អភិបាលកិច្ចល្អ
|
https://www.vodhotnews.com
ស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅស្ពានពេជ្រ
សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីសូត្រមន្តឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានពេជ្រ នៃទីក្រុងកោះពេជ្រកាលពីឆ្នាំ២០១០។
លិខិតជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញនៅថ្ងៃនេះ បញ្ជាក់ថា ពិធីនេះនឹងប្រព្រឹត្តទៅនៅ ម៉ោង ៧ ព្រឹក ថ្ងៃទី ២២ វិច្ឆិកា ២០១៨។ ប្រភពដដែលឲ្យដឹងទៀតថា អាជ្ញាធរនឹងរៀបចំឲ្យមានពិធីសូត្រមន្ត នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនជនរងគ្រោះក្នុងហេតុការណ៍រត់ជាន់គ្នានោះ។
ព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ កាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១០ ដែលជាថ្ងៃបី នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ បានបណ្តាលឲ្យពលរដ្ឋជាង ៣០០ នាក់ស្លាប់ និងជិត ៤០០នាក់ទៀតរងរបួស។ ស្ពាននោះ ត្រូវបានគេវាយ កម្ចេចចោល ក្រោយពេលមានហេតុការណ៍នោះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍នោះថាជាសោកនាដកម្មដ៏អាក្រក់បំផុតដែលពុំធ្លាប់មាន បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ៕


