មួង ណារ៉េត
2018-08-17
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងពិធីមួយនាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ រូបឯកសារ AFP
![]()
កាលពីដើមសប្ដាហ៍នេះ អាស៊ីសេរី ផ្សាយសេចក្ដីរាយការណ៍មួយ អំពីពលរដ្ឋខ្មែរអាមេរិកាំងខ្លះ ចាប់ផ្ដើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចខ្នាតតូច រឺមិនចូលទិញទំនិញក្នុងហាងនានាដែលសង្ស័យថា ពាក់ព័ន្ធនឹងបក្សកាន់អំណាច របស់លោក ហ៊ុន សែន។ ក្រោយពីផ្សាយរបាយការណ៍នោះរួច អាស៊ីសេរីបានរកឃើញថា ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នោះ មិនត្រឹមត្រូវនោះទេ។
កាលពីថ្ងៃអង្គារ ទី១៤ ខែសីហា អាស៊ីសេរី បានធ្វើសេចក្ដីរាយការណ៍មួយ ថាមានពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន បានចាប់ផ្ដើមធ្វើពហិការ មិនទិញទំនិញពីហាងណា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។
សកម្មជនម្នាក់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត គឺលោក អ៊ូ ថុល ដែលចូលរួមក្នុងការធ្វើពហិការនេះ បានអះអាងថា ម្ចាស់ផ្សារ K-Market និង ម្ចាស់ហាងលក់ថ្នាំពេទ្យ K-Pharmacy ដែលស្ថិតនៅផ្លូវ School Street កាច់ជ្រុងជាមួយផ្លូវ Westford មិនត្រឹមតែជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ មានលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងលោក ហ៊ុន សែន ចូលហ៊ុនរកស៊ីជាមួយថែមទៀតផង។ អាស៊ីសេរី ក៏បានព្យាយាមទាក់ទងម្ចាស់ហាងទាំងនោះ អោយឆ្លើយតប ចំពោះការចោទប្រកាន់នេះដែរ ដោយហៅទូរស័ព្ទ ដែលមាននៅលើគេហទំព័រ ក៏ប៉ុន្តែមិនមានអ្នកឆ្លើយ។
ប៉ុន្តែ ក្រោយពីការផ្សាយសេចក្ដីរាយការណ៍នេះ មានពលរដ្ឋជាច្រើន បានទូរស័ព្ទមកប្រាប់អាស៊ីសេរី ថា ការអះអាងរបស់សកម្មជនរូបនេះ មិនត្រឹមត្រូវនោះទេ។ អាស៊ីសេរី ក៏បានទាក់ទងទៅខាងម្ចាស់ហាងទាំងពីរនោះ និងរកឃើញថា ហាងទាំងពីរ គ្មានជាប់ពាក់ព័ន្ធអ្វីទៅនឹងនឹងគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន ម៉ាណែត នោះឡើយ។
ម្ចាស់ផ្សារ K-Market លោក គៀង រ៉ូបើត បានបញ្ជាក់ថា លោកធំក្តីនៅអាមេរិក និងមិនដែលមានជាប់ព័ន្ធអ្វីជាមួយមន្ត្រី ឬគណបក្សកាន់អំណាចនោះឡើយ៖ «ខ្ញុំមកធំនៅស្រុកអាមេរិកនេះ។ ខ្ញុំគ្មានទំនាក់ទំនងអ្វីជាមួយ ហ៊ុន ម៉ាណែត ឬរដ្ឋាភិបាលខ្មែរទេ។ អ្វីដែលខ្ញុំរកស៊ី គឺរកស៊ីដោយដៃ ញើសឈាមរបស់ពួកខ្ញុំ និងក្រុមគ្រួសារខ្ញុំ។ មុខរបរយើង គឺជាមុខរបបរបៀបជាក្រុមគ្រួសារទេ។ ខ្ញុំរស់នៅទីក្រុងឡូវែលនេះ ៣០ឆ្នាំហើយ។ អ្នកដែលស្គាល់ខ្ញុំគឺច្រើនណាស់»។
អាស៊ីសេរី ក៏បានទាក់ទង ម្ចាស់ហាងលក់ថ្នាំពេទ្យ K-Pharmacy គឺលោក ហុក ប៉ូច ដែលបញ្ជាក់ថា រូបលោក និងក្រុមគ្រួសារ ក៏គ្មានជាប់ពាក់ព័ន្ធ ឬគាំទ្រលោក ហ៊ុន ម៉ាណែត ឬគណបក្សប្រជាជនកម្ពុជានោះដែរ៖ «ខ្ញុំមិនដែលជួប ហ៊ុន ម៉ាណែត អីផងហ្នឹង។ កូនរបស់ខ្ញុំហ្នឹង ក៏អត់ដែលស្គាល់ដែរ។ ខ្ញុំសូមបដិសេធ។ ខ្ញុំមិនដែលស្គាល់ ហ៊ុន ម៉ាណែត។ កូនខ្ញុំទាំងអស់ក៏អត់ដែលស្គាល់។ រឿងបក្សពួកគណបក្សនោះ ក៏អត់ដែរ។ អត់មានពាក់ព័ន្ធអី រឿងលុយកាក់អីជាមួយ ហ៊ុន ម៉ាណែត ទេ»។
ម្ចាស់ហាងទាំងពីរគឺលោក គៀង រ៉ូប៊ើត និង លោក ហុក ប៉ូច សុទ្ធតែសម្ដែងការហួសចិត្ត និងមិនពេញចិត្តទៅនឹងការចោទប្រកាន់មិនត្រឹមត្រូវ មកលើហាងពួកគាត់។
អាស៊ីសេរី ក៏បានទាក់ទងទៅលោក អ៊ូ ថុល ដែលក្រោយមកសម្ដែងការសោកស្ដាយ ដែលលោកបានថ្លោះធ្លោយសម្ដីបែបនេះ ព្រោះលោកនិយាយជឿតាមគេថា។ លោក អ៊ូ ថុល បញ្ជាក់ថា លោកពិតជាជ្រុលមាត់មែន ហើយសុំទោសម្ចាស់ហាងទាំងពីរជាសាធារណៈ ព្រោះនោះជាការយល់ច្រឡំ៖ «ខុសឬត្រូវអី ខ្ញុំសុំទោស។ ខ្ញុំក៏សុំទោសចំពោះម្ចាស់ហាងដែរ»។
អាស៊ីសេរី ក៏សូមសោកស្ដាយដោយស្មោះ ចំពោះការផ្សាយការចោទប្រកាន់ ដែលមិនត្រឹមត្រូវនេះ។
អាស៊ីសេរី ក៏បានសម្ភាសសកម្មជនម្នាក់ទៀត គឺលោក ណាំ អែម នៅទីក្រុង Philadelphia ដែលអះអាងថា មានហាងជាច្រើននៅទីក្រុងនេះ គាំទ្រគណបក្សប្រជាជនកម្ពុជា។ អាស៊ីសេរី បានព្យាយាមសុំជួបម្ចាស់ហាងទាំងនោះ ដើម្បីសុំការបំភ្លឺដែរ ប៉ុន្តែ រហូតមកដល់ពេលនេះ យើងនៅតែមិនទាន់អាចសុំការបំភ្លឺពីពួកគាត់ បាននៅឡើយ។ អាស៊ីសេរី នឹងធ្វើសេចក្ដីរាយការណ៍បន្ថែមទៀត នៅពេលយើងបានព័ត៌មានបន្ថែម ជុំវិញរឿងនេះ៕