំណោមបញ្ហាទាំងអស់ក្នុងនោះ ព័ត៌មានក្លែងក្លាយគឺជាបញ្ហាចម្បង ដែលទាមទារឱ្យមានការទប់ស្កាត់ និងលុបបំបាត់ចោល។
ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសង់ត្រាល់ ( Central) លោក ង៉ែត ម៉ូសេ សង្កេតឃើញថា ព័ត៌មានក្លែងក្លាយកំពុងរីករាលដាលច្រើននៅលើអ៊ីនធឺណិត ជាពិសេសបណ្ដាញសង្គមដូចជា Facebook និងយូធូប និងគេហទំព័រ ដែលកើតចេញពីអ្នកកាសែតខ្វះវិជ្ជាជីវៈ អ្នករកស៊ីតាមអ៊ីនធឺណិត ឬសកម្មជននយោបាយ។
លោកថាគោលបំណងនៃអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទាំងនោះ អាចដើម្បីរកការចាប់អារម្មណ៍ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម តាមរយៈការអូសទាញមនុស្សឱ្យចូលមើលគេហទំព័ររបស់ខ្លួន ឬជាក្រុមគាំទ្រនយោបាយ ដែលប្រើប្រាស់ព័ត៌មានក្លែងក្លាយដើម្បីវាយប្រហារ អង្គភាព បុគ្គល ឬដើម្បីអូសទាញការគាំទ្រផ្នែកនយោបាយ ឬហិរញ្ញវត្ថុជាដើម។
ទម្រង់នៃព័ត៌មានក្លែងក្លាយ អាចជាព័ត៌មានដែលបង្កើតឡើង ដោយព័ត៌មានខុសទាំងស្រុង ឬជាការប្រើប្រាស់បរិបទ ឬខ្លឹមសារខុស បង្កើតជាព័ត៌មានដើម្បីគោលបំណងវាយប្រហារបុគ្គល ឬស្ថាប័នណាមួយ ឬជាទម្រង់នៃព័ត៌មាន ដែលប្រើប្រាស់ រូបភាព ឬវីដេអូ ផ្ទុយនឹងខ្លឹមសារនៃព័ត៌មាន។
កាលពីឆ្នាំ ២០១៧ អ្នកលេងបណ្ដាញសង្គមពីរនាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកអប់រំ បន្ទាប់ពីពួកគេបានយករូបភាពនៃការធ្លាក់យន្តហោះ នៅប្រទេសឥណ្ឌូណេស៊ី ទៅបង្ហោះនៅលើបណ្ដាញសង្គម Facebook ដោយអត្ថាធិប្បាយថាបានកើតឡើង នៅខេត្តសៀមរាប។ ព័ត៌មានក្លែងក្លាយនោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើន បានចែករំលែកតៗគ្នាទៅលើគណនេយ្យផ្ទាល់ខ្លួនរបស់ពួកគេ ដែលធ្វើអោយអ្នកប្រើប្រាស់ខ្លះជឿថាហេតុការណ៍គឺជាការពិត។
ក្រៅពីនេះ គេក៏សង្កេតឃើញមានការបំភ័ន្តព័ត៌មានមួយចំនួនផ្សេងទៀត តាមរយៈ ការប្រើប្រាស់ ឈ្មោះ ឡូហ្គោ របស់ស្ថាប័នព័ត៌មានណាមួយ ឬការបង្កើតអាសយដ្ឋានគេហទំព័រដែលស្រដៀងទៅនឹងអាសយដ្ឋានវែបសាយរបស់ស្ថាប័នព័ត៌មានណាមួយជាដើម។
ទោះបីជាយ៉ាងណា លោក ង៉ែត ម៉ូសេ មានប្រសាសន៍ថាទម្រង់ព័ត៌មានបែបនេះ ងាយស្រួលនៅក្នុងការផ្ទៀងផ្ទាត់ថា ពិត ឬក៏មិនពិត។ តែលោកមានការបារម្ភចំពោះទម្រង់ព័ត៌មានក្លែងក្លាយមួយប្រភេទទៀត គឺការប្រើប្រាស់បច្ចេកវិទ្យា AI artificial intelligence ដើម្បីផលិតជាវីដេអូមនុស្សកំពុងធ្វើអត្ថាធិប្បាយ។
កាលពីពេលថ្មីនេះ មានការភ្ញាក់ផ្អើលមួយ នៅលើបណ្ដាញសង្គមយូធូប ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា AI ផលិតជាវីដេអូនៃអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា និយាយអំពីព័ត៌មានក្លែងក្លាយ។ នៅក្នុងវីដេអូនេះ លោក Jordan Peele ដែលមានសំឡេងដូចទៅនឹងសំឡេង អតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានប្រើ AI នេះដើម្បីបង្កើតចលនាមាត់របស់លោក អូប៉ាម៉ា ឱ្យនិយាយទៅតាមអ្វីដែលលោកកំពុងនិយាយ។
ទាំងនេះជាទម្រង់ផ្សេងៗគ្នានៃ ការផលិតព័ត៌មានក្លែងក្លាយនាពេលបច្ចុប្បន្ននេះ។
ភាពសំបូរបែបនៃព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយនៅលើអ៊ីនធឺណិតទាំងនេះ ធ្វើអោយលោកង៉ែត ម៉ូសេ បារម្ភថានឹងជះឥទ្ធិពលអាក្រក់ ដល់ពលរដ្ឋកម្ពុជានៅក្នុងការសម្រេចចិត្ត ដោយសារតែការសម្រេចចិត្តទាំងនោះគឺផ្អែកទៅលើព័ត៌មានក្លែងក្លាយដែលពួកគេទទួលបានជារៀងរាល់ថ្ងៃ។
“ព័ត៌មានមិនពិតអត់ចំណេញអ្វីទាំងអស់ដល់សង្គម ជាពិសេសអ្នកអានតែម្តង។ ប្រសិនបើនៅតែមានព័ត៌មានមិនពិត ជាពិសេសនៅលើ Facebook ដែលជាកន្លែងពលរដ្ឋខ្មែរចូលមើលច្រើនជាងគេនោះ វានឹងផ្តល់ភាពអវិជ្ជមានច្រើនដល់ការគិតរបស់មនុស្ស។ អញ្ចឹងព័ត៌មានមិនពិតកាន់តែច្រើន អ្នកអានកាន់តែច្រើន អញ្ចឹងការគិតរបស់គាត់អាចខុស ដោយសារគាត់ទទួលបានព័ត៌មានខុស។ អញ្ចឹងទាមទារអោយអ្នកអានត្រូវយកចិត្តទុកដាក់ឱ្យមែនទែន មុននឹងជឿជាក់លើព័ត៌មានណាមួយ ដែលចេញពីស្ថាប័ន ឬប្រភពដែលគាត់កំពុងតែអាន និងមើលហ្នឹងឯង”
ក្រុមហ៊ុន Facebook ដែលជាបណ្ដាញសង្គមដ៏ល្បី និងមាន អ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ ជារៀងរាល់ថ្ងៃ បានព្យាយាមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលបានចែកចាយនៅលើបណ្ដាញសង្គមរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនបណ្តាញសង្គមមួយនេះរងការចោទប្រកាន់ថា ជាដើមហេតុដែលធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកមានការលម្អៀង។
កាលពីថ្ងៃទី ២៣ ខែឧសភា ក្រុមហ៊ុន Facebook បានបង្ហាញពី យុទ្ធសាស្ត្រចំនួន ៣ ក្នុងការបញ្ចប់ព័ត៌មានក្លែងក្លាយ ក្នុងនោះរួមមានការលុបចោលនូវខ្លឹមសារ និងគណនេយ្យ Facebook ដែលបានធ្វើផ្ទុយនឹងគោលការណ៍ប្រើប្រាស់ ការកាត់បន្ថយការរីករាលដាលនៃព័ត៌មានមិនត្រឹមត្រូវ និងខ្លឹមសារខុស និងការរំឭកអ្នកប្រើប្រាស់តាមរយៈការផ្តល់ព័ត៌មាន បន្ថែមជុំវិញព័ត៌មានដែលបានឃើញ ដើម្បីផ្ដល់ជាតម្រុយសម្រាប់អ្នកប្រើប្រាស់មុនពេលចុចអាន ទុកចិត្ត និងចែកចាយបន្ត។
ស្រដៀងគ្នានេះលោក ង៉ែត ម៉ូសេ ក៏បានលើកឡើងនូវវិធីសាស្ត្រមួយចំនួនដើម្បីជាប្រយោជន៍ដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងការកំណត់នូវព័ត៌មានក្លែងក្លាយផងដែរ។
“ដើម្បីសង្កេតឃើញថាព័ត៌មានហ្នឹងគឺជាព័ត៌មានមិនពិត អ្នកអានអ្នកមើល គួរតែមើល ខ្ញុំនិយាយចំពោះបណ្ដាញសង្គម Facebook សិន អ្នកអានអ្នកមើលគួរតែមើលសិនថាតើ ទំព័រ ឬគណនី ដែលចែកចាយព័ត៌មាននោះគឺជាអ្នកណា ជាមនុស្សពិតទេ ឬជាឈ្មោះក្លែងក្លាយ? តើការផ្សាយគាត់កន្លងមកយ៉ាងម៉េចដែរ? តើមានមិត្តភ័ក្ដិយើងចុច Likes ច្រើនទេ? តើផេកហ្នឹងគាត់ផុសរឿងអ្វីខ្លះ? ទីពីរទីបីទៀត គឺយើងចូលមើលលើវែបសាយនៅខាងក្រោមអត្ថបទហ្នឹង មើលថាតើវែបសាយហ្នឹងគួរទុកចិត្តបានឬអត់ ព្រោះមានវែបសាយច្រើនណាស់ អ្នកអាន អ្នកស្តាប់គួរមានប្រភពព័ត៌មានគួរទុកចិត្តសិន ប្រសិនបើប្រភពព័ត៌មានទាំងអស់នោះមិនបានផ្សាយព័ត៌មានដែលយើងគួរទុកចិត្តទេ មិនគួរទុកចិត្ត និងចែកចាយព័ត៌មានទាំងអស់នោះទេ។ ”
ក្រៅពីនេះលោក ង៉ែត ម៉ូសេ ក៏បានស្នើដល់ក្រសួងអប់រំ និងស្ថាប័នដែលធ្វើការពាក់ព័ន្ធនឹងវិស័យព័ត៌មាន ឬបច្ចេកវិទ្យារៀបចំវគ្គបណ្តុះបណ្តាល ទៅដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជនឱ្យបានស្វែងយល់ពីការវិភាគព័ត៌មាន ដើម្បីចៀសវាងការចែកចាយ និងជឿទុកចិត្តលើព័ត៌មានមិនពិតតទៅទៀត។
ទាក់ទងនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពីដើមខែមេសា កន្លងទៅបានព្រមព្រៀងជាមួយមេដឹកនាំវៀតណាមក្នុងការបង្កើតច្បាប់ស្ដីពីព័ត៌មានក្លែងក្លាយមួយឡើង ក្នុងបំណងសំដៅដល់ប្រព័ន្ធផ្សព្វផ្សាយ ទាំងឡាយណា ដែលរបបក្រុងភ្នំពេញយល់ថាបានផ្សព្វផ្សាយព័ត៌មានខុស និងព័ត៌មានមិនពិត។
នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ( COMFREL ) លោក គល់ បញ្ញាយល់ឃើញថា ច្បាប់បង្ក្រាបព័ត៌មានក្លែងក្លាយ គួរអនុវត្តលើប្រព័ន្ធព័ត៌មានរបស់របបលោក ហ៊ុន សែន មុនគេ ដោយលោកយល់ថាប្រព័ន្ធផ្សព្វផ្សាយរបស់របបក្រុងភ្នំពេញ តែងតែផ្ដល់ព័ត៌មានក្លែងក្លាយ និងបំភ្លៃ ច្រើនជាងបណ្ដាញព័ត៌មានដទៃទៀត ដើម្បីឃោសនា លើកតម្កើងរបប និងមេដឹកនាំរបស់ខ្លួន ហើយវាយប្រហារចំពោះក្រុមប្រឆាំង៕
This beast regime wearing democracy shirt can do everyhting ‘followed the order from veitcong mafia dictato and Angka lour hanoi so all theses mafia groups are the carry works for their boss to shut people and keep people in the dark ‘ because they are scaring of the light of democracy’ scaring the justice’ scaring the equality ‘scaring of people’s power’. GOD bless all good people’
as he is possessed by the madness of greatness and obsessed with money
it may be that he lacks wood to make his coffin or one of his dear ones
At Pol pot regime, they called Top Ang Ka or (Ang Ka Leu),
And now, HUN SEN regime, they make it legal (Laws) . when Hun Sen looking for something, the laws will pass to use in a favor of him at any time.
Laws at Srok Rumdoul is easy going…
Fake news is everywhere. If you live in the US, you should know that CNN, MSNBC, and others are fake, fake, and fake news.
—
This is our democracy, not democracy by other foreigners. Millions of us living without any problem. Only problem for those who undermine our law and order. And they deserve to be punished.