សិទ្ធិមនុស្ស
|
https://www.vodhotnews.com
និពន្ធនាយកនៃគេហទំព័រស្ពានមាស លោក ម៉ឹង វុទ្ធី បានដាក់ពាក្យប្ដឹងទាហាននៃកងពលតូចលេខ៧០ ទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យជួយរកយុត្តិធម៌ដល់ខ្លួន និងទាមទារសំណង៥ពាន់ដុល្លារបន្ទាប់ពីលោកអះអាងថាកងពលតូចលេខ៧០ដែលមានទីតាំងក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ បានប្រើប្រាស់ហិង្សាមកលើរូបលោកបណ្ដាលឲ្យលោកទ្រុឌទ្រោមខ្លួនយ៉ាងដំណំ។ (រូបភាព៖ បណ្ដាញសង្គម)
និពន្ធនាយកសារព័ត៌មានមួយបានដាក់ពាក្យប្តឹងដោយចោទថា ទាហានមួយក្រុមនៅកងពល «ង៧០» បានវាយ ដំរូបលោក ពេលកំពុងបំពេញការងារថតរូបភាពគ្រោះថ្នាក់ចរាចរណ៍មួយនៅជិតបន្ទាយទ័ពនេះកាលពីចុងសប្ដាហ៍មុន។
និពន្ធនាយកនៃគេហទំព័រស្ពានមាស លោក ម៉ឹង វុទ្ធី បានប្រាប់ VOD ថាកាលពីម្សិលមិញលោកបានដាក់ពាក្យប្ដឹងទាហាននៃកងពលតូចលេខ៧០ ទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យជួយរកយុត្តិធម៌ដល់ខ្លួន និងទាមទារសំណង៥ពាន់ដុល្លារបន្ទាប់ពីលោកអះអាងថាកងពលតូចលេខ៧០ដែលមានទីតាំងក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ បានប្រើប្រាស់ហិង្សាមកលើរូបលោកបណ្ដាលឲ្យលោកទ្រុឌទ្រោមខ្លួនយ៉ាងដំណំ។
លោក ម៉ឹង វុទ្ធី បានចាត់ទុកសកម្មភាពអំពើហិង្សារបស់សមាជិកនៃកងពលតូចលេខ៧០នេះជាសកម្មភាពដែលព្រៃផ្សៃ និងគ្មានសីលធម៌បំផុត។
លោកថា៖ « ខ្ញុំយល់ថាព្រៃផ្សៃណាស់! ដូចថាមេដឹកនាំកងពលហ្នឹងដូចអត់មានច្បាប់ទម្លាប់អីឲ្យវាចេះដឹងទេ។ ព្រោះក្មេងៗអស់ហ្នឹងតាមមើលទៅវាមានចំណេះដឹងវប្បធម៌ជ្រៅជ្រះជាងខ្ញុំទៅទៀត ទើបបានចូលជាកងកម្លាំងអញ្ចឹងបាន។ ដល់ពេលធ្វើអញ្ចឹងខ្ញុំនិយាយមិនចេញ! មិនដឹងជាយ៉ាងមិច? ពេលវ៉ៃហ្នឹងវាប្រើពាក្យថាយកខ្ញុំទៅវ៉ៃក្នុងបន្ទាយទៀត! តែមានម្នាក់ថាកុំអត់បានទេ! ហើយទូរស័ព្ទខ្ញុំពេលវាដកហូតហ្នឹងវាប្រុងបោកកម្ទេចទៀតតែអ្នកកាន់ហ្នឹងថាកុំ! »
លោកបានរៀបរាប់ព្រឹត្តិការណ៍ដែលឈានដល់ការប្រើប្រាស់ហិង្សាដល់លោកនោះគឺក្នុងពេលលោកថតយកព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយសមាជិកនៃកងពលតូចលេខ៧០នេះ។
លោកបន្ថែមថា៖ « វាមកសុំឲ្យយើងលុប យើងក៏ថាអើ! លុបទៅចុះ ស្រាប់តែយើងរៀបនឹងលុបហើយវាឆក់យកទៅតែម្ដង ព្រោះវាយូរព្រោះយើងចាស់ហើយរាងទទីមទទើម។ ដល់ឆក់យកទៅហើយតែវាជាប់លេខកូតដល់អញ្ចឹងវាថា លេខកូតប៉ុន្មាន? គ្រាន់តែរៀបប្រាប់លេខកូតវា អាអ្នកកាន់ទូរស័ព្ទវារត់ទៅកាន់បន្ទាយទៅហើយសល់ប៉ុន្មាន បួនដប់ម្ភៃនាក់ហ្នឹងវ៉ៃយកៗតែម្តងវាវ៉ៃសាហាវណាស់ » ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលោក អេង ហ៊ី ថាកងរាជអាវុធហត្ថកំពុងមានវិធានការស៊ើបអង្កេតហើយចំពោះករណីនេះ ខណៈលោកមិនទាន់បញ្ជាក់លំអិតបាននៅឡើយទេ។
លោកថា៖ « ពាក់ព័ន្ធរឿងហ្នឹងតាមយើងមើលទៅគឺស្ថិតក្នុងការអង្កេតបឋម អញ្ចឹងការស៊ើបអង្កេតគឺយើងអត់អាចផ្សាយព័ត៌មានបានទេ រង់ចាំគេធ្វើការសិន » ។
អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា បានប្រាប់ VOD ថាលោកបានទាក់ទងកងពលតូចលេខ៧០ ដើម្បីសាកសួរពីករណីនេះ តែកងពលនេះបានឆ្លើយតបមកវិញថាមិនមានរឿងនេះកើតឡើងនោះទេ ខណៈលោកចាត់ទុករឿងនេះថាជារឿងទំនាស់រវាងពលរដ្ឋនឹងពលរដ្ឋតែប៉ុណ្ណោះ។
លោកថា៖ « ជួនកាលការវាយដំវាជារឿងរបស់ប្រជាពលរដ្ឋមួយចំនួន តែរឿងកងពលជួនកាលគាត់អត់ដឹងទេ! សំណួរ៖ តើអាចនឹងមានការស៊ើបអង្កេតទេ? អត់ទេ! តែបើមានមែនខ្ញុំនឹងរាយការណ៍ដល់មេធំដើម្បីស៊ើបអង្កេត » ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុកលោក សឹង សែនករុណា យល់ថា កងរាជអាវុធហត្ថ និងបញ្ជាការដ្ឋានកងពលតូចលេខ៧០ គួរតែមានវិធានការស៊ើបអង្កេត និងបកស្រាយឲ្យបានច្បាស់លាស់ពីរឿងនេះ ជាជាងឆ្លើយដោយមិនមានសំអាងនោះ។
លោកថា៖ « គួរតែមានការតាមដានអង្កេតថារឿងហ្នឹងវាកើតឡើងមិនពិតប្រាកដដោយរបៀបមិច? មិនអាចគ្រាន់តែគាត់លើកឡើងអញ្ចឹងវាពិបាកក្នុងការជឿ » ។
ក្នុងវីដេអូដែលបានផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បានបង្ហាញមនុស្សមួយក្រុមស្លៀកពាក់ស៊ីវិលប្រមាណជិត១០នាក់ដែលគេសង្ស័យថាជាទាហាននៃកងពលតូចលេខ៧០ បានដើរហាមឃាត់អ្នកកាសែតមិនឲ្យថតរូបសកម្មភាពខ្លួន ខណៈក្រុមនេះបានចោមរោមប្រើហិង្សាលើបុរសម្នាក់ឲ្យដួលនៅនឹងកន្លែងផងដែរ បន្ទាប់ពីមានការប៉ះទង្គិចរវាងជាមួយក្រុមនេះ៕
អត្ថបទទាក់ទង
- ពលរដ្ឋមួយភូមិនៅខេត្ដសៀមរាបទាមទារយកត្រពាំងទឹកបុរាណមកគ្រប់គ្រង
- អាជ្ញាធរខេត្ដព្រះវិហាររារាំងការធ្វើវេទិកាសាធារណៈ
- សមត្ថកិច្ចដោះលែងព្រះសង្ឃដែលចុះអប់រំពលរដ្ឋឲ្យការពារបរិស្ថាន
- កម្មករជិត១០០នាក់ទាមទារឲ្យតុលាការរាជធានីភ្នំពេញចេញដីការឹបអូសទ្រព្យសម្បត្តិរោងចក្រមួយជាបណ្តោះអាសន្ន
- ស្ត្រីរៀបចំយុទ្ធនាការអាវខ្មៅដែលសមត្ថកិច្ចចាប់ខ្លួនមិនទាន់ដោះលែងទេ