នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ​ត្រូវ​បាន​បំពាក់​ឧបករណ៍​ ដើម្បី​រក្សា​សន្ដិសុខ​អំឡុង​បោះឆ្នោត

កងកម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដែល​ត្រូវ​បាន​បំពាក់​ឧបករណ៍ កាលពី​ថ្ងៃទី​ ២៣ ​។ រូប នគរបាល




ភ្នំពេញប៉ុស្តិ៍

បន្ទាយមានជ័យៈ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បំពាក់​សម្ភារ​ឧបករណ៍​ប្រឆាំង​បាតុកម្ម និង​កូដកម្ម​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ជាង ៧០០ ​នាក់​ដើម្បី​ត្រៀម​ទប់ស្កាត់​លើ​បាតុកម្ម និង​កូដកម្ម​ដែល​នឹង​កើតឡើង​ជាយថាហេតុ មុន និង​ក្រោយ​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ចុង​ខែ​កក្កដា​នេះ​ដែល​អ្នក​ឃ្លាំមើល​ថា ជា​ការ​ធ្វើឲ្យ​មាន​ការ​ព្រួយបារម្ភ​ដល់​ពលរដ្ឋ​។

សម្ភារ និង​ឧបករណ៍​ប្រឆាំង បាតុកម្ម និង​កូដកម្ម​ដែល​បំពាក់​ឲ្យ​កងកម្លាំង រួម​មាន​ដូចជា ខែល ដំបង គ្រាប់​បែកផ្សែង និង​កាំភ្លើង​បាញ់​គ្រាប់​ផ្សែង​បង្ហូរ​ទឹកភ្នែក អាវុធ​ធុន​ស្រាល​។ ការបំពាក់​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៣ ខែ​កក្កដា ខណៈ​ពេល​មាន​ការ​ហ្វឹកហាត់​ពី​យុទ្ធសាស្ត្រ​ទប់ស្កាត់​លើ​បាតុកម្ម និង​កូដកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​ស្ទើរតែ​ទូទាំង​ប្រទេស​ដូចជា ក្រុង​ភ្នំពេញ ខេត្ត​កំពង់ចាម កំពង់ឆ្នាំង​ស្ទឹងត្រែង រតនគិរី បាត់ដំបង កណ្តាល ត្បូងឃ្មុំ កោះកុង ព្រៃវែង មណ្ឌលគិរី ឧត្តរមានជ័យ ស្វាយរៀង ពោធិ៍សាត់ កំពង់ធំ និង​ខេត្ត​បន្ទាយមានជ័យ ព្រម​ទាំង​មាន​ការ​ចល័ត​កងទ័ព​នាពេល​ថ្មីៗ​នេះ​ទៀត​ផង​។

លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ការបំពាក់​សម្ភារ​ឧបករណ៍​ប្រឆាំង​បាតុកម្ម និង​កូដកម្ម​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ជាង​ ៧៨៩ ​នាក់​គឺជា​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ការពារ​សន្តិសុខ មុន​ថ្ងៃ​បោះឆ្នោត ព្រោះ​មាន​ក្រុម​ប្រឆាំង​ទាំង​ក្រៅ​ស្រុក និង​ក្នុង​ស្រុក​មួយ​ចំនួន​ប៉ុនប៉ង​បំផ្លាញ​ការបោះឆ្នោត ហើយ​ថា​បំពាក់​ឧបករណ៍​ប្រឆាំង​បាតុកម្ម និង​កូដកម្ម​ដល់​កងកម្លាំង​នគរបាល​មិន​បាន​ធ្វើឲ្យ​ប្រជាជន​មាន​ការ​ព្រួយបារម្ភ និង​ភ័យខ្លាច​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​នេះ​គឺជា​គោលដៅ​របស់​យើង​ក៏​ដូចជា​របស់​ប្រមុខ​រដ្ឋាភិបាល និង​របស់​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​។ យើង​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សន្តិសុខ​គ្រប់គ្រាន់​សម្រាប់​ការបោះឆ្នោត​។ គេ (​ក្រុម​ប្រឆាំង​)​មាន​ឧបាយកល​របស់​គេ​រឿង​របស់​គេ ហើយ​គេ​និយាយ​យ៉ាង​ម៉េច​និយាយ​ទៅ តែ​តួនាទី​ភារកិច្ច​របស់​ប៉ូលិស​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​»​។

លោក​ អាត់ ខែម ក៏​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា​ពួក​ប្រឆាំង​បាន​ប្រើប្រាស់​រូបភាព​ផ្សព្វផ្សាយ​ព័ត៌មាន​បំភិតបំភ័យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចេញ​ទៅ​បោះឆ្នោត ញុះញង់​បំផុស​បំផុល​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​បង្ក​ចលាចល​សង្គម និង​ប្រើប្រាស់​រូបភាព​ការ​បំផ្ទុះ​គ្រាប់​ដើម្បី​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​ជាដើម​។

កាលពី​ព្រឹក​ថ្ងៃទី​ ២៣ ខែ​កក្កដា​នៅ​ទីធ្លា​មុខ​សាលប្រជុំ​ធំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​បាន​បើក​ការហ្វឹកហាត់​របស់​កងអន្តរាគមន៍​ពិសេស​ ១២០ ​នាក់ និង​កង​អន្តរាគមន៍​ជំនួយ​ ១២០ ​នាក់​ផងដែរ​ក្នុង​នោះ​មាន​ហ្វឹកហាត់​បច្ចេកទេស​ប្រើប្រាស់​អាវុធ​ផ្សែង និង​របៀប​គប់​គ្រាប់បែក​ផ្សែង និង​រូបភាព​ទប់ស្កាត់​ហ្វូង​បាតុករ​របស់​កងអនុសេនា​តូច​។

ប៉ុន្តែ​លោក​ សម គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​បាន​អះអាង​ថា ការបំពាក់​សម្ភារ​ឧបករណ៍​ប្រឆាំង​បាតុកម្ម និង​កូដកម្ម​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ជាង ៧០០ ​នាក់​ដើម្បី​ត្រៀម​ទប់ស្កាត់​លើ​បាតុកម្ម កូដកម្ម និង​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​ទប់ស្កាត់​លើ​បាតុកម្ម និង​កូដកម្ម​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​មាន​ការ​ភ័យខ្លាច និង​ព្រួយបារម្ភ​។

លោក​ថា​៖ «​នេះ​គឺជា​វិធានការ​គ្រោង​ទុក​របស់​រដ្ឋាភិបាល​ ខណៈ​ពេល​ដែល​គ្មាន​នរណា​មាន​បំណង​អាក្រក់​ចង់​បំផ្លាញ​ដំណើរការ​បោះឆ្នោត​ទេ​។ យើង​មើល​ពុំ​ឃើញ​សកម្មភាព​ណា​ដែល​អាច​អុកឡុក​ការបោះឆ្នោត​។ វា​បង្ហាញ​ថា​ការបោះឆ្នោត​នេះ​មិន​សុវត្ថិភាព មាន​ន័យ​ថា​យើង​មិន​ទុកចិត្ត​ស្ថានភាព​បោះឆ្នោត​ដោយសារ​ខ្លាច​មាន​ការ​តវ៉ា ឬ​អុកឡុក​»​។

កន្លង​ទៅ​លោក​ ជាម ច័ន្ទនី អតីត​តំណាងរាស្ត្រ​នៃ​អតីតគណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ថ្លែង​ថា​ការហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​ទប់ស្កាត់​លើ​បាតុកម្ម និង កូដកម្ម​ដើម្បី​ទប់ទល់​នឹង​អ្វី​ដែល​អាច​កើតឡើង​ជាយថាហេតុ​គឺជា​ការបង្ហាញ​សាច់ដុំ​របស់​រដ្ឋាភិបាល​ថា​ខ្លួន​មាន​អាវុធ និង​កម្លាំង​ធ្វើការ​បង្ក្រាប​អ្នក​តវ៉ា ហើយ​ការធ្វើ​បែប​នេះ​គឺ​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​មាន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ពី​សុវត្ថិភាព​ពួកគេ​៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles