ដោយ វ៉ា សំណព្វ
13/11/2018
RFI

លោក ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ ២០១៨
©REUTERS/Edgar Su
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ប្រទេសសិង្ហបុរីហើយ កាលពីវេលាម៉ោង ១០ និង៥៥នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ វិច្ឆិកា។ តាមកាលវិភាគ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានកិច្ចប្រជុំមមាញឹកខ្លាំងនៅក្នុងប្រទេសសិង្ហបុរី។
ដូចតាមការគ្រោងទុក ប្រមុខរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូខ្មែរ បានហោះទៅកាន់ប្រទេសសិង្ហបុរីនៅព្រឹក ថ្ងៃទី ១៣ វិច្ឆិកា នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។ នៅក្នុងប្រទេសសិង្ហបុរី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ដែលធ្វើឡើងជាទៀងទាត់មួយឆ្នាំពីរដងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនទៀត តួយ៉ាង៖ កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្ត្រាលី កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០ កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៣, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី។
បន្ថែមពីនេះ ក៏មានផងដែរនូវកិច្ចប្រជុំកំពូលអាស៊ានបូក៣លើកទី២១ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣ កិច្ចប្រជុំចង្អៀតកំពូលអាស៊ីបូព៌ាអមដោយអាហារថ្ងៃត្រង់ និងកិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី២ជាដើម។ ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ព្រមនឹងមានជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូ នៃបណ្តាប្រទេសមួយចំនួនទៀត។
គណៈប្រតិភូកម្ពុជាអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ព្រមទាំងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀត។ មុនការចាកចេញទៅកាន់ប្រទេសសិង្ហបុរី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកថា ទោះបីលោកចេញទៅបំពេញបេសកកម្ម នៅក្រៅប្រទេសក្ដី តែលោកតែងតែនឹករលឹកដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់ទីកន្លែងទាំងអស់៕