កម្លាំងនគរបាលត្រៀមការពារដំណើរការបោះឆ្នោត។ រូបថត AFP
Thu, 26 July 2018
ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមកម្លាំងប្រមាណជិត ៥០០០ នាក់ដើម្បីទប់ស្កាត់គ្រប់ឧបាយកល និងការបង្កចលាចលនយោបាយរបស់ក្រុមប្រឆាំង និងក្រុមសម្ព័ន្ធអមិត្តទាំងក្នុង និងក្រៅប្រទេសដែលកំពុងខិតខំបង្កជាឧបសគ្គដើម្បីបំផ្លាញដំណើរការបោះឆ្នោត។ នេះបើយោងតាមការថ្លែងឲ្យដឹងរបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងអគ្គស្នងការរងនគរបាលជាតិ។
សារនយោបាយនេះធ្វើឡើងបន្ទាប់ពីមន្ត្រីក្រសួងមហាផ្ទៃបានព្រមានថា អ្នកប្រឌិតព័ត៌មានទាំងឡាយក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតនឹងត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌ និងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណា ឬក្រុមណាដែលបានចូលរួមធ្វើយុទ្ធនាការ ម្រាមដៃស្អាត ខណៈពេលមន្ត្រីអតីតគណបក្សសង្គ្រោះជាតិបាននិងកំពុងខិតខំធ្វើយុទ្ធនាការឲ្យប្រជាពលរដ្ឋពហិការក្នុងការបោះឆ្នោត។
ក្នុងពិធីត្រួតពិនិត្យ និងសំណេះសំណាលកងកម្លាំងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាព្រឹកថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០១៨លោក ជួន សុវណ្ណ បានថ្លែងទៅកាន់កម្លាំងប្រមាណជិត ៥០០០ នាក់ដែលត្រៀមរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នេះ។
លោកថ្លែងថា៖ «ពង្រឹងគ្រប់វិធានការជំនាញដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពរបស់ក្រុមភេរវករដែលមានឧបាយកលប៉ុនប៉ងធ្វើសកម្មភាពគំរាមកំហែង ឬធ្វើឃាតថ្នាក់ដឹកនាំជាន់ខ្ពស់ ឥស្សរជនសំខាន់ បេក្ខជនវាគ្មិន ប្រជាពលរដ្ឋ ឬដាក់គ្រឿងផ្ទុះបង្កសំឡេងនៅតាមទីប្រជុំជនសំដៅបង្កឲ្យមានចលាចលក្នុងរាជធានីភ្នំពេញដើម្បីជាឧបសគ្គបំផ្លាញការបោះឆ្នោត»។
លោក សុវណ្ណ ថ្លែងបន្តថា៖ «ទប់ស្កាត់ឲ្យទាន់ពេលវេលារាល់សកម្មភាពរបស់ក្រុមប្រឆាំង ក្រុមសម្ព័ន្ធអមិត្តទាំងក្នុង និង ក្រៅប្រទេសដែលកំពុងខិតខំរិះរកគ្រប់វិធីដើម្បីញុះញង់បង្កជាឧបសគ្គ ឬឈានទៅបំផ្លាញការបោះឆ្នោត ការបំភិតបំភ័យ ការឃោសនាញុះញង់ឲ្យពលរដ្ឋ កម្មករ មន្ត្រីរាជការ ធ្វើបាតុកម្ម កូដកម្ម និងការតវ៉ាទាមទារផ្សេងៗ ឬផ្សព្វផ្សាយសង្គ្រាមចិត្តសាស្ត្របំប៉ោងសភាពការណ៍មិនពិតដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានភាពស្រពេចស្រពិល ភ័យខ្លាចមិនហ៊ានទៅចូលរួមបោះឆ្នោតដើម្បីចាត់ការតាមផ្លូវច្បាប់»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងប្រាប់ភ្នំពេញប៉ុស្តិ៍ ថា៖ «យើងមានព័ត៌មានមួយចំនួនកំពុងតែវិភាគថា ពិត ឬមិនពិតហើយយើងដឹងថា មានក្រុមមួយចំនួនមានគោលការណ៍ក្រោយបោះឆ្នោតហើយយើងដឹងផែនការមុនហើយ។ គាត់មានបំណងចង់អុកឡុក ហើយយើងមានវិធានការទប់ស្កាត់ហើយ»។
លោក ជាម ច័ន្ទនី អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានបដិសេធការចោទប្រកាន់របស់មន្ត្រីបក្សកាន់អំណាចដោយបានអះអាងថា គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលរួចហើយកាលពីចុងឆ្នាំ ២០១៧។
លោក ច័ន្ទនី ថ្លែងថា៖ «យើងមិនដែលបានទាក់ទងអីគ្នាទេ។ យើងគ្រាន់តែមើលទៅតាមហ្វេសប៊ុកហើយពេលខ្លះស៊ែរ៍ ក៏មិនហ៊ាន ដូច្នេះដំណឹងអស់នេះយើងមិនបានដឹងទេ ហើយយើងក៏មិនធ្វើអត្ថាធិប្បាយអីដែរ។ ក្រុមសង្គ្រោះជាតិមិនធ្វើផែនការបែបហ្នឹងទេ។ យើងមិនដឹងគេបានព័ត៌មានពីប្រភពណាទេ»៕
Contact author: ម៉ិច ដារ៉ា