មេឃុំ​បក្ស​ប្រឆាំង​ជាប់​ឆ្នោត​នៅ​កំពង់ចាម​រង​ការ​បង្ខំ​ឲ្យ​ទៅ​បោះឆ្នោត និង​គំរាម​ចាប់ខ្លួន

ដោយ វ៉ែន សុមេធ
2018-07-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេឃុំ​គណបក្ស​ប្រឆាំង​លោក ស៊ាង ចែត (រូប​កណ្ដាល​លើក​ដៃ) ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA
មេឃុំ​គណបក្ស​ប្រឆាំង​លោក ស៊ាង ចែត (រូប​កណ្ដាល​លើក​ដៃ) ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA


មេឃុំ​ជាប់ឆ្នោត​ល្បីៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម រួមមាន​លោក ស៊ាង ចែត ជាដើម កំពុង​ត្រូវ​បាន​គណបក្ស​កាន់អំណាច និង​អាជ្ញាធរ​លួង​លោម​ទិញ​ទឹកចិត្ត បង្ខំ​ឲ្យ​ទៅ​បោះឆ្នោត និង​គំរាម​ចាប់ខ្លួន ដោយ​មិន​ដឹង​មូលហេតុ។ អ្នកវិភាគ យល់ថា គណបក្ស​កាន់​អំណាច កំពុង​ព្យាយាម​ធ្វើ​នយោបាយ​ដាក់​អន្ទាក់​មេ​ឃុំ​ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះជាតិ នៅ​តាម​តំបន់​ឲ្យ​ចុះចូល​ជាមួយ​ខ្លួន ដើម្បី​ទាក់ទាញ​ពលរដ្ឋ​ឲ្យ​ចេញទៅ​បោះឆ្នោត​បាន​ច្រើន ហើយ​ករណី​នេះ មិន​ចម្លែក​ឡើយ ព្រោះ​គណបក្ស​កាន់អំណាច តែងតែ​ធ្វើ​នយោបាយ​ចាស់​គំរឹល គឺ​ដើរ​ទិញ​ទឹកចិត្ត និង​សម្លុត​គំរាម​ជាដើម។

មេឃុំ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​កំពង់ចាម អះអាង​ថា ពួកគាត់​នៅ​តែ​មាន​ជំហរ រឹងមាំ និង​មិន​ព្រម​លក់​ឧត្ដមគតិ​របស់​ខ្លួន​ដាច់​ខាត់ ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​លួង​លោម​ផង ទិញ​ផង និង​សម្លុត​ផង ដើម្បី​ឲ្យ​ពួកគាត់​ចុះចូល​ក៏ដោយ ហើយ​ពួកគាត់ ក៏​មិន​ទៅ​បោះ ឆ្នោត​ដែរ។

អតីត​មេឃុំ​ស្រក មកពី​គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ឲ្យ​ដឹង​ថា រយៈពេល​ពីរ​សប្ដាហ៍​ចុងក្រោយ​នេះ គណបក្ស​កាន់អំណាច និង​អាជ្ញាធរ បាន​ចុះទៅ​ជួប លោក​ជា​បន្តបន្ទាប់។ លោក ស៊ាង ចែត រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា មាន​មន្ត្រី​គណបក្ស ប្រជាជន​កម្ពុជា​ម្នាក់​ឈ្មោះ ចិត្រា និង​ក្រុមប្រឹក្សាឃុំ​ស្រក បាន​ចុះទៅ​ជួប​លោក​ដើម្បី​សុំ​រាប់អាន សុំ​ថតរូប និង​សុំ​សួរនាំ​អំពី​បទពិសោធន៍។ ពួកគេ ក៍​បាន​សាកសួរ ពី​ការងារ​ជា​មេឃុំ​កន្លងមក​ថា តើ​ហេតុអ្វី​ដែល​ជា​ពលរដ្ឋ​ពេញចិត្ត​លោក ប៉ុន្តែ​មិនសូវ​ពេញចិត្ត​មេឃុំ និង​អាជ្ញាធរ​មូលដ្ឋាន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​? លោក ស៊ាង ចែត ឲ្យ​ដឹង​ថា​ទៀត​ថា បន្ទាប់មក នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​ឈ្មោះ ចិត្រា ក៏បាន​ដឹកនាំ​មន្ត្រី​គណបក្ស​កាន់អំណាច​ចុះទៅ​ជួប​លោក​ម្ដងទៀត។ ក្រោយមក​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ពួកគេ ក៏បាន​ចូល​ទៅ​ផ្ទះ​លោក​ជា​លើក​ទី​៣ ប៉ុន្តែ​អត់​បាន​ជួប​លោក​ព្រោះ​លោក រវល់​ទៅ​ចម្ការ ប៉ុន្តែ​ពួកគេ​បាន​ជួប​ចៅៗ និង​ប្រពន្ធ​របស់​លោក​ដោយ​បាន​ជូន​នំប៉័ង និង​ថតរូប។ កាលពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឈ្មោះ ចិត្រា ក៏​ទាក់ទង​សុំ​ជួប​លោក​ជា​លើក​ទី​៤ ប៉ុន្តែ លោក​បដិសេធ​ដោយសារ​ជាប់រវល់​មើលថែ​ចៅ​ដែល​កំពុង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀមរាប។ ពេលនោះ​ឈ្មោះ ចិត្រា ក៏បាន​បញ្ជា​ឲ្យ​ក្រុម​ក​ងារ​នៅ​ខេត្ត​សៀមរាប ចុះទៅ​ជួប​លោក​ក្នុង​មន្ទីរពេទ្យ ដើម្បី​សួរសុខទុក្ខ និង​ជូន​លុយកាក់​ខ្លះ។ លោក ស៊ាង ចែត អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កក្កដា នេះ ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​បាន​ចូល​ទៅ​សួរ​សុខទុក្ខ​ចៅ​របស់​លោក​ក្នុង​មន្ទីរពេទ្យ​មែន ប៉ុន្តែ​លោក​បាន​ដើរ​ចេញទៅ​ក្រៅ មិន​ឲ្យ​ជួប​នោះ​ទេ។ ក្រុម​ការងារ​គណបក្ស​កាន់អំណាច ក៏​បាន​ជូន​លុយ​ចំនួន ៣​រយ​ដុល្លារ​ទៅ​គ្រួសារ​របស់​លោក និង​សុំ​ថតរូប​ទុក​ទៀត។

លោក ស៊ាង ចែត ជា​អតីត​មេឃុំ​ដ៏​ល្បី​មួយ​រូប​នៅ​ក្នុង​ឃុំ​ស្រក ស្រុក​កំពង់សៀម កូតា​គណបក្ស​សម រង្ស៊ី អាណត្តិ​ឆ្នាំ​២០១២ ដល់​២០១៧។ លោក​ត្រូវ​បាន​តុលាការ​អាជ្ញាធរ​ខេត្ត​ចាប់​ដាក់​ពន្ធនាគារ​តាំងពី​ខែ​មេសា ឆ្នាំ​២០១៦ ដោយ​ចោទ​ប្រកាន់​ថា បាន​ព្យាយាម​សូកប៉ាន់​ក្នុង​ការ​ផ្ដល់​លុយ​ឲ្យ​គ្រួសារ​នាង ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ជា​សំណុំរឿង​មួយ​ដែល​មជ្ឈដ្ឋាន​ជាច្រើន​ចាត់ទុកថា​ជា​រឿង​នយោបាយ។ លោក ស៊ាង ចែត ត្រូវ​បាន​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស កាលពី​ថ្ងៃ​ទី៧ ធ្នូ ឆ្នាំ​២០១៦ បន្ទាប់ពី​គណបក្ស​ធំ​ទាំងពីរ បាន​ចរចា​ត្រូវរ៉ូវ​ផ្នែក​នយោបាយ។

លោក ស៊ាង ចែត ឲ្យ​ដឹង​ដែរ​ថា ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​សុំ​លោក​ថតរូប​ជាមួយ ទោះ​លោក​បដិសេធ​ក្តី។ លោក​បារម្ភ​ថា ខ្លាច​ពួកគេ​យក​រូបថត​នោះ​បង្ហោះ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ និង​លាប​ពណ៌​លោក​ជាដើម។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ស្រក​វិញ តែង​ប្រាប់​ឲ្យ​លោក​ចេញ​ទៅ​បោះឆ្នោត។ លោក ស៊ាង ចែក បញ្ជាក់​ជំហរ​ម៉ឺងម៉ាត់​ថា លោក​មិន​ទៅ​បោះឆ្នោត​នោះ​ទេ ហើយ​លោក​ក៏​មិន​លក់​ឧត្ដមគតិ​នោះ​ដែរ ទោះបីជា​មានការ​អូស ទាញ និង​ប្រើ​មធ្យោបាយ​ណា​ក៏​ដោយ។ លោក​នៅតែ​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ជានិច្ច ទោះបីជា​គណបក្ស​លោក​ត្រូវ​រំលាយ​ចោល​ក្ដី។ «»

ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ​ខេត្ត​សៀមរាប និង​នៅ​ខេត្ត​កំពង់ចាម​ដែល​ចុះទៅ​ជួប លោក ស៊ាង ចែត បដិសេធ​មិន​និយាយ​ជាមួយ​អាស៊ីសេរី​នោះ​ទេ ដោយ​ប្រាប់​ថា ជាប់រវល់​ប្រជុំ។

លោក ស៊ាង ចែង ឲ្យ​ដឹង​ថា តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​នោះ គឺ​មាន​មន្ត្រី​គណ បក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់ តែងតែ​ទំនាក់ទំនង​ដោយ​ផ្ទាល់ និង​មិន​ផ្ទាល់ ដើម្បី​ឲ្យ​លោក​ចុះ ចូល​និង​សន្យា​ប្រគល់​តួនាទី​ជា​មេឃុំ​ជូន​លោក​វិញ ប៉ុន្តែ​លោក​តែងតែ​បដិសេធ។

ក្រៅពី​លោក ស៊ាង ចែត នោះ មេឃុំ​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះជាតិ នៅ​ឃុំ​ស្វាយទាប លោក ហេង ហ៊ន់ ក៏​ត្រូវ​បាន​អាជ្ញាធរ គំរាម​ចាប់ខ្លួន​លោក​ដែរ ដោយសារតែ​លោក​បដិសេធ​មិន​ចុះចូល​ជា មួយ​គណបក្ស​កាន់អំណាច។ លោក ហេង ហ៊ន់ ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ហាម​លោក​ដើរ​ទៅ​ណា​សូម្បី​ទៅ​ហាង​កាហ្វេ​ក្តី ព្រោះ​ខ្លាច​លោក​លួច​ប្រជុំ​រឿង​មិន​ទៅ​បោះឆ្នោត។ លោក​ចាត់ទុកថា នេះ គឺ​ទង្វើ​គាបសង្កត់ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពួកគាត់ ដែល​មើល​ទៅ​កម្ពុជា​ដូច​កំពុង​ស្ថិត​ក្នុង​របប ផ្ដាច់ការ ព្រោះ​រំលាយ​គណបក្សប្រឆាំង ប្លន់​យក​ដំណែង​ពួកគាត់​ហើយ នៅ​បន្ត​ធ្វើទុក្ខបុកម្នេញ​ពួក គាត់​ទៀត។ «»

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​នៃ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ លើកឡើង​ថា លោក ស៊ាង ចែត និង​មេឃុំ​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត គឺ​សុទ្ធតែ​មាន​កេរ្តិ៍ឈ្មោះ​ល្អ ដែល​ប្រជា​ពល រដ្ឋ​ភាគច្រើន​គោរព​ស្រលាញ់ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រើ​វិធីសាស្ត្រ​លួងលោម​ផង និង​គំរាមកំហែង​ផង ដើម្បី​ឲ្យ​ពួកគាត់​ចុះ​ចូល ហើយ​បន្ទាប់មក​ពួកគេ​យក​ទៅ​ផ្សព្វផ្សាយ​បោក​ប្រាស់​ក្នុង​បំណង​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍ និង​ចេញទៅ​បោះឆ្នោត​ច្រើន។ ម្យ៉ាងទៀត ការ​ចូល​ទៅ​ជិត​ស្និត​ជាមួយ​សកម្មជន ឬ​អតីត​មេឃុំ​គណបក្សប្រឆាំង​បែបនេះ គឺ​គណបក្ស​កាន់អំណាច ចង់​បង្កើត​រូបភាព​យល់​ច្រឡំ និង​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​លែង​ទុកចិត្ត​គ្នា។ «»

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ឲ្យ​ដឹង​ដែរ​ថា មួយ​រយៈ​នេះ ក៏​មាន​ហ្វេសប៊ុក (Facebook) ក្លែងក្លាយ​មួយ​ចំនួន បង្កើត​ឡើង និង​ដាក់​រូបភាព​របស់​ពួកគាត់ និង​ខ្លះ​ទៀត បាន​បង្កើត​ក្រុម​ឆាត​មួយ (Messenger Group) ក្នុង​ហ្វេសប៊ុក ហើយ​បញ្ចូល (Add)​ពួកគាត់​ចូល​ទៅក្នុង​ក្រុម​នោះ ដោយ​សរសេរ​សារ​ឬ ចែក​រំលែក​រឿង​អាក្រក់ៗ ឬអ្វី​ដែល​ផ្ទុយ​ពី​ច្បាប់​ជាដើម​។ លោក​បារម្ភ​រថា បញ្ហា​នេះ​អាច​ជា​យុទ្ធសាស្ត្រ អាក្រក់​មួយ ដើម្បី​ធ្វើ​ឲ្យ​សកម្មជន ឬ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់ ដែល​ងាយស្រួល​គេ​យក​ធ្វើជា​ភស្តុតាង និង​ចាត់ការ​តាមច្បាប់ ប្រសិនបើ​ពួកគាត់ រឹង​ទទឹង​មិន​ព្រម​ចុះចូល​ជាមួយ​គេ។ «»

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត យល់ថា គណបក្ស​កាន់ កំពុង​ព្យាយាម​ធ្វើ​នយោបា យ​ដាក់​អន្ទាក់​មេ​ឃុំ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​តំបន់​ឲ្យ​ចុះចូល​ជាមួយ​ខ្លួន ដើម្បី ទាក់ទាញ​ពលរដ្ឋ​ឲ្យ​ចេញទៅ​បោះឆ្នោត​បាន​ច្រើន ហើយ​ករណី​នេះ មិន​ចម្លែក​ឡើយ ព្រោះ​គណបក្ស​កាន់អំណាច តែងតែ​ធ្វើ​នយោបាយ​ចាស់​គំរឹល គឺ​ទិញ​ទឹកចិត្ត និង​សម្លុត​ជាដើម។ «»

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដ៏​ចម្រូងចម្រាស នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដ៏​ខ្លី​ខាងមុខ ដោយ​គ្មាន​វត្តមាន​គណបក្ស​សង្រ្គោះជាតិ​ចូលរួម​ដូច​អាណត្តិ​មុន​ឡើយ ដោយ សារ​តែ​គណបក្ស​កាន់អំណាច បាន​រំលាយ​មុន​ការបោះឆ្នោត​មក​ដល់។ សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ការបោះឆ្នោត​នេះ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ និង​ជា​ការ​បោះឆ្នោត​បែប​លេងសើច ដើម្បី​ឲ្យ​របប​លោក ហ៊ុន សែន បន្ត​ក្ដោបក្ដាប់​អំណាច​តទៅ​ទៀត។

ចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្សប្រឆាំង កាលពី​ចុង​ឆ្នាំ​២០១៧​មក គឺ​មេឃុំ​-​ចៅ​សង្កាត់ និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន បាន​រត់​គេច​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស និង​មួយ​ចំនួន​ទៀត​រស់នៅ​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស ដោយសារតែ​អាជ្ញាធរ​របប​លោក ហ៊ុន សែន តាម​ធ្វើទុក្ខ​បុក ម្នេញ​គ្រប់​រូបភាព ដូចជា​ប្រើ​លុយ​ទិញ បញ្ចុះបញ្ចូល ហើយ​បើ​ទិញ​និង​បញ្ចុះបញ្ចូល​មិន​បាន​នោះ គឺ​ពួកគេ​គំរាមកំហែង ហើយ​បើ​គំរាម​នៅតែ​មិន​ខ្លាច​នោះ គឺ​ដំណាក់កាល​ចុងក្រោយ​រក​លេស​ចោទ ប្រកាន់ និង​ចាប់ខ្លួន​តែម្ដង។ ក្រៅ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​នោះ របប​លោក ហ៊ុន សែន ក៏បាន​ធ្វើទុក្ខបុកម្នេញ​និង​គំរាមកំហែង​ធ្ងន់ធ្ងរ​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែរ។ អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ទង្វើ​អាជ្ញាធរ​ជា​ការ​ល្មើសច្បាប់ និង​រំលោភ សិទ្ធិមនុស្ស ហើយ​អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles