សិទ្ធិមនុស្ស
រូបថត Screenshot ពីទំព័រហ្វេសប៊ុករបស់លោក ស ម៉ូរ៉ា ប្រធានសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា។ (Web Screenshot)
05 កញ្ញា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ
នៅព្រឹកថ្ងៃពុធស្អែកនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការ ដែលមានដើមចោទជាក្រុមហ៊ុនផលិតស្រាបៀរអង្គរ និងចុងចម្លើយ គឺជាមេដឹកនាំសហជីពពីររូប ក្នុងវិស័យចំណីអាហារ និងសេវាកម្ម។ ប្រធានរដ្ឋបាលរោងចក្រផលិតស្រាបៀរអង្គរបដិសេធមិនផ្តល់ព័ត៌មានលម្អិតចំពោះការប្តឹងប្រឆាំងនឹងការធ្វើកូដកម្មរបស់កម្មករនៅរោងចក្រផលិតស្រាបៀរអង្គរកាលពីពីរឆ្នាំមុននោះទេ។
នៅថ្ងៃអង្គារនេះ ប្រធានរដ្ឋបាលនៃរោងចក្រផលិតស្រាបៀរអង្គរនៅខេត្តព្រះសីហនុរក្សាការស្ងៀមស្ងាត់ ដោយមិនអធិប្បាយច្រើនទៅលើការប្តឹងផ្តល់របស់ក្រុមហ៊ុនសា្របៀរអង្គរ ប្រឆាំងនឹងមេដឹកនាំ និងតំណាងសហជីពមួយរូប ក្នុងសំណុំរឿងកូដកម្មរបស់កម្មកររោងចក្រស្រាបៀរអង្គរដែលបានកើតឡើងកាលពីឆ្នាំ២០១៦។
លោក ស ម៉ូរ៉ា ប្រធានសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា និងសហការីរបស់លោក គឺលោក ខែម ម៉ៅ ដែលជាមេដឹកនាំសហជីពក្នុងរោងចក្រផលិតស្រាបៀរអង្គរ ត្រូវបានលោកចៅក្រម ងួន អ៊ីម ចេញដីកាកោះហៅកាលពីថ្ងៃទី៥ ខែសីហា ឲ្យចូលខ្លួនក្នុងនាមជាចុងចម្លើយ នៅថ្ងៃទី៥ ខែកញ្ញា វេលាម៉ោង៨ព្រឹក ដើម្បីបំភ្លឺរឿងក្តីនៃការទាមទារសំណងខូចខាត ដោយកូដកម្ម ដែលមានដើមចោទជាក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលជាក្រុមហ៊ុនផលិតស្រាបៀរអង្គរ។
លោក ឆេង សុភ័ក្រ្ត ប្រធានរដ្ឋបាលនៃរោងចក្រផលិតស្រាបៀរអង្គរនៅខេត្តព្រះសីហនុ បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកមិនសូវដឹងអំពីការប្តឹងផ្តល់របស់ក្រុមហ៊ុនប្រឆាំងនឹងក្រុមសហជីពនៅសាលាឧ្ធរណ៍នោះទេ។
តែលោកបញ្ជាក់ថា មេធាវីរបស់ក្រុមហ៊ុនកំពុងចាត់ចែងក្តីក្តាំនេះ ដើម្បីទាមទារសំណងដល់ការខូចខាតខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ។ លោកបដិសេធមិនផ្តល់ព័ត៌មានបន្ថែម ហើយបានបង្វែសំណួរទៅប្រធានរដ្ឋបាលនៃទីស្នាក់កណ្តាលរបស់ក្រុមហ៊ុនស្រាបៀរអង្គរ។
«ខ្ញុំការងារហ្នឹង ខ្ញុំអត់បានតាមដាន វាយូរដែរបង ដល់អីចឹង បងទាក់ទងទៅស្នាក់កណ្តាលបានដឹង បង»។
VOA ព្យាយាមសុំការអធិប្បាយពីលោក ងៀប ឆេងលាភ ប្រធានរដ្ឋបាលទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនស្រាបៀរអង្គរ តែទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
កាលពីខែសីហា ឆ្នាំ២០១៦ កម្មកររោងចក្រផលិតស្រាបៀរអង្គរប្រមាណជាង៤០០នាក់បានធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនផ្តល់ការងារដល់អ្នកគ្រប់គ្រងឃ្លាំងស្តុកស្រាបៀរម្នាក់ គឺលោក លឹម រ័ត្ន ដែលត្រូវក្រុមហ៊ុនបញ្ឈប់ការងារ ដោយក្រុមហ៊ុនចោទអ្នកគ្រប់គ្រងនេះថា បានប្រព្រឹត្តអំពើពុករលួយ។ ការតវ៉ារបស់កម្មករក៏មានបំណងទាមទារឲ្យក្រុមហ៊ុនគោរពសិទ្ធិរបស់សហជីពផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីថ្ងៃច័ន្ទ លោក ស ម៉ូរ៉ា ប្រធានសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បាននិយាយថា ក្រុមហ៊ុនស្រាបៀរអង្គរទំនងជាបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងរូបលោក ដោយសារតែកាលពីពេលកន្លងមក សាលាដំបូងខេត្តព្រះសីហនុ បានកាត់សេចក្តីមិនឲ្យលោកសងសំណងទៅក្រុមហ៊ុនស្រាបៀរអង្គរទេ តែបានបង្គាប់ដល់លោក ខែម ម៉ៅ តំណាងសហជីពមូលដ្ឋានរបស់លោកក្នុងខេត្តព្រះសីហនុ ឲ្យសងសំណងទៅក្រុមហ៊ុនចំនួន៣០០០ដុល្លារអាមេរិក។
លោក ស ម៉ូរ៉ា ថ្លែងបន្តថា ថ្នាក់ដឹកនាំសហជីពមូលដ្ឋានរបស់លោកក៏បានប្តឹងឧទ្ធរណ៍ជំទាស់នឹងការបង្គាប់របស់តុលាការខេត្តព្រះសីហុន ដែលតម្រូវឲ្យពួកគេសងប្រាក់ទៅក្រុមហ៊ុន ចំពោះអ្វីដែលពួកគេចោទថា មិនត្រឹមត្រូវ ដោយសារតែការធ្វើកូដកម្មនៅពេលនោះ គឺកម្មករជាអ្នកផ្តួចផ្តើមធ្វើដោយចិត្តឯង។
«ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន គាត់ប្តឹងឧទ្ធរណ៍ទៅលើរឿងហ្នឹងដែរ គឺដោយសារតែគាត់មិនបានពាក់ព័ន្ធនៅក្នុងការធ្វើកូដកមុ្មទេ ព្រោះវាជាកូដកម្មដែលកើតឡើងពីកម្មករ ដោយខ្លួនឯងអីចឹងណ៎ា! មិនមានការរៀបចំ មិនមានការចាត់ចែង មិនមានការអីនោះទេ»។
មេដឹកនាំសហជីពរូបនេះថ្លែងថា លោកនឹងទៅបង្ហាញខ្លួននៅចំពោះមុខតុលាការ នាសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃពុធស្អែកនេះ ហើយថា វាជារឿងអយុត្តិធម៌ ដែលតុលាការខេត្តព្រះសីហនុបានបង្គាប់ឲ្យថ្នាក់ដឹកនាំសហជីពមូលដ្ឋានសងសំណងទៅក្រុមហ៊ុននោះ។
«អីចឹង ការសម្រេចឲ្យគាត់សងទៅក្រុមហ៊ុនហ្នឹង យើងគិតថា វាជារឿងមួយដែលអយុត្តិធម៌សម្រាប់គាត់ ព្រោះគាត់មិនបានពាក់ព័ន្ធ ហើយកម្មករគឺគ្រាន់ គាត់គ្រាន់តែអនុវត្តនូវសិទ្ធិរបស់គាត់ទេ។ ធម្មតាតែកាលណាកម្មករធ្វើកូដកម្ម វាបាត់បង់ប្រយោជន៍ ហើយកម្មករខ្លួនឯងត្រូវបានគេកាត់ប្រាក់ឈ្នួល ហើយក្រុមហ៊ុនចង់មិនចង់ សង្វាក់ផលិតកម្ម អត់ដើរទេ។ អីចឹង វាអត់មានអីត្រូវ ពីណាទាមទារប្តឹង ទាមទារពីណា ពីណាទៅត្រូវសងពីណាទេ ព្រោះអាហ្នឹងវាជាសិទ្ធិក្នុងការធ្វើកូដកម្ម»។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ បដិសេធមិនផ្តល់ការអធិប្បាយ ដោយបារម្ភពីការប៉ះពាល់នីតិវិធីរបស់តុលាការ និងសិទ្ធិឯកជនរបស់ភាគីពាក់ព័ន្ធ។
ក្រុមហ៊ុនសាបៀរកម្ពុជា ឬគេស្គាល់ម្យ៉ាងទៀតថា ក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវ ក៏ត្រូវបានគេរាយការណ៍កាលពីពេលកន្លងមកថា ជាអ្នកមានចំណែកភាគហ៊ុនក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុងដ៏ចម្រូងចម្រាសនៅក្នុងប្រទេសឡាវ។ ទំនប់វារីអគ្គិសនីនេះមានកម្រិត២៦០មេហ្គាវ៉ាត់ ហើយត្រូវគេរាយការណ៍ថា នឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋខ្មែរជាង៦លាននាក់ ដែលរស់នៅជុំវិញអាងទន្លេមេគង្គ និងទន្លេសាប៕