នយោបាយ
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
15 សីហា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ
ក្នុងសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨បានបញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជា មានសេចក្តីរីករាយសូមប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានធ្វើឡើងដោយសេរី យុត្តិធម៌ និងមានតម្លាភាព។
គណបក្សប្រជាជនកម្ពុជា ដែលគេរំពឹងថានឹងគ្រប់គ្រងអាសនៈរដ្ឋសភាទំាងអស់ ក្រោយការបោះឆ្នោតថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយគ្មានវត្តមានគូប្រជែងខ្លួនគឺគណបក្សសង្គ្រោះជាតិនោះ បានប្រកាសនៅសប្តាហ៍នេះថា ការបោះឆ្នោតកន្លងទៅថ្មីៗនេះ ត្រូវបានធ្វើឡើងដោយសេរី យុត្តិធម៌ និងមានតម្លាភាព។
ការប្រកាសរបស់គណបក្សគ្រប់គ្រងប្រទេស កើតមានមុនមួយថ្ងៃដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រៀមប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការនៅយប់ថ្ងៃពុធនេះ។ ការបោះឆ្នោតថ្មីៗនេះ ទោះមិនមានវត្តមានគណបក្សប្រឆាំងរបស់លោកកឹម សុខា និងលោក សម រង្ស៊ី ចូលរួម តែមានគណបក្ស១៩ផ្សេងទៀត បានចូលរួមប្រកួតជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨បានបញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជា មានសេចក្តីរីករាយសូមប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានធ្វើឡើងដោយសេរី យុត្តិធម៌ និងមានតម្លាភាព។ ការបោះឆ្នោតនេះ ត្រូវបានចូលរួមដោយអ្នកបោះឆ្នោត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យ៉ាងកុះករ និងបានទទួលស្គាល់ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មកពីបណ្តាប្រទេសជុំវិញពិភពលោក ថាជាសញ្ញាណបញ្ជាក់យ៉ាងច្បាស់នូវភាពចាស់ទុំរបស់កម្ពុជា នៅក្នុងលទ្ធិប្រជាធិបតេយ្យ»។
គណបក្សប្រជាជនកម្ពុជាក៏គ្រោងនឹងធ្វើសន្និសីទព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍ ដើម្បី «អបអរសាទរលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា» និងដើម្បីប្រាប់អ្នកកាសែតអំពីលទ្ធផលផ្លូវការ ដែលបានពីការបោះឆ្នោតដែលប្រទេសនៅលោកខាងលិច និងក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិចោទថា ជាការបោះឆ្នោតក្លែងក្លាយ និងធ្វើឡើងដើម្បីគ្រាន់តែបន្តអំណាចរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។ ប្រជាជនកម្ពុជាក៏នឹងរងការគាបសង្កត់បន្ថែមទៀតក្រោមរបៀបរបបដឹកនាំផ្តាច់ការផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ប្រាប់ VOA នៅថ្ងៃពុធនេះថា គណបក្សគ្រប់គ្រងប្រទេសទំនងជាបានអាសនៈសភាច្រើនជាងគណបក្សនយោបាយណាទាំងអស់ បើតាមលទ្ធផលបឋមចេញផ្សាយដោយគ.ជ.ប កាលពីពេលថ្មីៗនេះ។
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងថ្លែងមុននឹងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។
លោកមិនអាចបញ្ជាក់ច្បាស់ៗថា បក្សកាន់អំណាចនឹងក្តោបយកអាសនៈទាំង១២៥នៅរដ្ឋសភាជាតិនោះទេ តែបានព្រមានគណបក្សផ្សេងៗទៀតថា មិនអាចតវ៉ាបានឡើយ បើសិនតាមការទូទាត់សំឡេងឆ្នោតរួចហើយ ហើយគណបក្សទាំងនោះ មិនទទួលអាសនៈណាមួយនោះ។
«ដូច្នេះបើសិនណាជាយកសំឡេងឆ្នោតរបស់គណបក្សនីមួយៗ ទៅតាមមណ្ឌលនីមួយៗ ទាំង២៥ ខេត្តក្រុងនេះ ខ្ញុំយល់ថា វាចេញលទ្ធផលយ៉ាងណា គឺយើងទទួលស្គាល់លទ្ធផលនោះហើយ។ បាទ មិនអាចប្រកែកបានទេ ទោះបីថាគណបក្សបានសំឡេងកៅអី បានអាសនៈច្រើន ឬមួយគណបក្សដែលមិនទទួលបានអាសនៈហ្នឹងក៏មិនអាចមានហេតុផលណា ដែលត្រូវប្រកាសបដិសេធអំពីលទ្ធផលដែលចេញពីរូបមន្តដែលមានចែងនៅក្នុងច្បាប់បោះឆ្នោតនោះទេ»។
បន្ថែមលើការអះអាងរបស់លោក សុខ ឥសាន នាពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានប្រកាសពីការដឹកនាំប្រទេសបន្តក្នុងរយៈពេល ៥ឆ្នាំទៀត ដើម្បីបន្តការគ្រប់គ្រងប្រទេសរបស់លោករយៈពេល ៣៣ឆ្នាំកន្លងមក។
ទោះជាមានការអះអាងយ៉ាងណាក៏ដោយ ប្រទេសប្រជាធិបតេយ្យធំៗ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងបណ្តាប្រទេសសម្ត័ន្ធមិត្តផ្សេងទៀតរបស់អាមេរិក និងសហភាពអឺរ៉ុប បានសម្តែងការខកចិត្ត និងរិះគន់ចំពោះការបោះឆ្នោតដែលគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលាយចោលកាលពីឆ្នាំមុន។ មានតែក្រុមមន្ត្រីចិនដែលជាមហាអំណាចកុម្មុយនីស្តប៉ុណោ្ណះ ដែលបានចេញមុខមកអបអរសាទរថាការបោះឆ្នោត បានធ្វើឡើងដោយជោគជ័យ។
លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា បានការពារជ័យលាភីរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ដែលបានរៀបចំការបោះឆ្នោតដោយជោគជ័យថ្មីៗនេះ ហើយបានអះអាងទៀតថា ពលរដ្ឋខ្មែរទេ ដែលជាអ្នកសម្រេចជោគវាសនាខ្លួនឯងនោះ មិនមែនប្រទេសប្រជាធិបតេយ្យដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជានោះឡើយ។ លោកបានបន្ថែមថា ទោះបីមានតែគណបក្សមួយក្នុងរដ្ឋសភា ក៏ប្រជាធិបតេយ្យនៅមានជីវិតដដែលនៅកម្ពុជា។
«ទោះបីថា គណបក្សណាមួយជាប់ឆ្នោតតែឯងនៅក្នុងសភា ក៏វាឆ្លុះបញ្ចាំងអំពីខ្លឹមសារ និងអត្ថន័យនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែរ មិនអាចនិយាយថា មានបក្សមួយជាប់ឆ្នោតហើយ គឺថាចោទថា ជាឯកបក្សនោះមិនបានទេ ពីព្រោះសំឡេងឆ្នោតដែលប្រជាពលរដ្ឋបោះឲ្យហ្នឹង គឺថាជាប់គ្រប់គណបក្សទាំងអស់ គ្រាន់តែតិច ហើយនិងច្រើនទេ ហើយគណបក្សខ្លះដែលជាប់តិចហ្នឹង គឺថាចែកតាមរូបមន្ត ដែលមានចែងក្នុងច្បាប់ទៅ វាអត់បានកៅអី វាអត់បានអាសនៈ ដោយសារតែវាខ្វះជើង»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធមិនធ្វើការអធិប្បាយ ចំពោះលទ្ធភាពនៃការទទួលបានអាសនៈរបស់គណបក្សនយោបាយផ្សេងទៀត ក្រៅតែពីគណបក្សកាន់អំណាចរបស់លោកហ៊ុន សែន។
ទាក់ទិនការចំអកចំអន់ធ្វើឡើងដោយអ្នកនយោបាយប្រឆាំងពីក្រៅប្រទេសថា ការបោះឆ្នោតក្លែងក្លាយ ឬក៏ការថ្កោលទោសពីសហគមន៍គាំទ្រប្រជាធិបតេយ្យចំពោះការបោះឆ្នោតដែលធ្វើឡើងដោយគ្មានវត្តមានបក្សប្រឆាំងនោះ លោក ហង្ស ពុទ្ធា បានពន្យល់ថា៖
«ការចំអកហ្នឹង វាគ្រាន់តែជាភាសារបស់អ្នកនយោបាយទេ បាទ។ ហើយ គ.ជ.ប យើងធ្វើការលើការងារបច្ចេកទេស អ៊ីចឹងបញ្ហានយោបាយ ទុកឲ្យអ្នកនយោបាយលោកដោះស្រាយគ្នាទៅបាទ។ ហើយចំណែក គ.ជ.ប បានបំពេញតួនាទីរបស់ខ្លួនគឺ បានថ្ងៃនេះ គឺនឹងប្រកាសលទ្ធផលជូនសាធារណជនហើយបាទ»។
លោក សុខ សំអឿន មេធាវីឯករាជ្យដែលច្រើនការពារក្តីទាក់ទិនបញ្ហាសិទ្ធិមនុស្ស ថ្លែងថា តាមច្បាប់របស់កម្ពុជា គណបក្សប្រជាជនកម្ពុជាអាចក្តោបក្តាប់សភាទាំងមូលបាន ហើយក៏មិនមានបញ្ហារាំងស្ទះណាមួយ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះដែរ។
«ពហុបក្សនេះ វាមិនឲ្យនិយមន័យច្បាស់លាស់។ ដូច្នេះ ឲ្យតែមានការចូលរួមពីបក្ស[…] ដូចថាមានចូលរួមពេលបោះឆ្នោត មានគណបក្សច្រើន អាហ្នឹងវាក៏ពហុបក្សដែរអ៊ីចឹង»។
នៅឯសហរដ្ឋអាមេរិកវិញ រដ្ឋបាលក្រុង Lowell រដ្ឋ Massachusetts បានបើកសវនាការស្តាប់ញត្តិរបស់ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរនៅក្រុងនេះ សុំឲ្យអភិបាលនិងក្រុមប្រឹក្សាក្រុមគាំទ្រសេចក្តីស្នើច្បាប់ HR5754 ដើម្បីគាបសង្កត់ឲ្យរដ្ឋាភិបាលកម្ពុជាងាកមករកលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ក្រោយពីបានស្តាប់ការអំពាវនាវរបស់អ្នកតំណាងជនជាតិខ្មែរនៅក្រុង Lowell ក្រុមប្រឹក្សាក្រុមទាំងអស់ដែលមានវត្តមានបានសម្តែងការគាំទ្រញត្តិរបស់ពួកគេ មុនដាក់ទៅព្រឹទ្ធសភាស.រ.អា. នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីអនុម័ត ក្រោយពីរដ្ឋសភាបានអនុម័តកាលពីជិតមួយខែមុននេះ។ ញត្តិនេះ ដែលមានហត្ថលេខាជាង៧០០នាក់ ត្រូវបានយកមកបង្ហាញសវនាការកាលពីល្ងាចថ្ងៃអង្គារ។
សេចក្តីស្នើច្បាប់ HR5754 នេះ មានគោលដៅដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពសង្គមស៊ីវិល និងសេរីភាពសារព័ត៌មាននៅកម្ពុជាឡើងវិញ។ ញត្តិនេះក៏ប្រឆាំងនឹងការបោះឆ្នោតជាតិនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដាផងដែរ៕