យន់ សាមៀន
2018-08-18
RFA

និមិត្តសញ្ញាអាស៊ីសេរី។ Photo: RFA
អភិបាលរដ្ឋកាលីហ្វរនីញ៉ា (California) លោក ជើរ៉ី ប្រោន (Jerry Brown ) កាលពីថ្ងៃទី១៧ សីហា បានលើកលែងទោសឲ្យអតីតទណ្ឌិត ៣រូប ជាជនជាតិខ្មែរ ដែលត្រូវប្រឈមមុខនឹងការចាប់បញ្ជូនទៅប្រទេសកម្ពុជាវិញ។ ក្នុងចំណោមជនជាតិខ្មែរទាំងបីនាក់នោះ មានលោក អ៊ិន វណ្ណា ដែលបានមករស់នៅអាមេរិកកាលពីអាយុ ៣ឆ្នាំ។
លោកបានជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ដោយសារតែធ្វើឃាតជនរងគ្រោះម្នាក់ កាលពីអាយុ១៧ឆ្នាំ។ លោក អ៊ិន វណ្ណា ត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីឆ្នាំ២០០១។ ក្រោយការដោះលែងលោកបានជួយក្រុមអតីតជនឧក្រិដ្ឋជនមួយចំនួនឲ្យក្លាយទៅជាមនុស្សល្អឡើងវិញ។
ដោយឡែក អតីតទណ្ឌិត សុក ផល ត្រូវបានតុលាការកាត់ឲ្យជាប់ទោស ១៥ឆ្នាំ ពីបទប្លន់។ ខណៈ លោក ឡាវ ហេង ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេលពីរឆ្នាំ ពីបទប្រើប្រាស់អាវុធ ក្នុងករណីវាយតប់បង្ករបួសស្នាម។ លោក ជើរ៉ី ប្រោន អះអាងថា អ្នកដែលលោកលើកលែងទោសសុទ្ធតែបានកែប្រែខ្លួន និងកសាងខ្លួនទើបទទួលបានការលើកលែងទោស។ ការប្រកាសលើកលែងទោសនេះ ធ្វើឡើងមុនពេលអាជ្ញាធរសហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនពលរដ្ឋខ្មែរដែលបានប្រព្រឹត្តបទល្មើសនៅអាមេរិក ៣០នាក់ បន្ថែមទៀតទៅកាន់ប្រទេសកម្ពុជា នៅថ្ងៃពុធ ទី២២ ខែសីហា សប្ដាហ៍ក្រោយ៕