វិទ្យុអាស៊ីសេរី
2018-08-15
ក្រុមប្រឹក្សាក្រុងឡូវែល(Lowell) ដែលមានសមាជិក ៩រូប ក្នុងរដ្ឋ ម៉ាស្សាឈូស៊ែត (Massachusetts) សហរដ្ឋអាមេរិក ឯកភាពគាំទ្រសេចក្ដីស្នើច្បាប់ ស្ដីពី «ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨» (លេខH.R. 5754) នៅថ្ងៃទី១៤ សីហា បន្ទាប់ពីត្រូវបានរដ្ឋសភាសហរដ្ឋអាមេរិកអនុម័តកាលពីថ្ងៃទី២៦ ខែកក្កដា ដើម្បីដាក់ទណ្ឌកម្មលើលោក ហ៊ុន សែន និងបុគ្គលស្និទ្ធនឹងលោក ហ៊ុន សែនចំនួន ១៦នាក់ទៀត ចំពោះការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងក្រុងឡូវែល (lowellsun.com)។
ក្រុង ឡូវែល (Lowell) នៃរដ្ឋម៉ាស្សាឈូស៊ែត (Massachusetts) ជាទីក្រុងដែលមានសហគមន៍ខ្មែរធំជាងគេលំដាប់ទី២ ដែលមានពលរដ្ឋខ្មែររស់នៅប្រមាណ ៣ម៉ឺននាក់។
អភិបាលរងក្រុងឡូវែលដែលមានដើមកំណើតខ្មែរ លោក នួន វាសនា ថ្លែងក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរី កាលពីថ្ងៃទី១៣ ខែសីហាថា នៅពេលក្រុមប្រឹក្សាក្រុងឡូវែលឯកភាពគាំទ្រសេចក្ដីស្នើច្បាប់លេខ H.R. 5754 នេះហើយ ក្រុមប្រឹក្សាទាំង ៩រូបនឹងបន្តស្វែងរកការគាំទ្រពីសមាជិកព្រឹទ្ធសភាអាមេរិកពីររូប នៃរដ្ឋ ម៉ាស្សាឈូសេតស៍ គឺអ្នកស្រី អេលីហ្សាប៊ែត វ៉ារែន (Elizabeth Warren) និងលោក អ៊ែតវើត ម៉ាកឃី (Edward Markey) ដើម្បីជំរុញឲ្យអ្នកទាំងពីរគាំទ្រការអនុម័តសេចក្ដីស្នើច្បាប់នេះនៅព្រឹទ្ធសភា។
អ្នកច្បាប់អន្តរជាតិ និងជាមេធាវីជនជាតិអង់គ្លេសលោក រីឆាត រ៉យជើរ (Richard Rogers) ពន្យល់ថាសេចក្ដីស្នើច្បាប់ ស្ដីពី «ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨» អាចត្រូវការពេលប្រាំមួយខែ ឬ ក៏ឆាប់ជាងនេះ អាស្រ័យទៅលើភាពបន្ទាន់ និងឆន្ទានុសិទ្ធិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់៖ «ពេលដែលសំណើច្បាប់នេះ ត្រូវបានអនុម័ត និងដាក់ឲ្យចូលជាធរមានរួច ច្បាស់ណាស់ វានឹងមានឥទ្ធិពលខ្លាំង។ ប៉ុន្តែឥទ្ធិពលនេះ គឺចាំរហូតដល់ ១៨០ថ្ងៃក្រោយចេញច្បាប់នេះសិន ទើបឃើញច្បាស់។ ពេលនោះ យើងនឹងឃើញបញ្ជីរាយនាមបុគ្គល ដែលត្រូវរងទណ្ឌកម្ម។ ទណ្ឌកម្មទាំងនោះរួមមាន ការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីទាំងនោះ ដែលមាននៅសហរដ្ឋអាមេរិក ទាំងជាទ្រព្យបុគ្គល ឬជាក្រុមហ៊ុន និងការហាមឃាត់ទិដ្ឋាការធ្វើដំណើរមកកាន់ទឹកដីអាមេរិក។ មានន័យថា មន្ត្រីរបបលោក ហ៊ុន សែន មិនអាចជាន់ដីអាមេរិកបានទេ លើកលែងតែក្នុងករណីមកប្រជុំអង្គការសហប្រជាជាតិប៉ុណ្ណោះ។ ទណ្ឌកម្មនេះ គឺដាក់លើជនទាំងឡាយណា ដែលបានចូលដៃចូលជើង ក្នុងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា និងជនដែលរំលោភសិទ្ធិមនុស្ស ដែលពាក់ព័ន្ធនឹងការបំផ្លាញប្រជាធិបតេយ្យនេះដែរ។ បើនិយាយពីជនដែលជាប់ពាក់ព័ន្ធវិញ គឺមានច្រើនស្អេកស្កះ នៅស្រុកខ្មែរ។ ដូច្នេះ បញ្ជីខ្មៅច្បាស់ជាវែងខ្លាំងណាស់ហើយ»។
បុគ្គលទាំង ១៧រូប ដែលត្រូវបានរាយនាមក្នុងបញ្ជីដាក់ទណ្ឌកម្មនោះ រួមមាន លោក ហ៊ុន សែន លោក ស ខេង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាំផ្ទះ លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមន្ត្រីសំខាន់ៗ ដែលស្និទ្ធនឹងលោក ហ៊ុន សែន មួយចំនួនទៀត។
ជុំវិញការប្រឈមនឹងការដាក់ទណ្ឌកម្មនេះ អ្នកនាំពាក្យរបបលោក ហ៊ុន សែន លោក ផៃ ស៊ីផាន ធ្លាប់អះអាងថា ទណ្ឌកម្មនេះមិនប៉ះពាល់អ្វីដល់កម្ពុជាទេ ព្រោះកម្ពុជាជារដ្ឋឯករាជ្យ មិនចំណុះក្រោមឥទ្ធិពលសហរដ្ឋអាមេរិកនោះឡើយ៕