សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី
អង្គការសង្គមស៊ីវិលជាង១៦០ ស្ថាប័ន ស្នើទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់បទចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ដោយថា ដើម្បីឲ្យសកម្មជនដីធ្លីរូបនេះអាចត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ បន្ទាប់ពីអ្នកស្រីជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក មន្ត្រីគ.ជ.ប និងរកយុត្តិធម៌ជូន លោក កែម ឡី។
នៅថ្ងៃនេះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន១៦២ ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាថា ការឃុំខ្លួនអ្នកស្រីទេព វន្នី បានបង្កផលប៉ះពាល់ជាច្រើនដល់ក្រុមគ្រួសាររបស់អ្នកស្រី ។សង្គមស៊ីវិលទាំងនេះស្នើសុំទៅអាជ្ញាធរ ដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពដើម្បីអ្នកស្រីបានជួបជុំក្រុមគ្រួសារវិញ។
នាយិការអង្គការសីលកា ជាអង្គការចូលរួមក្នុងសេចក្តីថ្លែងការណ៍ លោកស្រី ធីតា ឃឹះ មានប្រសាសន៍ថា ការចាប់ខ្លួននិងបទចោទប្រកាន់ទៅលើអ្នកស្រី ទេព វន្នី ពីបទប្រើហិង្សាលើក្រុមសន្តិសុខនោះ ធ្វើឡើងមិនសមស្របឡើយដោយសារ ក្រុមសន្តិសុខទាំងអស់នោះជាបុរស។ លោកស្រីស្នើទៅរដ្ឋាភិបាល និងអាជ្ញាធរឲ្យដោះលែងអ្នកស្រីទេព វន្នីឲ្យមានសេរីភាពវិញ។
អ្នកនាំពាក្យក្រសួងយុតិ្តធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា អាជ្ញាធរគ្មានសមត្ថកិច្ចក្នុងការដោះលែងអ្នកស្រីទេព វន្នីនោះទេ ព្រោះរឿងនេះកំពុងស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ។
អ្នកស្រីទេព វន្នី ជាសកម្មជនដីធ្លី ដែលសកម្មក្នុងតវ៉ាទាមទារឲ្យមានដំណោះស្រាយដីធ្លីនៅតំបន់បឹងកក់។ នៅឆ្នាំ ២០១៣ អ្នកស្រី បានទទួលពានរង្វាន់ភាពជាអ្នកដឹកនាំពិភពលោកពីអតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ផងដែរ។
អ្នកស្រីត្រូវបានតុលាការសម្រេចផ្ទន្ទាទោសឲ្យជាប់ពន្ធនាគារ ២ កន្លះ ដោយចោទថា ប្រើហិង្សាលើក្រុមសន្តសុខខណ្ឌដូនពេញនៅកែ្បរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣ បន្ទាប់ពីអ្នកស្រីបាននាំគ្នាទៅរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់។