អតីតមន្រ្តីបក្សប្រឆាំងរំពឹងថា បានជួបអ្នកជាប់ឃុំ ១៥នាក់ដោយគ្មានរបាំងដែក

| |
https://vodhotnews.com

រូបភាព៖ អ៊ូ ច័ន្ទរ័ត្ន (ហ្វេសប៊ុក)


អតីតសមាជិកសភាគណបក្សប្រឆាំង លោក អ៊ូ ចាន់រ័ត្ន អះអាងថា ខាងពន្ធនាគារព្រៃស នឹងអនុញ្ញាឲ្យលោកចូលជួបជាមួយអ្នកគាំទ្រគណបក្ស​សង្គ្រោះជាតិ ១៥នាក់ ដែលកំពុងជាប់ឃុំ ដោយពុំចាំបាច់មានរបាំងដែកដូចមុនទៀតឡើយ។

អតីតសមាជិកសភាគណបក្សប្រឆាំងរូបនេះ បាន​សរសេរលើទំព័រហ្វេសប៊ុកនៅ​ថ្ងៃ​នេះថា រូបលោក និងសហការីនឹងទៅជួបសួរសុខទុក្ខអ្នកជាប់ឃុំទាំង១៥នាក់នោះម្តងទៀតនៅវេលាម៉ោង ២​រសៀល ថ្ងៃទី២២ ខែសីហាខាងមុខ ខណៈលោកទទួលបានព័ត៌មានពីមន្រ្តីពន្ធនាគារថា ការជួបលើកនេះ ខាងពន្ធនាគារមិនដាក់របាំងដែកទៀតឡើយ។

លោក អ៊ូ ចាន់រ័ត្ន ប្រាប់វីអូឌីតាមទូរស័ព្ទបន្ថែមថា ក្នុងជំនួបលើកមុន ខាងពន្ធនាគារបានដាក់របាំងដែកដែលធ្វើឲ្យមានការពិបាកក្នុងជួប និងជជែកគ្នា។


ពេលកាលមុននេះ គេមិនឲ្យយើងជួបដូចសព្វមួយដងនោះទេ។ កាលណោះ ពេលយើងចូលទៅជួបអញ្ចឹង គេមានបន្ទប់មានតុកៅអីសម្រាប់សរសរសេរបាន ប៉ុន្តែ កាលទៅជួបលើកក្រោយនេះ គេមានរបាំង គេដាក់របាំងកញ្ចក់មិនអាចប៉ះគ្នាបានទេ ហើយមានទាំងដែកក្រឡាៗ អាចតែនិយាយបាន ហើយនិយាយហ្នឹងសឹងតែពិបាកស្តាប់គ្នាផង។ ប៉ុន្តែ លើកក្រោយនេះ ប្រសិនបើខ្ញុំទៅ គេឲ្យខ្ញុំចូលទៅជួបក្នុងបន្ទាប់ដូចមុនដែរប៉ុន្តែ មិនដឹងថា ទៅជួបម្តងបាន ១៥នាក់ ឬយ៉ាងម៉េចមិនទាន់ច្បាស់

អតីតសមាជិកសភាគណបក្សប្រឆាំង លោក អ៊ូ ចាន់រ័ត្ន


វិអូឌីមិនអាចសុំការឆ្លើយបញ្ជាក់ពីអ្នកនាំពាក្យអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃលោក នុត សាវនា បានទេជុំវិញករណីលោក អ៊ូ ចាន់រ័ត្ន ចូលទៅជួបសួរសុខទុក្ខអ្នកជាប់ឃុំ ១៥នាក់ ដោយថា បានដាក់របាំងដែក និងមិនដាក់របាំងដែកនេះ។

អ្នកគាំទ្រ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន ១៥នាក់ ត្រូវបានតុលាការសម្រេចកាត់ទោសឲ្យ​ជាប់​ពន្ធនាគារ ដោយ​អ្នកខ្លះមានទោស ៧ឆ្នាំ និងអ្នកខ្លះទៀតមានទោស​ដល់​ទៅ ២១ឆ្នាំ ក្រោមការចោទប្រកាន់​ថា «ញុះញង់» និង «បង្កអំពើហិង្សានាំឲ្យមានអស្ថិរភាពសង្គម»៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles