សេក បណ្ឌិត
2018-08-12
RFA

និមិត្តសញ្ញាគណបក្សរស្មីខេមរា។ Screenshot
គណបក្សទទូលបានសំឡេងឆ្នោតតិចមួយចំនួន ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត បណ្ដោះអាសន្ននោះទេ ហើយគ្រោងប្ដឹងទាមទារឲ្យរៀបចំការបោះឆ្នោតឡើងវិញ។
អ្នកវិភាគយល់ ថា ការទាមទាររបស់គណបក្សតូចៗនេះ គឺជារឿងអត់ប្រយោជន៍ និងគ្រាន់តែចង់បានប្រជាប្រិយ ភាពខ្លួនឯង បន្ទាប់ពីចូលរួមលម្អការបោះឆ្នោត ដែលគេបានចាត់ទុកថា ជាការបោះឆ្នោត ក្លែងក្លាយ រួចហើយ។
គណបក្សដែលទទួលបានសំឡេងឆ្នោតតិចមួយចំនួន បានបញ្ចេញប្រតិកម្មផ្សេងៗគ្នាអំពីលទ្ធផល ឆ្នោតបណ្ដោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពី ថ្ងៃទី១១ ខែសីហា។
ប្រធានគណបក្សរស្មីខេមរា លោក ស៊ិន សុភាព មានប្រសាសន៍ថា គណបក្សលោកនៅតែប្រកាន់ជំហរមិនទទួលស្គាល់លទ្ធផលបោះឆ្នោតអាណត្តិទី៦នេះដដែល ព្រោះលោកមើលឃើញថា ការបោះឆ្នោតនេះ គ្មានសេរី និងយុត្តិធម៌ត្រឹមត្រូវ បន្ទាប់ពីទទួលបានសំឡេងឆ្នោតជាង ៤ពាន់(៤.២១២) សំឡេង។ គណបក្សរស្មីខេមរា ប្រកាសថា នឹងដាក់ពាក្យប្តឹងទៅគ.ជ.ប និងអង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ខែសីហា ដើម្បីទាមទារឲ្យបោះឆ្នោតឡើងវិញ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិដូចឆ្នាំ១៩៩៣។ «»
រីឯអគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គណបក្សខ្មែរសាធារណរដ្ឋ លោក ញ៉ែម អេន វិញ លើក ឡើងថា គណបក្សរបស់លោកមានជំហរមិនច្បាស់លាស់នោះទេ ដោយត្រូវរង់ចាំមើលជំហររបស់ សហគមន៍អន្តរជាតិ។ គណបក្សខ្មែរសាធារណរដ្ឋ ទទួលបានសំឡេងគាំទ្រជាង ៤ម៉ឺន (៤១.៦៣១) សំឡេង។ «»
ទន្ទឹមគ្នានេះ អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ លោក ស៊ិន វណ្ណារិទ្ធ លើកឡើងថា ថ្វីត្បិតតែ គណបក្សលោកចូលរួមប្រកួតការបោះឆ្នោតនេះ ប៉ុន្តែគណបក្សលោកបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតបណ្ដោះអាសន្ននេះដាច់ខាត់ ហើយស្នើសុំឲ្យមានការបោះឆ្នោតឡើងវិញដែរ។គណបក្សខ្មែរឈប់ក្រ ទទួលបានសំឡេងជាង៥ម៉ឺន (៥៥.២៩៨) សំឡេង។ «»
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែម ពីប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បាន ទេនៅថ្ងៃទី១២ ខែសីហា ដោយទូរស័ព្ទចូលពុំមានអ្នកទទូល ប៉ុន្តែលោកសរសេរបង្ហោះនៅលើទំព័រ ហ្វេសប៊ុក (Facebook) ថា គណបក្សយុវជនកម្ពុជា នឹងធ្វើលិខិតប្ដឹងគ.ជ.ប ដើម្បីរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារថា ចំនួនលទ្ធផលបណ្ដោះអាសន្នចំនួន៣៩.៣៣៣សំឡេងនេះ មិនត្រឹមត្រូវទេសម្រាប់គណបក្សយុវជនកម្ពុជា។ លោកបន្តថា ចំនួនអ្នកគាំទ្រគណបក្សយុវជនកម្ពុជាពិតប្រាកដគឺមានចំនួន ៣៩.៤១៧)សំឡេង។
មិនខុសគ្នាប៉ុន្មានទេ អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក ហ៊ីង យឿន ក៏មើលឃើញថា លទ្ធផល ការបោះឆ្នោតបណ្ដោះអាសន្ននេះ មានភាពមិនប្រក្រតីមិនអាចទទួលយកបានដែរ ប៉ុន្តែគណបក្ស លោកសម្រេចមិនប្ដឹងផ្ដល់អ្វីទាំងអស់ ព្រោះដោយសារគណបក្សថ្មីថ្មោង។ លោកបញ្ជាក់ថា ភាព មិនប្រក្រតីដែលលោកមើលឃើញនោះ គឺទិន្នន័យអ្នកទៅបោះឆ្នោតត្រូវបានបំប៉ោងច្រើន ព្រោះជាក់ស្ដែងចំនួនអ្នកទៅបោះឆ្នោតឆ្នាំ២០១៨នេះ មិនស្មើនឹងឆ្នាំ២០១៣ផង ប៉ុន្តែបែរជាកើនឡើងដល់ជាង ៨៣ភាគរយទៅវិញ។ គណបក្សឆន្ទៈខ្មែរទទួលបានសំឡេងឆ្នោតជាង ២១ម៉ឺនសំឡេង (២១២.៨៦៩) សំឡេង។ «»
គណបក្សដែលទទូលបានសំឡេងឆ្នោតតិចមួយចំនួនទៀត អាស៊ីសេរីមិនអាចសុំការឆ្លើយតបបាន ទេ នៅថ្ងៃទី១២ ខែសីហា ដោយគណបក្សខ្លះបដិសេធមិនឆ្លើយតប និងគណបក្សខ្លះទៀតមិនទទួលទូរស័ព្ទ។ ប៉ុន្តែយ៉ាងណាក្តីគណបក្សនយោបាយទាំង១៩នេះ ដែលចូលរួមប្រកួតប្រជែងការ បោះឆ្នោតកន្លងទៅ ភាគច្រើនសុទ្ធតែវាយតម្លៃថា ការបោះឆ្នោតនេះ គ្មានសេរី និងយុត្តិធម៌ត្រឹមត្រូវ ប៉ុន្តែពួកគេ នៅតែទ្រាំបិទភ្នែកទទួលយកលទ្ធផល។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា ការទាមទាររបស់គណបក្សតូចៗទាំង នេះ ជារឿងអត់ប្រយោជន៍ ព្រោះគណបក្សទាំងនេះ បានដឹងជាមុនរួចហើយថា ការបោះឆ្នោតនេះ គ្មានប្រជាធិបតេយ្យពេញលេញដោយសារតែផាត់ចោលគណបក្សសង្គ្រោះជាតិ បិទអង្គការ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងគ្មានហេតុផលសមរម្យ។ កញ្ញាយល់ថា ការចេញមកឡាំប៉ារបស់គណបក្សតូចៗទាំងនេះ អាចគ្រាន់តែចង់បានប្រជាប្រិយភាពនយោបាយឡើងវិញ ក្រោយពីបានចូលរួមលម្អការបោះឆ្នោតមួយដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាការបោះឆ្នោតបង្គ្រប់កិច្ច និងក្លែងក្លាយ។ «»
លទ្ធផលឆ្នោតបណ្ដោះអាសន្ន ដែលគ.ជ.ប ប្រកាសថ្ងៃទី១១ ខែសីហា នេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងជាង ៤លាន ៨៨ម៉ឺន (៤.៨៨៩.១១៣) ដែលលើសដាច់ឆ្ងាយពីគណបក្សប្រកួតប្រជែងចំនួន ១៩ទៀត។
គ.ជ.ប ប្រកាសថា គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះនៅក្នុងការបោះឆ្នោតកន្លងទៅនេះ អាចប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោត ទៅគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ឬទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ននេះ។
អ្នកនាំពាក្យគ.ជ.បលោក ហង្ស ពុទ្ធា បញ្ជាក់ថា ប្រសិនបើគ្មានការប្តឹងតវ៉ាទេ គឺគ.ជ.ប នឹងយកលទ្ធផលបណ្ដោះអាសន្ននេះទៅប្រកាសជាលទ្ធផលផ្លូវការនៅថ្ងៃទី១៥ ខែសីហា តែម្ដង ដើម្បីផ្ដល់ពេលវេលាឲ្យគណបក្សរបស់លោក ហ៊ុន សែន បង្កើតរដ្ឋាភិបាលថ្មីនៅដើមខែកញ្ញាខាងមុខនេះ៕