មន្ត្រី​ ថាសារ​ផ្ញើ​ឲ្យ​ពលរដ្ឋ​អាមេរិក​ប្រុងប្រយ័ត្ន​ថ្ងៃ​បោះឆ្នោត​ មាន​ចរិត​នយោបាយ

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ រូបថត ភ្នំពេញ ប៉ុស្តិ៍




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​លើ​សារ​ព្រមាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​នៅ​កម្ពុជា​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ថ្ងៃទី​ ២៩ កក្កដា (​ព្រោះ​) អាច​មាន​ការ​បញ្ឆេះ​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ខាង​នយោបាយ បាតុកម្ម​ ឬ​ការ​ចល័ត​កម្លាំង​សន្តិសុខ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា សភាពការណ៍​ពិត​នៅ​កម្ពុជា​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ស្ថិត​នៅ​ក្រោម​ដំបូល​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ដោយ​គ្មាន​នរណា​ម្នាក់​ភ័យព្រួយ​ដូច​សារ​ព្រមាន​របស់​ស្ថានទូត​អាមេរិក​នោះ​ទេ ប៉ុន្តែ​សារ​ព្រមាន​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ចរិត​ខាង​នយោបាយ​ដោយ​បាន​បំភិត​បំភ័យ​ជា​ប្រយោល​ និង​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​វា​ហាក់​ដូចជា​មាន​ការ​ព្រួយបារម្ភ​ទៅ​លើ​សុវត្ថិភាព​។

លោក សុខ ឥសាន ថ្លែង​ថា​៖ «​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​សុវត្ថិភាព​ជាក់ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ហើយ​ចោទ​ថា ការជូន​ដំណឹង​របស់​ទូត​អាមេរិក​គឺ​ធ្វើ​ដោយ​មាន​ហេតុផល​នយោបាយ​ដោយ​ចង់​បង្ហាញ​ថា ការបោះឆ្នោត​នៅ​កម្ពុជា​ពុំ​មាន​សុវត្ថិភាព​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​វា​គ្មាន​ប្រសិទ្ធភាព​ទេ​បញ្ហា​សំខាន់​សភាពការណ៍ ជាក់ស្តែង​ហើយ​វា​អត់​ជាក់ស្តែង​ផង​ហើយ​គាត់​និយាយ​ផ្ទុយ​ពី​ការពិត​ហើយ​គ្មាន​ស្ថានទូត​ណា​គេ​ជឿ​ទៅ​លើ (​ការលើក​ឡើង​របស់​គាត់​) ​ទេ​»​។

សារ​ព្រមាន​របស់​ស្ថានទូត​អាមេរិក​ដល់​ពលរដ្ឋ​អាមេរិកាំង​នៅ​កម្ពុជា​ដែល​បាន​ដាក់​នៅក្នុង​គេហទំព័រ​ស្ថានទូត​កាលពី​ថ្ងៃទី​ ២៤ បាន​ឲ្យ​ដឹង​ថា ស្ថានទូត​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​គេច​ចេញ​ពី​ក្រុម​មនុស្ស​ច្រើន​ហើយ​គេច​ខ្លួន​ចេញ​ពី​តំបន់​នោះ​ជា​បន្ទាន់​គេច​ចេញ​ពី​ក្រុម​បាតុកម្ម​ និង​សកម្មភាព​ទាក់ទង​នឹង​ការបោះឆ្នោត​ជាដើម​។

សារ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​ថ្វីបើ​ការជួបជុំ​ខាង​នយោបាយ​នាពេល​ថ្មីៗ​នេះ​នៅ​កម្ពុជា​មិន​មាន​អំពើ​ហិង្សា (​ប៉ុន្តែ​) បាតុកម្ម​ ឬ​ការប្រមូលផ្ដុំ​អាច​ក្លាយ​ទៅ​ជា​ការ​ប្រឈម​ដោយ​គ្មាន​ការ​ប្រាប់​ឲ្យ​ដឹង​ជា​មុន​»​។

លោក Arend C. Zwartjes អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​សារ​ព្រមាន​របស់​ស្ថានទូត​នោះ​ទេ​កាលពី​ម្សិលមិញ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​កាលពី​ម្សិលមិញ​ថា សារ​ព្រមាន​នេះ​គឺជា​វិធានការ​របស់​ការងារ​ទូត​ក្នុង​ប្រទេស​នីមួយៗ​ដើម្បី​បញ្ចៀស​អ្វី​ដែល​អាច​នឹង​កើត​មានឡើង​ជាយថាហេតុ​ហើយ​វា​ជា​រឿង​ធម្មតា​ដែល​ស្ថានទូត​អាមេរិក អំពាវនាវ​ឱ្យ​ពលរដ្ឋ​គេ​មាន​ការប្រុងប្រយ័ត្ន​។

លោក ស៊ីផាន ថ្លែង​ថា​៖ «​នេះ​ជា​វិធានការ​រដ្ឋបាល​នៃ​ការងារ​ទូត​របស់​ស្ថានទូត​អាមេរិក​ហើយ​តែងតែ​ធ្វើ​ជា​រៀងរាល់​ពេល​ និង​ជា​កិច្ចការពារ​នៃ​កិច្ចការ​រដ្ឋបាល​របស់​ស្ថានទូត​ ប៉ុន្តែ​ការពិត​វា​មិន​ដែល​កើត​មាន​អ្វី​ផង​ទេ​នៅ​ស្រុក​ខ្មែរ​»​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​នេះ​ជា​ភារកិច្ច​របស់​ស្ថានទូត តែ​បើ​ស្ថានទូត​មាន​ព័ត៌មាន​ (​ទាក់ទង​រឿង​អសន្តិសុខ​) ​ជួយ​ចែករំលែក​មក​អាជ្ញាធរ​កម្ពុជា​ផង​។ លោក សុភ័គ ថ្លែង​ថា​៖ «​សមត្ថកិច្ច​យើង​រក្សា​សុវត្ថិភាព​ជូន​ទាំងអស់ អាមេរិក ឬ​បារាំង​»​។

លោក សម គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការអំពាវនាវ​របស់​ស្ថានទូត​អាមេរិក​ពុំ​មាន​ហេតុផល​នយោបាយ​នៅ​ពី​ក្រោយ​និង​ដោយសារ​តែ​គេ​ព្រួយបារម្ភ​ពី​ប្រជាជន​របស់​គេ​ទើប​គេ​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​ឲ្យ​ប្រជាជន​ខ្លួន​មាន​ការ​ប្រុងប្រយ័ត្ន​។ លោក​ថ្លែង​ថា​៖ «​វា​ជាការ​បង្ហាញ​ថា ខ្លួន​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន ហើយ​វា​មិន​មាន​ហេតុផល​នយោបាយ​នៅ​ពី​ក្រោយ​ទេ​។ វា​គ្រាន់តែ​ការពារ​សុវតិ្ថភាព​ពលរដ្ឋ​ខ្លួន​នៅក្នុង​ស្រុក​ខ្មែរ​។ យើង​គិត​ថា នឹង​​មិនមាន​អ្វី​កើតឡើង​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ​ទេ​»​។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​នគរបាល​ជាតិ​ធ្លាប់​ថ្លែង​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ ៦ ​ម៉ឺន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ក្នុង​នោះ​មាន​ទាំង​កម្លាំង​នគរបាល​ជាតិ កម្លាំង​កងយោធពល​ខេមរភូមិន្ទ និង​កម្លាំង​កងរាជ​អាវុធហត្ថ​រួម​ទាំង​កម្លាំង​ប្រជាការពារ​ថែម​ទៀត​៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles