រូបភាពឯកសារ៖ ពលករខ្មែរ ត្រូវថៃបញ្ជូនមកកម្ពុជាវិញ
មន្រ្តីព្រំដែនច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យលើកឡើងថា ពលករកម្ពុជាប្រមាណជាង១០០០នាក់ដែលមិនបានបំពេញឯក សារតាមកាលកំណត់ដើម្បីធ្វើការងារស្របច្បាប់ក្នុងប្រទេសថៃត្រូវអាជ្ញាធរប្រទេសនេះចាប់បញ្ជូនមកកម្ពុជាវិញដោយគិតចាប់តាំងពីថ្ងៃទី១ ខែកក្តដា។ បើតាមការចុះផ្សាយនៅថ្ងៃនេះ របស់សារព័ត៌មានថៃ The Nation។
ស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកកាលពីខែមិថុនាបានជូនដំណឹងទៅពលករខ្មែរក្នុងប្រទេសថៃថា ចាប់ពីថ្ងៃទី១ ខែកក្តដាទៅអាជ្ញាធរថៃចាប់ផ្ដើមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងការធ្វើការងាររបស់ពលករបរទេស ដោយមិនអនុញ្ញាតឲ្យពលករខុសច្បាប់បន្តធ្វើការក្នុងប្រទេសថៃទៀតនោះទេ ហើយថា ប្រសិនបើពលករណាហ៊ានរឹងទទឹង ពួកគេអាចប្រឈមនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់។
ប្រធានផ្នែកច្បាប់នៃកងចល័តច្រកប៉ោយប៉ែត លោក អ៊ុន កាថន ប្រាប់វីអូឌីនៅថ្ងៃនេះថា លោកមិនបានដឹងចំនួនសរុបនៃការចាប់បញ្ជូនពលករខ្មែរក្រោយកាលកំណត់របស់ប្រទេសថៃនោះទេ ប៉ុន្តែតាមលោកសង្កេតផ្ទាល់ក្នុង១ថ្ងៃមានពលករខ្មែរប្រមាណ ២០ទៅ១០០នាក់ប៉ុណ្ណោះដែលត្រូវបានថៃចាប់បញ្ជូនមកកម្ពុជាវិញ។
មន្ត្រីកម្មវិធី នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា ធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា និងថៃត្រូវសហការណ៍គ្នាធ្វើយ៉ាងណាកុំផាកពិន័យពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃដោយមិនទាន់ទទួលបានភាពស្របច្បាប់ ខណៈយុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករទាំងនោះបានផុតកំណត់។
លោកបន្តថា ប្រសិនបើមានការផាកពិន័យ ឬចាប់ឃុំនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ពលករឆ្លងដែនទាំងនោះ។
លោកបន្តថា ច្បាប់ស្តីពីការគ្រប់គ្រងការធ្វើការងារពលករបរទេសរបស់ថ្ងៃបានតម្រូវឲ្យមានការដាក់ទោស និងផាកពិន័យជាប្រាក់ពី១ពាន់ទៅ១ម៉ឺនបាតសម្រាប់ពលករម្នាក់ ខណៈនិយោជក ឬថៅកែដែលជួលពលករគ្មានឯកស្របច្បាប់ឲ្យបម្រើការងារត្រូវផាកពិន័យពី១ម៉ឺនទៅ១សែនបាត។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ធ្លាប់ប្រាប់វី.អូ.ឌីតាមរយៈ WhatsApp ថា ពលកម្មករដែលមានប័ណ្ណស៊ីជម្ពូរចេញដោយភាគីថៃកាលឆ្នាំ២០១៧ គឺទទួលបានភាពស្របច្បាប់អស់ហើយ ខណៈពលករខ្មែរដែលចូលទៅប្រទេសថៃក្រោយខែកញ្ញាឆ្នាំ២០១៧ដែរនោះ គឺភាគីថៃតម្រូវប្រើប្រាស់លិខិតបើកផ្លូវដែលចេញដោយស្ថានទូតកម្ពុជា ដើម្បីជាជំនួយដល់ពលករខ្មែរឲ្យត្រឡប់មកស្រុកកំណើតវិញដោយសុវត្តិភាព។
លោក ហេង សួរ បន្តថា ក្រោយពលករទាំងនោះមកដល់កម្ពុជា ហើយចង់ត្រឡប់ទៅធ្វើការងារនៅប្រទេសថៃវិញក្នុងនាមជាពលករស្របច្បាប់ ត្រូវសុំទិដ្ឋាការប្រភេទការងារពីស្ថានទូតថៃនៅភ្នំពេញ ខណៈពលករឆ្លងដែនខុសច្បាប់ថ្មីៗទៀតលោកថាអាច ប្រឈមជាមួយវិធានការណ៍តឹងរឹងពីអាជ្ញាធរថៃ។
ក្នុងសេចក្តីជូនដំណឹងអំពីការផុតកំណត់ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ គណកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់ និងធ្វើការនៅប្រទេសថៃបានឲ្យដឹងថា ប្រទេសទាំងពីរបានសហការគ្នាផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពង់ធ្វើការងារនៅប្រទេសថៃបានចំនួន១លាន៧ម៉ឺននាក់ ហើយថា សល់ពលករតែជាង១ម៉ឺននាក់ទៀតប៉ុណ្ណោះដែលមិនទាន់បានផ្តល់ភាពស្របច្បាប់ ខណៈមន្រ្តីអង្គការសង្គមស៊ីវិលអះអាងថា ពលករខ្មែរដែលមិនទានស្រប់ច្បាប់អាចសល់ច្រើនជាងនេះ៕