ដោយ អ៊ឹង ប៊ុនថន
16/08/2018
RFI

រូបភាពនៅខាងក្នុងរដ្ឋសភាកម្ពុជា
RFI/Khmer
សហរដ្ឋអាមេរិក នៅថ្ងៃនេះ បាននិយាយថា ខ្លួននឹងពង្រីកការព្យួរទិដ្ឋាការបន្ថែមទៀតដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការប្រឆាំងនឹងគោលការណ៍លទ្ធិប្រជាធិតេយ្យ តាមរយៈការបោះឆ្នោតជាតិ កាលពីខែកក្កដា ខណៈគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំងអស់នៃរដ្ឋសភាដែលមិនធ្លាប់កើតមាន។ ក្រៅពីអាមេរិកក៏មានផងដែរ គឺអូស្រ្តាលី។ អូស្រ្តាលីដែលអះអាងថាកំពុងពិចារណាប្រើគ្រប់ជម្រើសដើម្បីឆ្លើយតបនឹងស្ថានការណ៍នៅកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Ann Nauert បានបញ្ជាក់ថា ការពង្រីកការព្យួរទិដ្ឋាការ ហាមឃាត់មន្ត្រីរដ្ឋាភិបាលខ្មែរមិនឲ្យចូលជាន់ដីសហរដ្ឋអាមេរិកនេះ គឺសំដៅទៅលើទិដ្ឋាការ ដែលអាមេរិក សម្រេចព្យួរ កាលពីថ្ងៃទី ៦ខែធ្នូកន្លងទៅ ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលជាអ្នកទទួលខុសត្រូវលើការរំលោភលទ្ធិប្រជាធិតេយ្យ។ ការរំលោភលទ្ធិប្រជាធិបតេយ្យដែលអាមេរិកសំដៅដល់ការរំលាយគណបក្សប្រឆាំងដ៏ធំជាងគេ និងការបន្តឃុំឃាំង លោកកឹម សុខា ជាដើម។ ជាមួយគ្នានោះ អាមេរិក បានប្រកាសថា លទ្ធផលបោះឆ្នោតផ្លូវការ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ទាំង១២៥ ក្នុងរដ្ឋសភានេះ គឺជាអំពើខុសច្បាប់។
ដោយឡែក សមាជិកព្រឹទ្ធសភាអូស្រ្តាលី គឺលោកស្រី Urquhart និង លោក James McGRATH ដែលមានតួនាទីមួយទៀតជាឧបការីរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីផងនោះ បានលើកឡើងនៅក្នុងញត្តិរបស់ពួកគេ កាលពីថ្ងៃទី១៤សីហា ដោយស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលីមានវិធានការបន្ថែមទៀតក្នុងការសម្របសម្រួលជាមួយដៃគូដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កញ្ញា កឹម មនោវិទ្យា ដែលបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julia Bishop នៅថ្ងៃទី១៥ ខែ សីហា ត្រូវបានវិទ្យុអាស៊ីសេរីដកស្រង់សំដីមកថា កញ្ញាសង្ឃឹមនឹងជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នឹងចាត់វិធានការសមគួរទៅតាមសំណើរបស់ពួកគាត់។ ជាសំណើឲ្យមានការបិទទិដ្ឋាការ ការបង្កកទ្រព្យសម្បត្តិមន្ត្រីរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារ និងធានាឲ្យកម្ពុជា ងាកមករកគន្លងប្រជាធិបតេយ្យ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថាការលើក
ឡើងរបស់សហរដ្ឋអាមេរិកគឺគ្រាន់តែជាការគំរាមកំហែងតែប៉ុណ្ណោះតែលោកមិនជឿថា
អាចមានការដាក់ទណ្ឌកម្មជាក់ស្តែងកើតឡើងនោះឡើយ៕