រូបភាព៖ លោក ហ៊ុន សែន ក្នុងជំនួបជាមួយកម្មករ-កម្មការិនីជាង២ម៉ឺននាក់នៅក្នុងស្រុកបាទី ខេត្ត តាកែវ កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨។
@facebook
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកមិញនេះ បានបដិសេធភ្លាមៗ ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ថា រដ្ឋាភិបាលកម្ពុជា នឹងដោះលែងលោក កឹម សុខា នៅចុងឆ្នាំនេះ នៅក្រោមសម្ពាធពីអន្តរជាតិ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី បានច្រានចោលចំពោះការអះអាងខាងលើនេះ ហើយថា លោក កឹម សុខា នៅមិនទាន់មានទោសដែលត្រូវលើកលែងឲ្យនោះទេ។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន និងលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានផ្លោងពាក្យសំដីដាក់គ្នា ជុំវិញអនាគតរបស់លោក កឹម សុខា ដែលកំពុងស្ថិតនៅក្រោមការឃុំឃាំងនៅក្នុងផ្ទះ។ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក កឹម សុខា នឹងមិនត្រូវបានដោះលែងនៅចុងឆ្នាំ២០១៨ ដូចការអះអាងរបស់លោក សម រង្ស៊ី នោះទេ។ ការបដិសេធរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងនៅថ្ងៃទី ០៧ វិច្ឆិកា នៅក្នុងពេលលោកជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី ជាង២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការអះអាងរបស់លោក សម រង្ស៊ី ហាក់នៅឆ្ងាយពីការពិត និងគ្រាន់តែជាការលើកឡើងបែបស្រមើស្រមៃតែប៉ុណ្ណោះ។
កាលពីថ្ងៃទី ០៦ វិច្ឆិកា លោក សម រង្ស៊ី បានអះអាងតាមរយៈទំព័រហ្វ៊េសបុកផ្លូវការរបស់ខ្លួនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅថ្ងៃ ២៩ ធ្នូ ២០១៨ ដោយស្ថិតក្រោមសម្ពាធពីអន្តរជាតិ។ ជាថ្ងៃ ដែលរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធខួប២០ឆ្នាំ នៃការដាក់ចេញនូវ «គោលនយោបាយឈ្នះឈ្នះ» របស់លោកហ៊ុន សែន។ បើតាមលោក សម រង្ស៊ី ដែលអះអាងថា បានទទួលព័ត៌មាននេះ ពីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាមកថា ការដោះលែងលោក កឹម សុខា គឺជាជំហានទីមួយ ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្មពីសហភាពអឺរ៉ុប។ ចំណែកជំហានទីពីរ ដែលលោក ហ៊ុន សែន កំពុងតែទីទើនៅឡើយនោះ គឺការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលភ្លាមៗថា ការដោះលែងលោក កឹម សុខា នៅចុងឆ្នាំនេះ នឹងមិនកើតឡើងឡើយ។ ត្បិតលោក កឹម សុខា នៅមិនទាន់ត្រូវបានកាត់ទោសនៅឡើយ។ ដូច្នេះ លោក កឹម សុខា មិនទាន់មានទោសដែលត្រូវស្នើសុំព្រះមហាក្សត្រ ដើម្បីលើកលែងឲ្យនោះទេ។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្រោមការឃុំខ្លួននៅក្នុងផ្ទះ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ។ លោក ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី ០៤ កញ្ញា ឆ្នាំ ២០១៧ នឹងបានបញ្ជួនខ្លួនទៅឃុំឃាំងនៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ អស់រយៈពេលជាង១ឆ្នាំ មុនពេលបញ្ជូនមកឃុំឃាំងនៅក្នុងផ្ទះរបស់លោក ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨មក ។ លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព» ជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះ នៅមិនទាន់ត្រូវបានតុលាការកម្ពុជា កាត់ទោសនៅឡើយទេ ខណៈដែលសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សជាច្រើនបានថ្កោលទោស ចំពោះការចាប់ឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំងរូបនេះ៕