នយោបាយ
|
https://www.vodhotnews.com
លោក ហ៊ុន សែន បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ២៣,៤៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាលោក កឹម សុខា នឹងត្រូវដោះលែងនៅខែក្រោយនេះ ក្រោមសម្ពាធអន្តរជាតិ។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី កាលពីម្សិលមិញបាន សរសេរនៅលើហ្វេសប៊ុករបស់លោកថា តាមលោកដឹង លោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ក្នុងឱកាសខួបទី២០នៃ«នយោបាយឈ្នះៗ» ។
លោក សម រង្ស៊ី បន្តថា៖ «តាមការពិត ការដោះលែងលោក កឹម សុខា នេះ គឺធ្វើឡើងក្រោមសម្ពាធអន្តរជាតិសុទ្ធសាធ ហើយជាជំហានទី១ ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប។ ជំហានទី២ ដែលលោក ហ៊ុន សែន កំពុងតែទីទើនៅឡើយ គឺការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ»។
ប៉ុន្តែលោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តតាកែវ នាព្រឹកនេះ បានថ្លែងថា អ្នកអះអាងនោះជាមេបោក ។
លោកថា៖ «ហ៊ុន សែន គ្មានសិទ្ធិនឹងចុះហត្ថលេខាថ្វាយព្រះមហាក្សត្រលើកលែងទោសឲ្យអ្នកណាទាំងអស់ នៅពេលអ្នកណាក៏ដោយស្ថិតក្នុងក្របខណ្ឌនៃពិរុទ្ធជន ឬសារដ៏ខ្លីមួយថាចាំសេះដុះស្នែងបានវាកើត»។
លោក ហ៊ុន សែន ក៏បានប្រាប់កម្មករ កុំឲ្យជឿអ្នកដែលឃោសនាថា កម្មករនឹងអត់ការងារធ្វើ បើសហគមន៍អន្តរជាតិដាក់សម្ពាធ ។ បើតាមលោក ហ៊ុន សែន ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងប្រទេស និងប្រទេស មិនងាយនឹងកាត់ផ្តាច់នោះទេ។
សហរដ្ឋអាមេរិក កាលពីខែសីហាបានប្រកាស ពង្រីកវិធានការដាក់ទណ្ឌកម្មទិដ្ឋាការបន្ថែម និងព្រមានបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលមួយចំនួន ខណៈមហាអំណាចមួយនេះ ប្រកាសមិនទទួលស្គាល់លទ្ធផលអាណត្តិទី៦នេះ ដែលគ្មានអតីតគណបក្សប្រឆាំងចូលរួម ។
ចំណែកសភាពអឺរ៉ុបវិញ បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ ដោយទុកពេលឲ្យ១ឆ្នាំ ក្រោយពីរកឃើញថារដ្ឋាភិបាលកម្ពុជា មិនព្រមស្តារប្រជាធិបតេយ្យឡើងវិញ តាមរយៈ ដោះលែងលោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ បានដំណើរការឡើងវិញ។
អត្ថបទទាក់ទង
- លោក ហ៊ុន សែន ថាមកពីបកស្រាយខុសគ្នាទើបរំលាយតំណែងលោក កឹម សុខា
- លោក ហ៊ុន សែន បង្ហើបថា លោក កឹម សុខា នឹងគ្មាននរណាដោះលែងទេ
- លោក ហ៊ុន សែន ទម្លាក់ការទទួលខុសត្រូវព្រឹត្តិការណ៍ផ្លូវវេងស្រេងឲ្យលោក កឹម សុខា
- លោក ហ៊ុន សែន និងលោក កឹម សុខា ហែបក្សទ្រង់ទ្រាយធំថ្ងៃឃោសនាចុងក្រោយ
- លោក ហ៊ុន សែន ថាសេចក្តីថ្លែងការណ៍អាមេរិករឿង លោក កឹម សុខា ដើម្បីការពារអាយ៉ង