លោក​មេធាវី ជូង ជូងី រង​ការ​ប្ដឹងផ្ដល់​ដោយ​ចោទ​ថា​បាន​ញុះញង់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត

ដោយ ទីន ហ្សាការីយ៉ា
2018-07-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​មេធាវី ជូង ជូងី ថ្លែង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA
លោក​មេធាវី ជូង ជូងី ថ្លែង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA


គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤ កក្កដា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ស្នើ​ឲ្យ​ចាត់ការ​លោក មេធាវី ជូង ជូងី ដោយ​ចោទ​ថា បាន​ញុះញង់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត ដោយ​សំអាង​ថា ខុសច្បាប់​បោះឆ្នោត​ត្រង់​មាត្រា​១៤២។ លោក ជូង ជូងី ថ្មីៗ​នេះ បាន​បកស្រាយ​ច្បាប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់ខ្លួន អំពី​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ដែល​មិន​ទៅ​បោះឆ្នោត ឬ​ប្រាប់​អ្នកដទៃ​មិន​អោយ​ទៅ​បោះឆ្នោត​ថា មិន​ខុសច្បាប់​នោះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​ដាក់​ពាក្យ​ប្ដឹង​លោក ជូង ជូងី ទៅ​គ..ប ស្នើ​ឲ្យ​ចាត់វិធានការ​ច្បាប់​លើ​លោក ជូង ជូងី នេះ ដោយ​យោង​តាម​មាត្រា ១៤២​នៃ​ច្បាប់​បោះឆ្នោត។

លោក សុខ ឥសាន បន្ថែម​ថា លោក ជូង ជូងី ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រួប ដែល​តុលាការ​កំពូល​បិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ។ ក្រៅ​ពី​នេះ​ទៀត លោក សុខ ឥសាន្ត ចាត់​ទុក​ការ​ពន្យល់​ផ្លូវច្បាប់​លោក ជូង ជូងី អំពី​សិទ្ធិ​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត នោះ​ថា ជា​ការ​ញុះញង់ ដែល​ផ្ទុយ​ពី​មាត្រា១៤២ នៃ​ច្បាប់បោះឆ្នោត៖ «ចំណុច​ទី​២​ពាក់ព័ន្ធ​ការ​បកស្រាយ ខ្លឹមសារ គាត់​គ្មាន​សមត្ថកិច្ច​បក​ស្រាយ​អី​ដែល​រំលោភ​លើ​សមត្ថកិច្ច​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​មិន​ត្រូវ​លើ​គោលការណ៍​នោះ​ទេ»

អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា ដើម្បី​សួរ​ពី​ករណី​ប្ដឹង នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​២៤ កក្កដា។

លោក មេធាវី ជូង ជូងី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ករណី​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​លោក​នេះ​ទេ ដោយ​លោក​ប្រាប់​ថា លោក​មិនទាន់​ដឹង​រឿង​នេះ។ ប៉ុន្តែ​កាលពី​ថ្ងៃទី១៧ កក្កដា លោក ជូង ជូងី នៅ​លើ​ហ្វេសប៊ុក លោក​មាន​ប្រសាសន៍​ថា មិន​ទៅ​បោះឆ្នោត ឬ​ប្រាប់​គេ​មិន​ទៅ​បោះឆ្នោត​មិន​មាន​ទោស​ទេ៖ «មិន​មាន​មាត្រា​ណា​ចែងថា អ្នក​ដែល​មិន​ទៅ​បោះឆ្នោត គឺ​មាន​កំហុស ឬក៏​មានទោស​យ៉ាងណា​នោះ​ទេ។ ដូចគ្នា​នេះ​ដែរ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ អត់​មាន​មាត្រា​ណា​ដែល​ចែង​ពាក់ព័ន្ធ​ទៅ​នឹង​ការបោះឆ្នោត​នោះ​ឡើយ​។ ដូច្នេះ​បងប្អូន ទោះបី​ទៅ​បោះឆ្នោត​ក្ដី មិន​ទៅ​បោះឆ្នោត​ក្តី គឺ​អត់​មាន​មាត្រា​ណា​ចែងថា​ជា​បទល្មើស​ទេ។ ទោះបី​បងប្អូន​ទៅ​បោះឆ្នោត ក៏​ជា​ការ​ប្រើ​សិទ្ធិ​ទៅ​ចូលរួម​បោះឆ្នោត​របស់​បងប្អូន ទោះបី​បងប្អូន​មិន​ទៅ​បោះឆ្នោត ក៏​បងប្អូន​ប្រើ​សិទ្ធិ​មិន​ចូលរួម​បោះ​បោះឆ្នោត​របស់​បងប្អូន​នោះ​ដែរ»

មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា លោក គី តិច បាន​ពន្យល់​បន្ថែម​នៅ​លើ​ឧបករណ៍​បំពង​សំឡេង​របស់​លោក ហ៊ុន សែន ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៨ និង​បន្ត​រហូតមកដល់​បច្ចុប្បន្ន លោក ជូង ជូងី ដែល អាសយដ្ឋាន​ស្នាក់នៅ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ តាម​បណ្ដាញ​សង្គម Facebook របស់​ខ្លួន ប្រព្រឹត្ត​អំពើ​ទុច្ចរិត រំលោភបំពាន​លើ​បញ្ញត្តិ​មាត្រា​១៤២ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ សកម្មភាព​របស់​ឈ្មោះ ជូង ជូងី នេះ​គឺ​ពិត​ជា​មាន​ចេតនា និង​គោលបំណង​ច្បាស់លាស់ ក្នុង​ការ​បំផុត​គំនិត​ទប់ស្កាត់ និង​រារាំង​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ទៅ​បោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ។ លោក គី តិច មិន​ពន្យល់​បន្ថែម​លើ​ករណី​បណ្ដឹង​ដាក់ពាក្យ​បណ្ដឹង​នេះ​ទេ នៅ​ថ្ងៃ​ទី​២៤ កក្កដា។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ប្រៀបធៀប​របប​ដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន សែន ទៅ​នឹង​ប្រទេស​ផ្ដាច់ការ ដែល​ប្រទេស​ផ្ដាច់ការ ឬ​កុម្មុយនិស្ត តែងតែ​បកស្រាយ​ច្បាប់​បែប​ទូលាយ ដើម្បី​ទាញ​ភ្ជាប់​អ្នក​ដែល​ប្រឆាំង​ខ្លួន​យក​មក​ដាក់​ទោស​ទណ្ឌ។ នៅ​ត្រង់​ចំណុច​នេះ លោក​បញ្ជាក់​ថា ពាក្យ “​រារាំង​” នៅ​ក្នុង​មាត្រា ១៤២​នេះ គឺ​មាន​ភាព​ចម្រូងចម្រាស​ទៅលើ​ការ​បកស្រាយ ពោល​គឺ​មិន​ត្រូវ​បកស្រាយ​ន័យ​ទូលាយ ដើម្បី​គ្រាន់តែ​ជា​ការ​គំរាមកំហែង​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​នោះ​ឡើយ៖ «ការពិត​រារាំង គឺ​ទាល់​តែ​មាន​ជា​កម្លាំង ជា​ឧបករណ៍ ជា​អ្វី​កុំ​ឲ្យ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ទៅ​បោះឆ្នោត​បាន។ រួច​ការរារាំង​នេះ គឺ​អាច​មើល​ឃើញ។ បើ​វា​អត់​មើល​ឃើញ​ដូច្នេះ។ នៅ​ក្នុង​ប្រទេស​សេរី គេ​គោរព​អំណាច​ច្បាប់ គេ​បកស្រាយ​ចង្អៀត មិន​ទូលាយ​ដូច្នេះ​ទេ។ មានតែ​នៅ​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​ទេ ដែល​គេ​បកស្រាយ​ច្បាប់​ឲ្យ​ទូលាយ ដើម្បី​ចោទប្រកាន់​បាន។ អាហ្នឹង​មិន​ត្រូវ​ទេ»

ការ​ដាក់​ពាក្យ​ប្ដឹង​លោក ជូង ជូងី នេះ នៅ​ក្រោយ​ពេល លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២២ កក្កដា ថ្លែង​នៅ​ខែត្រ​ព្រៃវែង​មិន​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន អ្នក​ដែល​អំពាវនាវ​មិន​ទៅ​បោះឆ្នោត​នេះ​ទេ ព្រោះថា​គ្មាន​ច្បាប់​ណាមួយ​ចែងថា អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ឬ​មិន​ទៅ​បោះឆ្នោត​ខុសច្បាប់​ដែរ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​មន្ត្រី​បក្ស​របស់​លោក​ដាក់ពាក្យ​ប្ដឹង​ទៅ​គ..ប ដើម្បី​ឲ្យ​ចាត់ការ​តាមច្បាប់​បោះឆ្នោត​មាត្រា ១៤២ ដែល​ពិន័យ​ជា​ប្រាក់​វិញ​៖ «មាន​អ្នកខ្លះ គេ​ធ្វើ​យុទ្ធនាការ​ដៃ​ស្អាត នាំគ្នា​មួយ​ហ្វូង​អ៊ីចឹង​ទៅ​! ពួក​ហ្នឹង​មួយ​ចំនួន បងប្អូន​យើង​ចង់​ទៅ​ចាប់ តែ​ប៉ូលិស​សមត្ថកិច្ច។ ខ្ញុំ​ថា​អត់​បានទេ មើល​ច្បាប់​ទៅ​! ប្ដឹង​មានតែ​ប្ដឹង​ផាក​ទេ ប្រាំ​ទៅ​ម្ភៃ​លាន។ បើ​ម្ដង​មិន​រៀង​ចាល ប្រាំ​ទៅ​ម្ភៃ​លាន​រៀន​ទៀត​។ ម្ដង​មិន​រៀង​ចាល ប្រាំ​ទៅ​ម្ភៃ​លាន​រៀល​ទៀត»

ទោះបីជា​យ៉ាង​នេះ​ក្ដី ការ​ផាក​ពិន័យ ៥​លាន​រៀល ដល់ ២០​លាន​រៀល​នេះ មិនមាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ទេ ប៉ុន្តែ​មាន​ចែង​ជាពិសេស​ក្នុង​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ត្រង់​មាត្រា ១៤២ ដោយមាន​ចែង​ពី​ពាក្យ​ថា “​រារាំង​” ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ទៅ​បោះឆ្នោត​។ ទោះជា​យ៉ាង​នេះ​ក្តី ច្បាប់បោះឆ្នោត​នេះ មិន​មាន​ចែង​ពី​និយមន័យ​នៃ​ពាក្យ “​រារាំង​” នេះ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ឡើយ។ ប្រការ​នេះ​លោក ផែង ហេង បាន​ស្នើ​ឲ្យ​អ្នកបកស្រាយ​ច្បាប់ ត្រូវ​យោង​ទៅ​មាត្រា ៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ដែល​ចែង​អំពី​ការ​បកស្រាយ​ច្បាប់ ដែល​ត្រូវ​បកស្រាយ​យ៉ាង​តឹងរ៉ឹង។ ច្បាប់​បាន​ចែង​ថា ចៅក្រម​មិន​អាច​ពង្រីក​វិសាលភាព​អនុវត្ត ឬ​ប្រព្រឹត្ត​តាម​សទិសភាព ឬ​ភាព​ស្រដៀង​បាន​នោះ​ឡើយ៖ «សម្រាប់​ការ​បកស្រាយ​ច្បាប់ យើង​ត្រូវ​បកស្រាយ​តាមច្បាប់​បោះឆ្នោត ដែល​ជា​ច្បាប់​ពិសេស។ យើង​មិន​បក​ន័យ​ទូទៅ​ទេ។ ដូច្នេះ ការរារាំង​ក្នុង​ច្បាប់បោះឆ្នោត គឺ​សំដៅ​លើ​ការទប់ស្កាត់ មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ឬ​ការ​រក​វិធី​ធ្វើ​ម៉េច​កុំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ដើរ​ទៅ​បោះឆ្នោត អាច​ទៅ​បោះឆ្នោត​បាន។ អាហ្នឹង​បានជា​សកម្មភាព​រារាំង»

ការបោះឆ្នោត​នីតិកាល​ទី​៦​ដ៏​ចម្រូងចម្រាស​នេះ ដែល​សហគមន៍​អន្តរជាតិ​ចាត់ទុកថា​ការបោះឆ្នោត​នេះ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ និង​ជា​ការ​បោះឆ្នោត​បែប​លេងសើច​នោះ នឹង​មកដល់​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ។ ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​រួម​ទាំង​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ ស្រុក កំពុង​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​នេះ នឹង​មិន​ទៅ​បោះឆ្នោត។ រីឯ ខាង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ក៏​ដាក់ពាក្យ​ប្ដឹង​អ្នកធ្វើ យុទ្ធនាការ​នេះ​ទៅ​គ..ប ហើយ​ចោទ​ពី​បទ​ញុះញង់ តាម​មាត្រា​១៤២ នៃ​ច្បាប់បោះឆ្នោត។ រីឯ លោក បណ្ឌិត ឡៅ ម៉ុងហៃ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​បណ្ដឹង​ទាំងនោះ ត្រូវ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន តតាំង​ទៅ​នឹង​របប​កំពុងតែ​គាបសង្កត់ និង​ជិះជាន់​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles