អាជ្ញាធរជម្លៀសពលរដ្ឋជាង២០០គ្រួសារទៅទីទួលសុវត្ថិភាពក្រោយបាក់ទំនប់វារីអគ្គីសនីនៅឡាវ

| |
https://vodhotnews.com

ពលរដ្ឋស្រុកសៀមប៉ាវ ខេត្តស្ទឹងត្រែងផ្លាស់ទៅទីទួលសុវត្ថិភាព ក្រោយពីទំនប់វារីអគ្គិសនីនៅឡាវបាក់រលំ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)


អាជ្ញាធរខេត្តស្ទឹងត្រែងជាប់ព្រំដែនប្រទេសឡាវនៅថ្ងៃនេះឲ្យដឹងថា ប្រជាពលរដ្ឋជាង ២០០គ្រួសារ​ត្រូវបានជម្លៀសចេញទៅទីទួលសុវត្ថិភាព បន្ទាប់ពីទឹកជំនន់ហូរធ្លាក់ពីប្រទេសឡាវចូលនៅក្នុងខេត្តនេះបានហក់ឡើងខ្លាំង ។

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់ ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជាង ២០០ គ្រួសារទៅទីទួលសុវត្ថិភាព ហើយគ្រោងនឹងជម្លៀសប្រជាពលរដ្ឋជាង ១៣ ០០០ គ្រួសារដែលរស់នៅតាមដងទន្លេសេកុង បន្តទៀត ប្រសិនបើទឹកនៅតែបន្តហក់ឡើងខ្លាំងនោះ។

លោកបន្តថា អាជ្ញាធរបានត្រៀមកម្លាំងជាង ៧០០ នាក់ ដាក់នៅតាមឃុំនីមួយៗនៃស្រុកសៀមប៉ាង រួមទាំងត្រៀមស្បៀង និងសម្ភារមួយចំនួនទៀត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ បន្ទាប់ពីទឹកបានហក់ឡើងដល់កម្ពស់ ១៣ ម៉ែត្រ ហើយអាចហក់ឡើងខ្លាំងជាងនេះទៀត ។


ស្ថានភាពនៃកម្ពស់ទឹកកើនឡើងខ្លាំង ហើយ​ល្បឿនទឹកហូរពីផ្នែកខាងលើពីទន្លេសេសានចូលទន្លេសេកុងខ្លាំង ធ្វើឲ្យទឹកអាចឡើងទៅដល់តំបន់ផ្សេងៗទៀត ជាពិសេសវាអាចចូលទៅតាមអូរ ទៅតាមអីវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ បើកាលណាគាត់មិនបានធ្វើការប្រុងប្រយ័ត្នទេ។ អញ្ចឹងយើងបានធ្វើការផ្សព្វផ្សាយទូលំទូលាយ តាមវិទ្យុ តាមឃោសន្ទស័ព្ទ ហើយនឹងជូនដំណឹងតាមអាជ្ញាធរមូលដ្ឋានរួមហើយ ។ វិធានការទី ២​គឺប្រចាំតាមគោលដៅទាំងអស់ គឺចែងឲ្យកម្លាំងទាំងអស់ គ្រប់ទៅតាមគោលដៅដែលរងផលប៉ះពាល់នៅតាមបណ្ដាលឃុំ និងបណ្ដាលភូមិ ចំណុចទីតាំងសំខាន់ៗហ្នឹងឲ្យទៅត្រៀមជួយប្រជាពលរដ្ឋ

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់


លោកបន្តថា ក្រៅពីកម្លាំងជាង ៧០០នាក់ លោកថា ដែលដាក់ប្រចាំការនៅស្រុកសៀមប៉ាងនេះ ក៏មានការត្រៀមកម្លាំងនៅតាមក្រុង និងស្រុកមួយចំនួនផ្សេងៗទៀតនៃខេត្តស្ទឹងត្រែងផងដែរ។

កាលពីថ្ងៃទី២៤ ខែកក្កដានេះ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ទៅប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង ជាពិសេសអាជ្ញាធរខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀងលក្ខណៈ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីទំនប់វារីអគ្គិសនី​​សេពានសេណាមណយស្ថិតនៅចំងាយប្រមាណជា៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ​ បានបាក់ ខណៈដែលទំនប់វារីអគ្គិសនី​​នេះ មានសមត្ថភាពស្តុកទឹកបាន​៥ពាន់លានម៉ែត្រគូប។

ពលរដ្ឋស្រុកសៀមប៉ាវ ខេត្តស្ទឹងត្រែងផ្លាស់ទៅទីទួលសុវត្ថិភាព ក្រោយពីទំនប់វារីអគ្គិសនីនៅឡាវបាក់រលំ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)


ពលរដ្ឋស្រុកសៀមប៉ាវ ខេត្តស្ទឹងត្រែងផ្លាស់ទៅទីទួលសុវត្ថិភាព ក្រោយពីទំនប់វារីអគ្គិសនីនៅឡាវបាក់រលំ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)


ពលរដ្ឋស្រុកសៀមប៉ាវ ខេត្តស្ទឹងត្រែងផ្លាស់ទៅទីទួលសុវត្ថិភាព ក្រោយពីទំនប់វារីអគ្គិសនីនៅឡាវបាក់រលំ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)


ពលរដ្ឋស្រុកសៀមប៉ាវ ខេត្តស្ទឹងត្រែងផ្លាស់ទៅទីទួលសុវត្ថិភាព ក្រោយពីទំនប់វារីអគ្គិសនីនៅឡាវបាក់រលំ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)



ពលរដ្ឋស្រុកសៀមប៉ាវ ខេត្តស្ទឹងត្រែងផ្លាស់ទៅទីទួលសុវត្ថិភាព ក្រោយពីទំនប់វារីអគ្គិសនីនៅឡាវបាក់រលំ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)


ទឹកលិចក្នុងភូមិ អ្នកស្រុក​សៀមប៉ាវ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)


ទឹកលិចក្នុងភូមិ អ្នកស្រុក​សៀមប៉ាវ (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles