យុទ្ធនាការ​ម្រាម​ដៃ​ស្អាតៈ មនុស្ស​៥​នាក់​រងការផាក​ពិន័យ​ជា​លើក​ដំបូង​ ​ក្នុង​ម្នាក់ៗ​១០​លាន​រៀល

ដោយ ញឹម សុផល
26/07/2018
RFI

media
ការ​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត គឺ​មិន​ទៅ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា
@FB


គណៈ​កម្មា​ធិការ​​ជាតិ​​រៀប​ចំ​ការ​​បោះឆ្នោត​ ​(​​គ​​.ជ​.​​ប​) ​​នៅ​​រសៀល​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​​បាន​សម្រេច​​ផាក​​ពិន័យ​​ជា​​ទឹក​​ប្រាក់​​​ដល់​​​​សមាជិក​​អតីត​​​គណបក្ស​​សង្គ្រោះ​ជាតិ​​​ ​ខេត្ត​បាត់ដំបង ​​ចំនួន​​​៥​​​នាក់ ​​ក្នុង​​ម្នាក់​​ៗ​​ចំនួន​​១០​​លាន​​រៀល​​។ ​​ការ​​សម្រេច​​ផាក​​ពិន័យ​​របស់ ​​​គ.​ជ.​​ប ​​នៅ​ពេល​​នេះ ​​ធ្វើ​​ឡើង ​​បន្ទាប់​ពី​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ប្រចាំ​​ខេត្ត​​បាត់ដំបង​​ប្តឹង​មក​ ​គ​​.ជ​​.ប ​​ពាក់ព័ន្ធ​​នឹង​​ករណី​​យុទ្ធនាការ​​ម្រាម​ដៃ​​ស្អាត​​។

នៅ​ក្នុង​សម្រង់​សេចក្តី​សម្រេច​ទំរង់​១២០៣​របស់​ខ្លួន ​ដែល​មាន​ដាក់​ឈ្មោះ​ដើម​បណ្តឹង​ដែល​ជា​តំណាង​គណបក្ស​ប្រជាជន​ខេត្ត​បាត់ដំបង​ផង​នោះ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាន​សម្រេច​ថា​ធ្វើការ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ​ក្នុង​ម្នាក់​ៗ ​ដោយ​ពុំទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ​ចំពោះ​ឈ្មោះ ​ជា ជីវ ​ថោង សារឿន ​ម៉ាង ឈុន ​ពៅ តាំង ​និង​គ្រុយ គឹម​សាំង ​ដែល​អ្នក​ទាំង​៥​សុទ្ធសឹង​ជា​សមាជិក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ខេត្ត​បាត់ដំបង​ទាំង​អស់​។

លើស​ពីនេះ ​សេចក្តី​សម្រេច​ចំនួន​៤​ចំណុច​របស់ ​គ.​ជ.​ប ​ចំណុច​ទី​៤​បញ្ជាក់​ថា​សេចក្តីសម្រេច​នេះ ​ធ្វើ​នៅ​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​ទី​២៦​កក្កដា​នេះ ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​នៃ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​នៃ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង ​ដោយ​បើក​ផ្លូវ​តវ៉ា​តាម​កំណត់​ច្បាប់​។

សូម​រំលឹក​ថា ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​០៥​រូប ​ត្រូវ​បាន​ប្តឹង​ដោយ​សមាជិក​គណបក្ស​ប្រជាជន​ខេត្ត​បាត់ដំបង ​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​កក្កដា ​ទៅ ​គ.​ជ.​ប ​បន្ទាប់​ពី​អ្នក​ទាំង​៥​នេះ មាន​ការ​ជួបជុំ​មួយ​នៅផ្ទះ​លោក ​ជា ជីវ ​នៅ​ភូមិ​ជំនីក​ ឃុំ​អន្លង់​វិល ​ស្រុក​សង្កែ ​កាលពី​ថ្ងៃ​ទី​១៩​កក្កដា ​ដើម្បី​បង្ហាញ​ពី​ការ​អនុវត្ត​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​។ ​ក្នុង​ចំណោម​មនុស្ស​៥​នាក់ ​ដែល​រង​បណ្តឹង​នោះ ​មាន​ម្នាក់​ត្រូវ​គ​.ជ​.ប ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ​ដោយ​ហេតុថា​បុគ្គល​ម្នាក់​នោះ ​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​មនុស្ស​១១៨​នាក់ ​ដែល​តុលាការ​កំពូល​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​។

សូម​បញ្ជាក់​ថា ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​បោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា ​ខាងមុខ​។​ ជាការ​បោះឆ្នោត ​ដែល​គេ​មើល​ឃើញ​ថា ​មានការ​ប្រទាញ​ប្រទង់​គ្នា ​រវាង​គណបក្ស​កាន់​អំណាច និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​ការ​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច ​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន ​ខណៈ​អតីត​បក្ស​ប្រឆាំង​ដ៏​ធំ​នេះ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ ​កាល​ពី​ឆ្នាំ២០១៧ ​និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​សមាជិក​សំខាន់​ៗ​របស់​គណបក្ស​នេះ​ចំនួន​១១៨​រូប​៕

What Next?

Recent Articles