មន្ត្រី​ថា ការ​មិន​ចូលរួម​របស់​ប្រមុខ​ការទូត​លោក​សេរី​មួយ​ចំនួន ​ក្នុង​ប្រជុំ​លើក​ទី​ ១ ​របស់​សភា​ថ្ងៃ​នេះ គឺ​ដោយសារ​មាន​និន្នាការ​ជ្រៀតជ្រែក​បញ្ហា​របស់​ខ្មែរ

មន្ត្រី​រដ្ឋសភា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​រៀបចំ​តុបតែង​អគារ​រដ្ឋសភា​សម្រាប់​ការបើក​សម័យប្រជុំ​លើក​ដំបូង​នៃ​សភា​នីតិកាល​ទី​ ៦ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅក្នុង​ថ្ងៃ​នេះ​។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​លោក​សេរី​មួយ​ចំនួន​បាន​បដិសេធ​ចូលរួម​ផ្តល់​កិត្តិយស​ក្នុង​ពិធី​បើក​សម័យប្រជុំ​សភា​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​ ៦ ​របស់​កម្ពុជា​តាម​ការអញ្ជើញ​នា​ព្រឹក​ថ្ងៃនេះ​ដែល​ការបដិសេធ​នេះ​ធ្វើឲ្យ​មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច និង​រដ្ឋាភិបាល​ចោទ​មន្ត្រី​ទូត​ទាំងនោះ​ថា កាន់ជើង​អតីត​បក្សប្រឆាំង និង​ជ្រៀតជ្រែក​បញ្ហា​របស់​ខ្មែរ ប៉ុន្តែ​អ្នក​វិភាគ​ថា ភាពស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​ថ្មី​នេះ​បង្ហាញ​តាមរយៈ​វត្តមាន​ ឬ​អវត្តមាន​បណ្តា​ទូត​ទាំងនោះ​។

អ្នក​នាំពាក្យ​នាយកដ្ឋាន​ការបរទេស និង​ពាណិជ្ជកម្ម អូស្ត្រាលី លោកស្រី Rebecca Chirichiello ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា គ្មាន​អ្នក​ការទូត​ណា​ម្នាក់​របស់​អូស្ត្រាលី​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ក្នុង​សម័យ​ប្រជុំ​សភា​របស់​កម្ពុជា​នៅ​ថ្ងៃ​នេះ​ឡើយ​។ អូស្ត្រាលី​បាន​ចាត់​ទុក​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​​ ២៩ ខែ​កក្កដា​កន្លង​ទៅ​ថា ធ្វើ​ឡើង​ដោយ​ «​មិន​ត្រឹមត្រូវ​»​។

លោកស្រី​បាន​ថ្លែង​តាមរយៈ​សារ​អេឡិចត្រូនិក​ថា​៖ «​នាយកដ្ឋាន​ការបរទេស និង​ពាណិជ្ជកម្ម​បាន​ផ្តល់​ទស្សន​វិស័យ​របស់​ប្រទេស​អូស្ត្រាលី​ចំពោះ​ដំណើរការ​នៃ​ការបោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ ហើយ​អូស្ត្រាលី​នឹង​មិន​ចូលរួម​ក្នុង​ពិធី​បើក​សម័យប្រជុំ​សភា​កម្ពុជា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៥ ខែ​កញ្ញា​នេះ​ទេ​»​។

កាលពី​ថ្ងៃ​ចន្ទ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក និង​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ក៏​ត្រូវ​បាន​រាយការណ៍​មក​ថា នឹង​មិន​មាន​វត្តមាន​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​កម្ពុជា​លើក​ទី​ ១ ​នេះ​ដែរ​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​ថ្លែង​ថា​ជា​ទម្លាប់​ក្នុង​ពិធី​បើក​សម័យប្រជុំ​រដ្ឋសភា ឬ​ព្រឹទ្ធសភា​ក្ដី​តែង​អញ្ជើញ​អង្គទូត​នានា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​ទូត​ណា​មក​ចូលរួម ឬ​មិន​ចូលរួម​គឺជា​សិទ្ធិ​របស់​គេ​។ ចំពោះ​អវត្តមាន​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក និង​សហភាព​អឺរ៉ុប លោក​ថា​ពួកគេ​មាន​ហេតុផល​រៀងៗ​ខ្លួន​។

ប៉ុន្តែ​លោក​ថា បើ​ទូត​ទាំង​នោះ​ចូលរួម វា​ហាក់​ដូចជា​សម្លាប់​កូនជឹង​របស់​ខ្លួន​ដែល​លោក​សំដៅ​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​កូនជឹង​របស់​អាមេរិក ព្រោះ​តាំង​ពី​មុន​បោះឆ្នោត​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា និង​ក្រោយ​ការបោះឆ្នោត ឃើញ​ថា​ប្រទេស​ទាំង​ ២ ​បាន​ប្រកាស​មិន​គាំទ្រ​ការបោះឆ្នោត​ទេ ដោយ​ថា​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ដោយសារ​អវត្តមាន​អតីត​បក្សប្រឆាំង​ដែល​មាន​សក្ដានុពល​។

លោក ឥសាន បាន​ថ្លែង​ថា​៖ «​អ៊ីចឹង​ខ្ញុំ​យល់​ថា និន្នាការ​របស់​គាត់​គឺជា​ការកាន់ជើង​អតីត​បក្សប្រឆាំង អ៊ីចឹង​ទេ​បើ​គាត់​មក វា​ហាក់បី​ដូចជា​គាត់​សម្លាប់​កូនជឹង​របស់​គាត់​។ អ៊ីចឹង​ទេ គាត់​ចៀសវាង​ហេតុផល​ផ្សេងៗ ដើម្បី​គេច​ចេញ​ពី​ការ​មាន​វត្ត​មាន​នៅក្នុង​ការ​ប្រជុំ​នេះ​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ថា​ជា​រឿង​ធម្មតា​ទេ យើង​អញ្ជើញ​វា​ជា​សិទ្ធិ​របស់​យើង ដូច​ហៅ​ការកូន​អ៊ីចឹង ឬ​បុណ្យ​អី​មួយ បើ​ភ្ញៀវ​មក​ក៏​មក បើ​មិន​មក​ក៏​យើង​គ្មាន​ហេតុផល​ណា ដើម្បី​ទៅ​បន្ទោស​ភ្ញៀវ​ដែរ​។ ដំណើរ​វា​ទៅ​ហើយ វា​អត់​មាន​រាំងស្ទះ​អី​បានទេ បើ​ទូត​ ១ ឬ​ ២ ​មិន​បាន​អញ្ជើញ​ទៅ​ទូត​ដទៃ​ជាង​ ៣០ ​ទៀត​គេ​អញ្ជើញ​។ ទូត​មួយៗ​មិន​គិត​ថា​ទូត​ធំ ទូត​តូច ឬ​ទូត​ដុះពោះ ឬ​មិន​ដុះពោះ ប្រទេស​តូចក្ដី ធំ​ក្ដី​គឺ​មាន​លក្ខណៈ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ និង​សមាជិកភាព​ស្មើគ្នា​នៅក្នុង​សមាជិក​អង្គការ​សហប្រជាជាតិ​ដូច​គ្នា​»​។

វិមាន​រដ្ឋសភា​ត្រូវ​បាន​រៀបចំ​តុបតែង​កាលពី​ម្សិលមិញ​។ ហុង មិនា


ជាមួយ​គ្នា​នេះ​លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ថា ការមិន​ចូលរួម​របស់​ឯកអគ្គ​រដ្ឋទូត​របស់​បណ្ដា​ប្រទេស​សេរី​មួយ​ចំនួន​នោះ​នឹង​គ្មាន​តម្លៃ​សម្រាប់​កម្ពុជា​ទេ ហើយ​ក៏​មិន​អាច​ឲ្យ​វាយតម្លៃ​ពី​ភាព​ស្រប​ច្បាប់​កម្ពុជា​ដែរ​។ លោក​ថា​ពួកគេ​មាន​និន្នាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​គាត់​គ្រាន់តែ​ជា​ភ្ញៀវកិត្តិយស បើ​គាត់​អាក់​ខាន​ទៅ​ចូលរួម​ប្រជុំ គាត់​គ្មាន​តម្លៃ​អ្វី​សម្រាប់​កម្ពុជា​ទេ ពីព្រោះ​ការបើក​ [​សម័យប្រជុំ​សភា​] ​គឺ​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​របស់​កម្ពុជា​។ ស្ថានទូត​ទាំងអស់​នោះ​មក​មិនមែន​ឲ្យ​តម្លៃ​ទៅ​លើ​ភាព​ស្របច្បាប់ ឬ​ក៏​នីត្យានុកូលភាព​នោះ​ទេ គ្រាន់​តែ​ជា​ភ្ញៀវកិត្តិយស​ប៉ុណ្ណោះ​។ មិន​មាន​ផលប៉ះពាល់​ដល់​សុពលភាព ឬ​នីត្យានុកូលភាព​ទេ​»​។

លោក​ ស៊ីផាន បន្ថែម​ថា​ការបោះឆ្នោត​គឺជា​ផលប្រយោជន៍​របស់​កម្ពុជា​មិនមែន​ជា​ផលប្រយោជន៍​របស់​ស្ថានទូត​ទាំង​នោះ​ទេ​។ «​ស្ថានទូត​អស់​ទាំង​នោះ​មាន​និន្នាកា​ចូល​ជ្រៀតជ្រែក​លើ​បញ្ហា​ខ្មែរ​»​។ មិន​មាន​សារប្រយោជន៍​អី​សម្រាប់​កម្ពុជា​។ បើ​គាត់​មាន​ពេល​គាត់​មក គាត់​មក​ដើម្បី​ទទួល​កិត្តិយស បើ​គាត់​មិន​មក​គឺ​អត់​កិត្តិយស​តែ​ប៉ុណ្ណឹង​។

អ្នកវិភាគ​ថា​លក្ខណ​ពិសេស​នៃ​ភាព​ស្រប​ច្បាប់​នៃ​សភា​ឯកបក្ស​ត្រូវ​បាន​វាយតម្លៃ​ជា​វិជ្ជមាន ឬ​អវិជ្ជមាន​តាមរយៈ​វត្តមាន ឬ​អវត្តមាន​របស់​អ្នក​ការទូត​ដែល​ត្រូវ​បាន​អញ្ជើញ ជាពិសេស​អ្នក​ការទូត​មកពី​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​បើក​រដ្ឋសភា​ថ្មី​។

នៅ​រសៀល​ថ្ងៃ​នេះ​តំណាងរាស្ត្រ​ទាំង ១២៥ ​រូប​ដែល​សុទ្ធសឹង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះបរមរាជវាំង​ដើម្បី​ធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះ​មុខ​ព្រះភក្ត្រ ព្រះមហាក្សត្រ មុន​ចូល​កាន់​តំណែង​។

បើ​ទោះបី​ជា​មាន​ការ​អញ្ជើញ​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​នានា​ប្រចាំ​កម្ពុជា​ឲ្យ​ចូលរួម​ជា​កិត្តិយស​ក្ដី យ៉ាងហោច​ណាស់​ស្ថានទូត​មហាអំណាច​ចំនួន​ ៣ គឺ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក និង​អូស្ត្រាលី​បញ្ជាក់​ថា ​ឯកអគ្គរដ្ឋទូត​របស់​គេ​នឹង​មិន​មាន​វត្តមាន​តាម​ការអញ្ជើញ​ឡើយ​។ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោកស្រី Emily Zeeberg អះអាង​ថា ​ឯកអគ្គរដ្ឋទូត​អាមេរិក លោក​ William Heidt នឹង​មិនមាន​វត្តមាន​ក្នុង​សម័យ​ប្រជុំ​លើក​ដំបូង​នោះ​ទេ ដោយសារ​ថា​លោក​បាន​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន​សម្រាប់​ការងារ​បន្តបន្ទាប់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។

ដោយឡែក ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក George Edgar ក៏​នឹង​មិនមាន​វត្តមាន​ក្នុង​សម័យ​ប្រជុំ​លើក​ទី​ ១ ​របស់​រដ្ឋសភា​កម្ពុជា​ដែរ ព្រោះ​លោក​ស្ថិត​នៅ​ក្រៅ​ប្រទេស​។ នេះ​បើ​តាម​លោក​ Simone Pieri ភារធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។

តាម​ការគ្រោង​ទុក​ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះបាទ នរោត្តម សីហមុនី ទ្រង់​នឹង​យាង​ធ្វើ​ជា​ព្រះរាជាធិបតី​ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​ ៦ នៅ​វិមាន​រដ្ឋសភា​នា​ម៉ោង​ ៨:៣០ ​នាទី​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ នេះ​បើ​យោង​តាម​ព្រះរាជកម្មវិធី​របស់​ព្រះបរមរាជវាំង​។

ក្នុង​ពេល​ចាប់ផ្តើម​កម្មវិធី​លោក​ ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា​នឹង​យាង​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជសុន្ទរកថា មុន​ពេល​ព្រះអង្គ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​ខាង​មុខ​ខ្លោងទ្វារ​វិមាន​រដ្ឋសភា​។

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ក៏​បាន​ឲ្យ​ដឹងថា​ឥស្សរជន​ជាន់ខ្ពស់ អង្គទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ក៏​ត្រូវ​ចូលរួម​ជា​កិត្តិយស​ផងដែរ​។ បន្ទាប់ពី​ពិធី​បើក​សម័យ​ប្រជុំ​សភា​លើក​ទី​ ១ ​នឹង​ផ្តើម​ការងារ​ក្រោម​អធិបតីភាព​ព្រឹទ្ធសមាជិក​រដ្ឋសភា​លោក​ ហេង សំរិន ដើម្បី​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ​ព្រម​ទាំង​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​នីតិកាល​ទី​ ៦ ​។

ប្រទេស​លោក​សេរី និង​សហភាព​អឺរ៉ុប​បាន​ចេញ​មុខ​រិះគន់​ការបោះឆ្នោត​ជាតិ​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ទទួល​ជ័យជម្នះ​ «​ភ្លូកទឹក​ភ្លូកដី​» ​ដោយ​កាន់កាប់​អាសនៈ​សភា​ទាំង​ ១២៥ ក្នុង​ការបោះឆ្នោត​ដែល​គ្មាន​អតីត​បក្សប្រឆាំង​ដ៏ធំ​ចូលរួម ខណៈ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​ «​ក្បត់ជាតិ​» ​ដ៏ចម្រូង​ចម្រាស​។

គេ​នៅ​មិន​ច្បាស់​ទេ​ថា តើ​នឹង​មាន​ស្ថានទូត​បរទេស​ចំនួន​ប៉ុន្មាន​នឹង​ចូលរួម​ជា​កិត្តិយស ខណៈ​មន្ត្រី​ស្ថានទូត​មួយ​ចំនួន​ទៀត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​គម្រោង​របស់​ខ្លួន ឬ​មិន​បាន​ឆ្លើយតប​នឹង​សំណើសុំ​ធ្វើ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​។

លោក​ ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​អាច​បញ្ជាក់​បាន​ពី​ចំនួន​វត្តមាន​របស់​អង្គទូត​ដែល​នឹង​ត្រូវ​អញ្ជើញ​ចូលរួម​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​ក្នុង​ចំណោម​ស្ថានទូត​ចំនួន​ ៣១ ដែល​ត្រូវ​បាន​អញ្ជើញ​។ លោក​បន្តថា ស្ថានទូត​ខ្លះ​អាច​អញ្ជើញ​ចូលរួម​នៅ​ព្រឹក​នេះ​ដោយ​មិន​បាន​ជូន​ដំណឹង​ជាមុន​។

អ្នកវិភាគ​នយោបាយ​លោក​ ឡៅ ម៉ុងហៃ ថ្លែង​ថា​លក្ខណ​ពិសេស​នៃ​ភាព​ស្របច្បាប់​នឹង​ត្រូវ​បាន​វាយតម្លៃ​តាមរយៈ​វត្តមាន ឬ​អវត្តមាន​របស់​អ្នក​ការទូត​ដែល​ត្រូវ​បាន​អញ្ជើញ​។

លោក​ ឡៅ ម៉ុងហៃ ថ្លែង​តាមរយៈ​សារ​អេឡិចត្រូនិក​ថា​៖ «​វា​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ​ជាមួយ​សភា​ឯកបក្ស តែ​ប្រសិន​បើ​ការបោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សេរី​ និង​យុត្តិធម៌ ដូច្នេះ​ស្រប​ច្បាប់​។ លក្ខណ​ពិសេស​ទាំង​នេះ​នឹង​ត្រូវបាន​វាយតម្លៃ​ជា​វិជ្ជមាន ឬ​អវិជ្ជមាន​តាមរយៈ​វត្តមាន ឬ​អវត្តមាន​របស់​អ្នក​ការទូត​ដែល​ត្រូវ​បាន​អញ្ជើញ ជាពិសេស​អ្នក​ដែល​មកពី​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​បើក​រដ្ឋសភា​ថ្មី​នេះ​»​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោក Paul Chamber អ្នក​វិភាគ និង​ជា​សាស្ត្រាចារ្យ និង​ជាទី​ប្រឹក្សា​ពិសេស​សម្រាប់​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Naresuan បាន​ថ្លែង​ថា​របប​ថ្មី​នេះ​ពិត​ជា​នឹង​ទទួល​បាន​ភាព​ស្របច្បាប់​នៅ​ក្នុង​ស្រុក ចាប់តាំង​ពី​បាន​គ្រប់គ្រង​អភិបាលកិច្ច​ទាំងអស់​ហើយ​នោះ​។

លោក​បន្ត​ថា​៖ «​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាពស្របច្បាប់​ជា​អន្តរជាតិ​របស់​របប​នេះ​នឹង​ត្រូវ​បាន​លាយឡំ​ជាមួយ​នឹង​ភាពស្រប​ច្បាប់​ដែល​ផ្តល់​ដោយ​ប្រទេស​សម្ព័ន្ធមិត្ត​ផ្តាច់ការ​ដូចជា​ចិន និង​រុស្ស៊ី ប៉ុន្តែ​ភាពស្របច្បាប់​ភាគច្រើន​គឺ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ទេ​»៕ NS


Contact author: បែន សុខហ៊ាន

What Next?

Recent Articles