សមត្ថកិច្ចនឹង​ប្តឹង​អ្នក​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ទារ​ប្រាក់​ចន្លោះ ៥​លាន​រៀល ទៅ ២០​លាន​រៀល

ដោយ ជី វិតា
2018-07-23
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង បង្ហោះ​រូប​ថត​កាល​ពី​ថ្ងៃ​ទី​១៩​កក្កដា ​លើក​ចង្អុល​ដៃ​ជា​សញ្ញា​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន បង្ហាញ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត។ រូប​ពី​ហ្វេសប៊ុក​លោក ជា ជីវ
ក្រុម​អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង បង្ហោះ​រូប​ថត​កាល​ពី​ថ្ងៃ​ទី​១៩​កក្កដា ​លើក​ចង្អុល​ដៃ​ជា​សញ្ញា​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន បង្ហាញ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត។ រូប​ពី​ហ្វេសប៊ុក​លោក ជា ជីវ


ក្រុមយុវជន និង ពលរដ្ឋមួយចំនួន ដែលតែងបង្ហោះរូបភាពម្រាមដៃស្អាតតាមបណ្តាញសង្គមហ្វេស​បុក​ចាត់​ទុក ការគំរាមប្តឹងទារប្រាក់ជាច្រើនលានរៀល លើអ្នកបង្ហោះរូបភាពម្រាមដៃស្អាតថា ជា​ការ​ដាក់​សម្ពាធ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្មីៗ នេះ បាន​ព្រមាន​ថា សមត្ថកិច្ច​នឹង​ប្តឹង​អ្នកធ្វើយុទ្ធនាការ​ម្រាមដៃស្អាត​ដោយ​ទារ​ប្រាក់​ចន្លោះ ៥លាន​រៀល ទៅ ២០លាន​រៀល។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក (Facebook) រស់​នៅ​ខេត្ត​ស្ទឹងត្រែង និង​ក្រុម​យុវជន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ កក្កដា​ថា ការបង្ហោះរូបភាពម្រាមដៃស្អាតក្នុងបណ្តាញសង្គមហ្វេសបុក ជាការសម្តែង​មតិ និងជាសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលធានាដោយអំណាចរដ្ឋធម្មនុញ្ញ។ លើសពីនេះ​ក៏ជា​ការ​មិន​ពេញចិត្តនឹងការបោះឆ្នោតជាតិអាណត្តិទី ៦ គ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួម​ប្រកួត​ប្រជែង។

ពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង លោក ទូច សំណាង ដែលតែងបង្ហោះរូបភាពម្រាមដៃស្អាតក្នុង​បណ្តាញ​សង្គម​ហ្វេសបុក យល់ថា ម្រាមដៃមួយ ពុំមែនជាអាវុធនោះទេ គ្រាន់តែចង្អុលបង្ហាញថា ពលរដ្ឋ​មាន​សិទ្ធិគ្រប់គ្រាន់ក្នុងការទៅបោះឆ្នោត និងមិនទៅបោះឆ្នោត។ លោកផ្តាំទៅ​ថ្នាក់ដឹកនាំ​គណបក្ស ​ប្រជាជន​កម្ពុជា​ថា ខ្លួន​បាន​កម្ទេច​គណបក្ស សង្គ្រោះជាតិ រួច​ហើយ មិន​គួរ​ខ្លាច​ម្រាម​ដៃ​មួយ​របស់​ពលរដ្ឋ​នោះ​ទេ៖ «សូមឲ្យរដ្ឋាភិបាលធ្វើយ៉ាងម៉េច កុំដាក់សម្ពាធខ្លាំងពេក និង កុំភ័យព្រួយខ្លាំងពេក។ គ្រាន់​តែ​ម្រាមដៃមួយ មានឥទ្ធិពលអីរំលាយរដ្ឋាភិបាល គ្រាន់តែសម្តែងមតិ»

កាលពីថ្ងៃទី២២ កក្កដា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើក​ឡើង​ថា បើ​ចាប់​ខ្លួន អ្នក​បង្ហោះ​ម្រាម​ដៃ​ស្អាត​ដាក់​គុក គ្មាន​កន្លែង​ដាក់​នោះ​ទេ ព្រោះ​ពន្ធនាគារ​ចង្អៀត​ណែន​ហើយ។ លោក​សួរ​ទៅ​សមត្ថកិច្ច​ថ្នាក់​ក្រោម​របស់​លោក​ថា តើ​មាន​ច្បាប់​ណា​ចាប់​អ្នក​ទាំង​អស់​នោះ​ទេ? ហេតុនេះ​មាន​តែ​សម្របសម្រូល​ដោះស្រាយ​ផាក​ពិន័យ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​មិន​ចាប់​ខ្លួន អ្នក​ដែល​បង្ហោះ​រួប​ភាព​ម្រាម​ដៃ​ស្អាត ដើម្បី​បញ្ជាក់​ថា ខ្លួន​មិន​ទៅ​បោះ​ឆ្នោត​នោះ​ទេ តែ​គេ​នឹង​ប្តឹង​អ្នក​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​នោះ ទារ​ប្រាក់​ចន្លោះ ៥លាន​រៀល ទៅ ២០លាន​រៀល៖ «ចាប់​ហើយ​គ្មាន​ហេតុផល​ចាប់​ខ្លួន​ទៀត។ ពួក​ហ្នឹង​មួយ​ចំនួន ប៉ូលិស​ចង់​ទៅ​ចាប់ តែ​ខ្ញុំ​អត់​ទេ? មាន​ច្បាប់​ណា​ចាប់? មាន​តែ​ផាក​ពិន័យ​ទេ។ ប្តឹង​ទារ​ប្រាក់ ៥ទៅ ២០លានរៀល។ បើ​ម្តង​មិន​រាង​ចាល​ប្តឹង​ទៀត»

យុវជនដែលតែងបង្ហោះរូបភាពម្រាមដៃស្អាត លោក គង់ រ៉ៃយ៉ា ចាត់​ទុក​ការ​ប្តឹង​ផាក​ពិន័យ​ប្រាក់​ច្រើន​លាន​រៀល​នេះ ជា​ការ​គំរាម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសបុក។ លោក​ថា ការ​បង្ហោះ​ម្រាម​ដៃ​ស្អាត​នេះ គឺ​ជា​សញ្ញា​បញ្ជាក់​ថា ពួក​គេ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៦ នេះ គ្មាន​វត្តមាន​គណបក្ស សង្គ្រោះជាតិ។ លោក​ថា ការ​បោះឆ្នោត​គ្មាន​គណបក្ស​ដែល​ពួក​គេ​ទុក​ចិត្ត ហើយ​បែរ​ជា​បង្ខំ​ឲ្យ​ពួក​គាត់​ទៅ​បោះ​ឆ្នោត​ទៀត គឺ​ជា​ទង្វើ​ពិបាក​ទទួល​យក​បាន និង​ជា​រឿង​មិន​ត្រឹមត្រូវ៖ «គ្រាន់​តែ​លើក​ដៃ ម្រាម​ដៃ​ស្អាត អាច​ចាត់​ទុក​ជា​ការ​អំពាវ​នាវនា ចឹង​យើង​ក៏​អាច​និយាយ​ថា អ្នក​ចូល​បន្ទប់​ទឹក​ក៏​អាច​គំរាម​កំហែង​ថ្នាក់​ដឹក​នាំ។ ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ មិន​សប្បាយ​ចិត្ត​ការ​លើក​ឡើង​របស់​គាត់ ហើយ​ក៏​មិន​អាច​ទទួល​យក​បាន»

មន្ត្រីជាន់ខ្ពស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស សួរថា តើ​ការ​បង្ហោះ​ម្រាម​ដៃ​ស្អាត​តាម​បណ្តាញ​សង្គម​ហ្វេសបុក បង្ក​ជា​គ្រោះ​ថ្នាក់ និង​គំរាមកំហែង​ដល់​អ្នក​ដទៃ​ដែរ​ឬ​ទេ? លោក​ថា បើ​ការ​បង្ហោះ​នេះ គ្មាន​ការ​គំរាមកំហែង និង​បំភិត​បំភ័យ​នោះ​ទេ គឺ​ជា​ការ​សម្តែង​មតិ និង​តស៊ូ​មតិ ដែល​ច្បាប់​បាន​អនុញ្ញាត៖ «ត្រូវ​កំណត់​ឲ្យ​ច្បាស់​ការ​លើក​ដៃ​បង្ហោះ ទោស​ក្នុង​បទ​អី? បើ​សិន​ជា​អូសទាញ និង​ការ​គំរាម​គេ ហ្នឹង​គាត់​ខុស។ គ្រាន់​តែ​លើក​ដៃ ជា​ការ​សម្រេច​ចិត្ត​របស់​គាត់ និង​ជា​ការ​តស៊ូ គ្មាន​អី​ត្រូវ​មាន​ទោស​ទេ»

លោក​មេធាវី ជួង ជូងី ពន្យល់​ថា មិន​មាន​ទោស​ទេ ចំពោះ​អ្នក​មិន​ទៅ​បោះឆ្នោត និង​អ្នក​អំពាវនាវ​មិន​អោយ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ។ លោក​ថា អ្នក​គំរាម​គេ​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត​ទៅ​វិញ​ទេ ទើប​មាន​ទោស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles