គ.ជ.ប នឹងស្នើ​ឲ្យ​ក្រសួង​ការងារ​ជួយ​សម្រួល​ដល់​កម្មករ កម្មការិនី​បាន​ទៅ​បោះ​ឆ្នោត

ប្រជា​ពល​រដ្ឋ​កំពុង​រង់​ចាំបោះ​ឆ្នោត​ នៅ​ការិយា​ល័យ​បោះ​ឆ្នោត​មួយ ​ក្នុង​ខេត្ត​កណ្តាល កាល​ពីការ​បោះ​ឆ្នោតឃុំ សង្កាត់់ ឆ្នាំ ២០១៧។ ហេង ជីវ័ន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​​ គ.ជ.ប កំពុង​ត្រៀម​លិខិត​ផ្លូវ​ការ​ទៅ​ក្រសួង​ការ​ងារ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​មួយ​នេះ ជួយ​សម្រួល​ដល់​កម្មករ កម្មការិនី បាន​​ទៅ​បោះ​​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា បន្ទាប់​ពី​ គ.ជ.ប កាល​ពី​ថ្ងៃ​ទី ៨ ខែ​មិថុនា បាន​ចេញ​សេច​ក្តី​អំពាវ​នាវ​ ឲ្យ​រោង​ចក្រ​សហគ្រាស ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដល់​កម្មករ​ កម្មការិនី ​ទៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ខាង​មុខ​​។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បាន​ថ្លែង​​កាល​ពី​ម្សិល​មិញ​ថា គ.ជ.ប កំពុង​ត្រៀម​លិខិ​ត​ស្នើ​ទៅ​ក្រសួង​ការងារ​ ឲ្យ​ជួយ​សម្រួល​ដល់​កម្មករ​ កម្មការិនី​ ឲ្យ​​​មាន​​ភាព​ងាយ​ស្រួល ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត។ ប៉ុន្តែ​លោក​ថា គ.ជ.ប នឹង​ធ្វើ​ទៅ​តាម​ច្បាប់​បោះ​ឆ្នោត​ ដោយ​​ស្នើ​ឲ្យ​រោង​ចក្រ​សហគ្រាស​ទាំង​អស់​ កុំ​បង្ខំឲ្យ​កម្មករ​ កម្មការិនី ធ្វើ​ការ​​ថែម​ម៉ោង​នៅ​ថ្ងៃ​​អាទិត្យ​ទី​ ២៩ ខែ​កក្កដា។

លោក​ថ្លែង​ថា៖ «យើង​ធ្លាប់​បាន​ធ្វើ​ហើយ​កន្លង​មក ​នៅ​មុន​ការ​បោះ​ឆ្នោត​ ដូច្នេះ​យើង​បន្ត​ធ្វើ​ទៀត​ ហើយ​ខ្លឹមសារ​ដែល​ជម្រាប​ទៅ​ក្រសួង​ការងារ ខាង​ជំនាញ​បាន​រៀបចំ​រួច​រាល់​ហើយ។ យើង​សង្ឃឹម​ថា ក្រសួង​ការងារ​ នឹង​ជួយ​ផ្សព្វផ្សាយ​បន្ថែមទៀត ទាក់​ទង​នឹង​ការ​អំពាវនាវ​របស់​ គ.ជ.ប ឲ្យ​រោង​ចក្រ​សហគ្រាស ធ្វើ​យ៉ាង​ណា​ ឲ្យ​កម្មករ​បាន​ទៅ​បោះ​ឆ្នោត​គ្រប់ៗ​គ្នា»។

លោកបញ្ជាក់​ថា៖ «ការ​អំពាវ​នាវ​នេះ​ មាន​ខ្លឹម​សារ​ដូច​ការ​អំពាវ​នាវ​ឆ្នាំ​ ២០១៧។ មូលហេតុ​ថា​ យើង​អត់​​មាន​ច្បាប់​ឈប់​សម្រាក​សម្រាប់​ទៅ​បោះ​ឆ្នោត​ទេ។ ប៉ុន្តែ​ដោយសារ​តែ​ការ​បោះ​ឆ្នោត ​ធ្វើ​នៅថ្ងៃ​អាទិត្យ ជា​ថ្ងៃ​សម្រាកជា​ទូទៅ ចឹង​ការ​អំពាវ​នាវ​នេះ គឺឲ្យ​ម្ចាស់​រោង​ចក្រ​ សហគ្រាស ​​កុំ​យក​ថ្ងៃ​អាទិត្យ​ ធ្វើ​ជា​ថ្ងៃ​តម្រូវ​ឲ្យ​កម្មករ​មក​ធ្វើ​ការ។ មូលហេតុ​យើង​អត់​កំណត់​ថា​ឲ្យឈប់​សម្រាក​ដោយ​សារ​ច្បាប់​យើង​ថ្មី​មិន​ដូច​មុន​ទេ»។

​លោក​ពន្យល់​ថា អ្នក​បោះ​ឆ្នោត ​អាច​បោះ​ឆ្នោត​នៅកន្លែង​ដែល​គាត់​រស់​នៅ មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ទេ។

បើ​តាម លោក​ សោម សូរីដា កាល​ពី​បោះ​ឆ្នោត​ឆ្នាំ​២០១៣ កម្មករ​ដែល​ត្រូវ​ទៅបោះ​ឆ្នោត​ខេត្ត​ឆ្ងាយ អាច​ឈប់​មួយ​ថ្ងៃមុន​និង​មួយ​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​អាណត្តិ​នេះ​ មិន​មាន​ការ​អនុញ្ញាត​ដូច្នេះទេ។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ មិន​អាច​សុំ​ការ​បញ្ជាក់​អំពី​អ្វី​ដែល​ គ.ជ.ប​ នឹង​ស្នើ​សុំ​ទេ កាល​ពី​ម្សិល​មិញ។ ទោះ​យ៉ាង​ណា អគ្គលេខាធិការរង​​​ សមាគម​​រោង​ចក្រ​​កាត់​ដេរ​​នៅ​​កម្ពុជា (GMAC) លោក កាំង ម៉ូនីកា បាន​ថ្លែង​ថា សមាគម​លោក​នឹង​ជួយ​ផ្សព្វ​ផ្សាយ​ដល់​រោង​ចក្រ ​ដែល​ជា​សមាជិក​របស់​ខ្លួន ឲ្យ​​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ទៅ​បោះ​ឆ្នោត​តាម​ការ​ស្នើ​សុំ​របស់​ក្រសួង​ការងារ។

សេចក្តី​អំពាវ​នាវ​របស់​ គ.ជ.ប ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី ៨​ខែ​មិថុនា បាន​សរសេរ​ថា៖ «ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ ស្រប​តាម​ច្បាប់ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត សូម​អំពាវ​នាវ​ ចំពោះ​គ្រប់​ម្ចាស់​សហគ្រាស​ ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំងអស់​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ សូម​ជួយ​សម្រួល ​និងបង្ក​លក្ខណៈ​ងាយ​ស្រួល​អនុញ្ញាតឲ្យ​និយោជិត កម្មករ​-កម្មការិនី បាន​ធ្វើ​ដំណើរ​ទៅ​មក ​ដើម្បី​ឲ្យ​បាន​បោះ​ឆ្នោត​​ នៅថ្ងៃ​អាទិត្យ​ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តាម​ឃុំ​ សង្កាត់​ដែល​ខ្លួន​បាន​ចុះ​​ឈ្មោះ​បោះ​ឆ្នោត»។

លោក Choong Wei Piau អ្នក​ចាត់​ការ​ទូទៅ​ នៃ​រោងចក្រ​កាត់​ដេរ Quality Textiles Co.LtD នៅ​ក្នុង​សង្កាត់​ចោម​ចៅ​បាន​ថ្លែង​​កាល​ពី​ម្សិល​មិញ​ថា លោក​មិន​ទាន់​បាន​ឃើញ​ការ​អំពាវ​នាវ​របស់​ គ.ជ.ប​ ទេ។ ប៉ុន្តែ​លោក​​ថ្លែង​ថា៖ «​យើង​នឹង​ធ្វើ​ស្រប​តាម​ច្បាប់។ កាល​ពី​បោះ​ឆ្នោត​លើក​មុន ​គឺ​យើង​ធ្វើដូច​គ្នា​ដែរ»។

ចំណែក​ ​លោក ស ប៊ុនធឿន តំណាង​​រោង​ចក្រ​កាត់​ដេរ Cambo Handsome Ltd. ដែល​​​មាន​កម្មករ​ជាង ​៦​ ពាន់​នាក់​ បាន​ថ្លែង​ថា ​លោក​មិនទាន់​បាន​ឃើញ​លិខិត​ផ្លូវ​ការ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​សារ​តាម​ទូរស័ព្ទ​ពី​ គ.ជ.ប ដែល​លើក​ទឹក​ចិតុ្ត​ឲ្យ​រោង​ចក្រ​ សម្រួល​ដល់​កម្មក​រ កម្មការិនី​អាច​ទៅបោះ​ឆ្នោត​បាន។

លោក ប៊ុនធឿន ថ្លែង​នៅ​ថ្ងៃ​ទី ១១ ខែ​មិថុនា​​ថា៖ «ខ្ញុំ​បាន​ទទួល​សារ​តាម​ទូរស័ព្ទ​មុន​ម៉ោង​បាយព្រឹកមិញ​ ឃើញ​គេ​ដាក់​ថា NEC ហើយ​​មាន​សារ​សរសេរ​ជា​ភាសា​ខ្មែរ ថា​ឲ្យ​ថៅ​កែរោង​ចក្រ​ជួយ​សម្រួល​ ខ្ញុំ​ទទួល​បាន​តែ​ប៉ុណ្ណឹង​»។ លោក​បន្ត​ថា ក្នុង​នាម​ជា​​​តំណាង​រោង​ចក្រ លោក​មិន​មាន​សិទ្ធិ​សម្រេច​ទេ សិទ្ធិ​សម្រេច ​គឺ​នៅ​លើ​ថៅកែ​រោង​ចក្រ។

លោក​និយាយ​ថា៖ «ថៅកែ បើ​អត់​មាន​លិខិត​ពី​ក្រសួង​ ប្រកាស ឬ​សេច​ក្តី​ជូន​ដំណឹង​ពី​ក្រសួង​ទេ ប្រហែល​ជា​ពិបាក​ហើយ»។ លោក​បន្ត​ថា បើ​​សិន​បើ​​អំពាវ​នាវ​ ឲ្យ​ពលរដ្ឋ​ដែល​នៅ ឆ្ងាយ​​អាច​ឈប់​សម្រាក​មួយ​ថ្ងៃ​ ឬ​ពីរ​ថ្ងៃ ក្រៅ​ពី​ថ្ងៃ​​អាទិត្យ​ ២៩​ កក្កដា​ នោះ ប្រហែល​ជា​​មិន​អាច​ទៅ​រួច​ទេ បើ​សិន​គ្មាន​សេចក្តី​ជូនដំណឹង ឬ​ប្រកាសផ្លូវ​ការ ពី​ក្រសួង​ការងារ​ ពីព្រោះ​វា​ខាត​ប្រយោជន៍​រោង​ចក្រ»។

លោក ប៊ុនធឿន ថ្លែង​ថា លោក​នៅ​ចាំ​បាន​ថា កាល​ពី​​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ឆ្នាំ ២០១៣ និង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់ឆ្នាំ ២០១៧ មិន​មាន​ការ​ជូន​ដំណឹង​របស់​ក្រសួង​ទេ។
លោក យឿង សុធារ៉ា អ្នក​ជំនាញ​ច្បាប់​បោះ​ឆ្នោត​ម្នាក់​​ថ្លែង​ថា ការ​អំពាវ​នាវ​របស់ ​គ.ជ.ប មិន​មាន​អ្វី​ខុស​ទេព្រោះ ​គ.ជ.ប ត្រូវ​ជំរុញ​ពលរដ្ឋ​ឲ្យ​ទៅបោះឆ្នោត និង​ឲ្យ​ពលរដ្ឋ​យល់​ពី​ការ​បោះ​ឆ្នោត។

ប៉ុន្តែ​លោក​ថា វា​ក៏​ទំនង​ជា​​​ធ្វើ​ឡើង ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​មន្ត្រី​​អតី​ត​គណបក្សសង្គ្រោះជាតិ ដែល​អំពាវ​នាវ​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត។ លោក​ថ្លែង​ថា ចំនួន​អ្នក​ទៅ​បោះឆ្នោត​ច្រើន​​ មានសារៈ​សំខាន់​ សម្រាប់​ប្រទេស​ដែល​លទ្ធិប្រជា​ធិបតេយ្យ​កំពុង​អភិវឌ្ឍន៍ ប៉ុន្តែ​ចំនួន​នេះ​មិន​សូវ​សំខាន់​ទេ​ សម្រាប់​ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ភាព​ចាស់​ទុំ។

លោក​ សុធារ៉ា​ ថ្លែង​ថា៖ «ការ​ចូល​រួម​ការ​បោះឆ្នោត​ឲ្យ​បាន​កាន់​តែ​ច្រើន​កាល​ណា ​គឺ​វា​ល្អ​សម្រាប់​គណបក្ស​ដែល​ចូលរួម​ប្រកួត​ប្រជែង ជា​ពិសេ​ស គណបក្ស​កាន់​អំណាច​ នៅ​តែ​ត្រូវ​ការ​ភាព​ស្រប​ច្បាប់ ​ដើម្បី​បញ្ជាក់​ថា អត្រា​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​នៅតែ​សំខាន់​ ដើម្បី​បញ្ជាក់​ពីការ​គាំទ្រគណបក្ស​របស់​គាត់»៕


Contact author: នៀម ឆេង

What Next?

Recent Articles