មួង ណារ៉េត
2018-07-24
RFA

យុវជន គង់ រ៉ៃយ៉ា ពេលទើបត្រូវបានដោះលែងឲ្យមានសេរីភាពពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA
![]()
ក្រុមយុវជន និងពលរដ្ឋមួយចំនួន ដែលតែងបង្ហោះរូបភាពម្រាមដៃស្អាត តាមបណ្ដាញសង្គមហ្វេសបុក (Facebook) ចាត់ទុកការគំរាមប្ដឹងទារប្រាក់ជាច្រើនលានរៀល លើអ្នកបង្ហោះរូបភាពម្រាមដៃស្អាតថា ជាការដាក់សម្ពាធលើសិទ្ធិសេរីភាព បញ្ចេញមតិរបស់ពលរដ្ឋ ផ្ទុយពីក្របខ័ណ្ឌច្បាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្មីៗនេះ បានព្រមានថា សមត្ថកិច្ចនឹងប្ដឹងអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាត ដោយទារប្រាក់ចន្លោះ ៥លានរៀល ទៅ២០លានរៀល។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក រស់នៅខេត្តស្ទឹងត្រែង និងក្រុមយុវជន ឲ្យដឹងកាលពីថ្ងៃទី ២៣ កក្កដាថា ការបង្ហោះរូបភាពម្រាមដៃស្អាត ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាការសម្ដែងមតិ និងជាសិទ្ធិសេរីភាព របស់ពលរដ្ឋ ដែលធានាដោយអំណាចរដ្ឋធម្មនុញ្ញ។ លើសពីនេះទៅទៀត ការអនុវត្តសិទ្ធិបែបនេះ ក៏ជាការមិនពេញចិត្តនឹងការបោះឆ្នោតជាតិអាណត្តិទី៦ គ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែង។
ពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង លោក ទូច សំណាង ដែលតែងបង្ហោះរូបភាពម្រាម ដៃស្អាតក្នុងបណ្ដាញសង្គមហ្វេសបុក យល់ថា ម្រាមដៃមួយ ពុំមែនជាអាវុធនោះទេ គ្រាន់តែចង្អុលបង្ហាញថា ពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទៅបោះឆ្នោត ឬក៏មិនទៅបោះឆ្នោត។ លោកផ្ដាំទៅថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ថាខ្លួនបានកម្ទេចគណបក្សសង្គ្រោះជាតិរួចហើយ មិនគួរណាឡើយខ្លាចម្រាមដៃមួយ របស់ពលរដ្ឋនោះទេ៖ «ហេតុអ្វីខ្លាចម្រាមដៃមួយ? គ្រាន់តែបុគ្គលមួយ គ្រាន់តែម្រាមដៃមួយ តើវាមានឥទ្ធិពលអ្វី រហូតដល់រម្លាយរដ្ឋាភិបាលបាននោះ? វាអត់មានទេ! អ៊ីចឹងយើងត្រូវយល់ថាម្រាមដៃ វាឆ្លុះបញ្ចាំងអំពីឆន្ទៈពិត ខ្លួនគាត់គឺគាត់ចង់ចូលរួមបោះឆ្នោត ឬមិនចូលរួមបោះឆ្នោត គឺជាឆន្ទៈរបស់គាត់។ គាត់មិនមានចេតនាញុះញង់ ឬបំពានរដ្ឋាភិបាល គឺអត់ទេ»។
កាលពីថ្ងៃទី២២ កក្កដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា បើចាប់ខ្លួនអ្នកបង្ហោះសារ និងម្រាមដៃស្អាតដាក់គុក គ្មានកន្លែងឯណាដាក់នោះទេ ព្រោះពន្ធនាគារចង្អៀតណែនអស់ហើយ៖ «ហើយចង់ទៅចាប់ហ្នឹង ចាប់យកកន្លែងឯណាដាក់ឥឡូវហ្នឹង? ព្រោះពន្ធនាគារវាណែនអស់ហើយ»។
ការណ៍ដែលលោក ស ខេង លើកឡើងពីការណ៍ដែលគ្មានគុក សម្រាប់ដាក់អ្នកបញ្ចេញមតិកុំឲ្យពលរដ្ឋទៅបោះឆ្នោតនេះ គឺស្របគ្នាទៅនឹងសាររបស់មន្ត្រីគណបក្សសង្គ្រោះជាតិ និងប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី ដែលធ្លាប់អះអាងថា បើគេចាប់អ្នកមិនទៅបោះឆ្នោត ឬអ្នកអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត គឺគ្មានកន្លែងដាក់អស់ទេ ព្រោះយ៉ាងហោចណាស់ ក៏មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាងបីលាននាក់ដែរ ដែលមិនពេញចិត្តទៅនឹងការបោះឆ្នោត ដែលផាត់ចេញគណបក្សប្រឆាំងបែបនេះនោះ។
ចំណែកឯអ្នកច្បាប់ បានពន្យល់ថា ដោយសារតែការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត គឺជាសិទ្ធិ មិនមែនជាកាតព្វកិច្ច ដូច្នេះការមិនទៅបោះឆ្នោត គឺមិនមែនជាបទល្មើសនោះឡើយ។ លោកមេធាវី ជូង ជូងី បានពន្យល់ខ្លឹមសារច្បាប់នេះ នៅតាមទំព័រហ្វេសប៊ុករបស់លោក ដោយអះអាងថា បើច្បាប់មិនចែងថា អំពើណាមួយជាបទល្មើសទេ មានន័យថា ការអំពាវនាវ ឬញុះញង់ឲ្យជនណាម្នាក់ ប្រព្រឹត្តអំពើនោះ ពោលគឺការអំពាវនាវ ឬញុះញង់ឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ក៏មិនមែនជាបទល្មើសបាននោះដែរ៖ «មិនមានមាត្រាណាចែងថា អ្នកដែលមិនទៅបោះឆ្នោត គឺមានកំហុស ឬក៏មានទោសយ៉ាងណានោះទេ។ ដូចគ្នានេះដែរ នៅក្នុងក្រមព្រហ្មទណ្ឌ អត់មានមាត្រាណាដែលចែងពាក់ព័ន្ធទៅនឹងការបោះឆ្នោតនោះឡើយ។ ដូច្នេះបងប្អូន ទោះបីទៅបោះឆ្នោតក្ដី មិនទៅបោះឆ្នោតក្តី គឺអត់មានមាត្រាណាចែងថាជាបទល្មើសទេ។ ទោះបីបងប្អូនទៅបោះឆ្នោត ក៏ជាការប្រើសិទ្ធិទៅចូលរួមបោះឆ្នោតរបស់បងប្អូន ទោះបីបងប្អូនមិនទៅបោះឆ្នោត ក៏បងប្អូនប្រើសិទ្ធិមិនចូលរួមបោះបោះឆ្នោតរបស់បងប្អូននោះដែរ»។
ត្រង់ចំណុចនេះ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង គឺលោក ស ខេង ក៏យល់ស្របថា គ្មានច្បាប់ចាប់មនុស្សដាក់គុកដែរ ដោយគ្រាន់តែអំពាវនាវកុំឲ្យពលរដ្ឋទៅ បោះឆ្នោតនោះ។ លោក ស ខេង ចោទជាសំណួរ ទៅសមត្ថកិច្ចថ្នាក់ក្រោមរបស់លោកថា តើមានច្បាប់ណាចាប់អ្នកទាំងអស់នោះទេ? ហេតុនេះ មានតែសម្របសម្រួលដោះស្រាយ ផាកពិន័យជំនួសវិញ។ លោកបញ្ជាក់ថា សមត្ថកិច្ចនឹងមិនចាប់ខ្លួន អ្នកដែលបង្ហោះរួបភាពម្រាមដៃស្អាត ដើម្បីបញ្ជាក់ថា ខ្លួនមិនទៅបោះឆ្នោតនោះទេ៖ «ចាប់ហើយវាគ្មានហេតុផលចាប់ទៅទៀត! មានអ្នកខ្លះ គេធ្វើយុទ្ធនាការដៃស្អាត នាំគ្នាមួយហ្វូងអ៊ីចឹងទៅ! ពួកហ្នឹងមួយចំនួន បងប្អូនយើងចង់ទៅចាប់ តែប៉ូលិសសមត្ថកិច្ច។ ខ្ញុំថាអត់បានទេ មើលច្បាប់ទៅ! ប្ដឹងមានតែប្ដឹងផាកទេ ប្រាំទៅម្ភៃលាន។ បើម្ដងមិនរៀងចាល ប្រាំទៅម្ភៃលានរៀនទៀត។ ម្ដងមិនរៀងចាល ប្រាំទៅម្ភៃលានរៀលទៀត»។
យុវជនដែលតែងបង្ហោះរូបភាពម្រាមដៃស្អាត លោក គង់ រ៉ៃយ៉ា ចាត់ទុកការប្តឹង ផាកពិន័យប្រាក់ច្រើនលានរៀលនេះ ជាការគំរាមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក។ លោកថា ការបង្ហោះម្រាមដៃស្អាតនេះ គឺជាសញ្ញាបញ្ជាក់ថា ពួកគេមិនសប្បាយចិត្តចំពោះការបោះឆ្នោតជាតិអាណត្តិទី៦នេះ គ្មានវត្តមានគណបក្សសង្គ្រោះជាតិ។ លោកថា ការបោះឆ្នោតគ្មានគណបក្ស ដែលពួកគេ ទុកចិត្ត ហើយបែរជាបង្ខំឲ្យពួកគាត់ទៅបោះឆ្នោត ទៀតគឺជាទង្វើ ពិបាកទទួលយកបាន និងជារឿងមិនត្រឹមត្រូវ៖ «ប្រសិនបើយើងគ្រាន់តែលើកដៃម្រាមដៃស្អាតប៉ុណ្ណឹង គ្រាន់តែអត់ទៅបោះឆ្នោត អាចចាត់ទុកជាការអំពាវនាវ អាហ្នឹងវាស្រេចតែលើអ្នកអនុវត្តច្បាប់ អ្នកបង្កើតច្បាប់ហ្នឹង។ ដូចជាហួសហេតុជ្រុលពេក! ក្នុងនាមជាយុវជន និងពលរដ្ឋខ្មែរម្នាក់ ខ្ញុំមិនសប្បាយចិត្តនឹងការលើកឡើងរបស់គាត់ (ស ខេង) និងមិនអាចទទួលយកបានទេ»។
ការផាកពិន័យ ៥ លានរៀល ដល់ ២០លានរៀលនេះ មិនមែនចែងក្នុងក្រមព្រហ្មទណ្ឌទេ ប៉ុន្តែមានចែងជាពិសេសក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រង់មាត្រា ១៤២ ដោយមានចែងពីពាក្យថា “រារាំង” ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត។ ទោះជាយ៉ាងនេះក្តី ច្បាប់បោះឆ្នោតនេះ មិនមានចែងពីនិយមន័យនៃពាក្យ “រារាំង” នេះឲ្យបានច្បាស់លាស់នោះឡើយ។ ប្រការនេះលោក ផែង ហេង បានស្នើឲ្យអ្នកបកស្រាយច្បាប់ ត្រូវយោងទៅមាត្រា ៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលចែងអំពីការបកស្រាយច្បាប់ ដែលត្រូវបកស្រាយយ៉ាងតឹងរ៉ឹង។ ច្បាប់បានចែងថា ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមសទិសភាព ឬភាពស្រដៀងបាននោះឡើយ៖ «សម្រាប់ការបកស្រាយច្បាប់ យើងត្រូវបកស្រាយតាមច្បាប់បោះឆ្នោត ដែលជាច្បាប់ពិសេស។ យើងមិនបកន័យទូទៅទេ។ ដូច្នេះ ការរារាំងក្នុងច្បាប់បោះឆ្នោត គឺសំដៅលើការទប់ស្កាត់ មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬការរកវិធីធ្វើម៉េចកុំឲ្យប្រជាពលរដ្ឋ ដែលដើរទៅបោះឆ្នោត អាចទៅបោះឆ្នោតបាន។ អាហ្នឹងបានជាសកម្មភាពរារាំង»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏យល់ដូចគ្នាថា បើសិនជាមានការចម្រូងចម្រាសក្នុងការបកស្រាយច្បាប់ពាក់ព័ន្ធនឹងពាក្យ “រារាំង” នេះគឺគេមិនត្រូវបកស្រាយន័យទូលាយ ដើម្បីគ្រាន់តែជាការគំរាមកំហែងឲ្យពលរដ្ឋភ័យខ្លាចនោះឡើយ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា ការបកស្រាយច្បាប់ក្នុងន័យទូលាយបែបនេះ គឺមានតែក្នុងប្រទេស ដែលរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋខ្លួនឯងប៉ុណ្ណោះ៖ «ការពិតរារាំង គឺទាល់តែមានជាកម្លាំង ជាឧបករណ៍ ជាអ្វីកុំឲ្យអ្នកមានសិទ្ធិបោះឆ្នោតទៅបោះឆ្នោតបាន។ រួចការរារាំងនេះ គឺអាចមើលឃើញ។ បើវាអត់មើលឃើញដូច្នេះ។ នៅក្នុងប្រទេសសេរី គេគោរពអំណាចច្បាប់ គេបកស្រាយចង្អៀត មិនទូលាយដូច្នេះទេ។ មានតែនៅប្រទេសកុម្មុយនិស្តផ្ដាច់ការទេ ដែលគេបកស្រាយច្បាប់ឲ្យទូលាយ ដើម្បីចោទប្រកាន់បាន។ អាហ្នឹងមិនត្រូវទេ»។
ជុំវិញការបកស្រាយច្បាប់ ឲ្យយឺតដូចកៅស៊ូកងនេះ លោកមេធាវី ជួង ជូងី ពន្យល់ថា មានបុគ្គលមួយចំនួន ព្យាយាមបំភ្លៃត្រង់ខ្លឹមសារថា ញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ លោកបន្ថែមថា ក្រមព្រហ្មទណ្ឌមាត្រា ៤៩៥ មានចែងអំពីពាក្យញុះញង់នេះ ប៉ុន្តែញុះញង់ដែលជាបទល្មើសបាន នោះគឺទាល់តែញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ មិនមែនញុះញង់ឲ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោតនោះទេ។ លោកថា អ្នកគំរាមគេអោយចេញទៅបោះឆ្នោតទៅវិញទេ ទើបមានទោស៖ «ការណ៍ដែលនរណាបំភ្លៃ បំភាន់ សម្លុត គំរាមពីបទញុះញង់មិនឲ្យទៅបោះឆ្នោត អ្នកដែលបំភ័យ អ្នកដែលគំរាម អ្នកដែលរករឿងគេ អ្នកនោះឯងជាអ្នកប្រព្រឹត្តបទល្មើសនោះ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកសេចក្ដីថ្លែងការណ៍គំរាមផាកពិន័យ ឬដាក់ទោសទណ្ឌពលរដ្ឋម្ចាស់ឆ្នោត ទោះគ្មានច្បាប់ចែងបែបនេះ គឺជាការរំលោភអំណាច។ លោកបន្ថែមថា មន្ត្រីរាជការ គឺខុសពីពលរដ្ឋសាមញ្ញ ព្រោះមន្ត្រីរាជការ ធ្វើអ្វីក៏ដោយទាល់តែមានច្បាប់កំណត់ ពោលគឺធ្វើក្នុងក្របខ័ណ្ឌច្បាប់ មិនមែនធ្វើអ្វីស្រេចតែអំពើចិត្ត បាននោះទេ។ ការបញ្ឈប់ការរំលោភអំណាចរបស់មន្ត្រីរាជការបាន គឺមានតែប្រជាពលរដ្ឋគ្រប់រូប អនុវត្តសិទ្ធិរបស់ខ្លួន ដូចជាការមិនទៅបោះឆ្នោតនេះជាដើម ដើម្បីរកយុត្តិធម៌នេះ។ ដើម្បីរកយុត្តិធម៌ និងតតាំងការរំលោភអំណាច ពីសំណាក់អាជ្ញាធរបែបនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា មានពេលខ្លះពលរដ្ឋមួយចំនួន រហូតហ៊ានពលីជីវិតផង ព្រោះមិនចង់ឃើញការជិះជាន់ សង្កត់សង្កិន គំរាមកំហែងបែបនេះ។ ការតស៊ូនេះ ផ្ដើមចេញពីបុគ្គលម្នាក់ៗ៖ «សាមីខ្លួនផ្ទាល់ៗហ្នឹង រួចហើយចាំឲ្យអ្នកឯទៀតៗ អាហ្នឹងបើគេថាការតស៊ូហ្នឹង គឺដើម្បីយុត្តិធម៌ទាំងអស់គ្នា ប្រឆាំងនឹងការរំលោភអំណាច អំពើដែលអត់មានក្នុងច្បាប់ អាហ្នឹងត្រូវធ្វើអ៊ីចឹង! ទៅខ្លាចយ៉ាងម៉េច?»។
ចំពោះលោកមេធាវី ផែង ហេង វិញ លោកពន្យល់ថា ការបញ្ចេញមតិអំពីការមិនចង់ទៅបោះឆ្នោត និងអំពាវនាវឲ្យនរណាម្នាក់ មិនទៅបោះឆ្នោត មិនមែនជាការរារាំងដល់ការបោះឆ្នោតនោះឡើយ លើកលែងតែទៅពាំងផ្លូវ ឬទាញដៃ ឬគំរាមកំហែងដោយប្រការណាមួយ៖ «រឿងដែលគាត់បង្ហាញថា គាត់មិនទៅបោះឆ្នោត ហើយប្រាប់ថាសុំឲ្យបងប្អូនដទៃទៀត កុំទៅបោះឆ្នោត វាមិនមែនជាការរារាំង ការនិយាយបែបហ្នឹង វាជាសិទ្ធិរបស់បុគ្គលគាត់ ព្រោះគាត់មិនបានឃាត់ដំណើរគេមិនឲ្យទៅបោះឆ្នោតទេ គ្រាន់តែគាត់បញ្ចេញមតិទេ។ បើគាត់មិនបានទៅអូសដៃ អូសជើងទប់ស្កាត់ទេ អាហ្នឹងវាចូលក្នុងសិទ្ធិបញ្ចេញមតិរបស់គាត់»។
ស្របពេលដែលការបោះឆ្នោត ដ៏ចម្រូងចម្រាសបំផុត កំពុងខិតជិតចូលមកដល់ ខាងគណបក្សប្រឆាំង ដែលត្រូវបានរបបលោក ហ៊ុន សែន រម្លាយ បន្តតស៊ូមតិ ដើម្បីអំពាវនាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត ស្របពេលដែលគណបក្សកាន់អំណាច ខំប្រឹងប្រកូកប្រកាសឲ្យពលរដ្ឋ ទៅបោះឆ្នោត ឲ្យបានច្រើន ដើម្បីបង្គ្រប់កិច្ច ដើម្បីចង់បង្ហាញភាពស្របច្បាប់ នៃការបោះឆ្នោតនោះ។ ទោះជាយ៉ាងនេះក្តី មិនចំពោះថា មានពលរដ្ឋទៅបោះឆ្នោតតិច ឬច្រើនប៉ុនណាទេ សហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង សុទ្ធតែបានព្រមានមិនទទួលស្គាល់ការបោះឆ្នោតខាងមុខ ដែលគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិនោះឡើយ៕