តុលាការ និងច្បាប់
|
https://www.vodhotnews.com
ប្រជាសហគមន៍ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាំគ្នាឡើងមកលើកទឹកចិត្តសមាជិតរបស់ខ្លួនដែលបានចូលបំភ្លឺនៅសាលាដំបូងខេត្តព្រះវិហារ កាលពីឆ្នាំ២០១៥។ (រូបថត៖ លោក បឹុក សោភ័ណ)
សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជិត១០ នាក់(៩) សម្រេចដាក់លិខិតសុំពន្យារពេលក្នុងការឆ្លើយបំភ្លឺនៅសាលាដំបូងខេត្ត ជុំវិញសំណុំរឿងឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង កាលពីឆ្នាំ២០១៤ ។
សមាជិកជនជាតិដើមភាគតិចកួយម្នាក់ ក្នុងចំណោម៩នាក់លោក ផុន រុំ ឱ្យដឹងថាកាលពីថ្ងៃទី ១៣ វិច្ឆិកាថា ពួកគាត់បានដាក់លិខិតសុំពន្យារពេលក្នុងការចូលបំភ្លឺ នៅតុលាការរួចទៅហើយ។ លោកបន្តថា មូលហេតុសុំពន្យារពេល ដោយថាខាងសហគមន៍មិនទាន់មានមេធាវី ម្យ៉ាងរដូវនេះជារដូវរវល់ធ្វើស្រែចម្ការផង ធ្វើឱ្យពួកគាត់មិនមានពេលគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនចូលឆ្លើយបំភ្លឺ។
ប្រភពរូបនេះ ឱ្យដឹងថាការសុំពន្យារពេលនេះ មិនបានកំណត់ពេលវេលាថានឹងត្រូវចូលបំភ្លឺវិញនៅពេលណាទេ ដោយរង់ចាំពិភាក្សាគ្នា និងរកមេធាវី បានជាមុនសិន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំរកមេធាវីអីមិនបាន ហើយក៏ខែហ្នឹងរវល់ ច្រូតស្រូវផងអីផង ស្រូវក៏បាក់ក អស់ហើយ។ ចាំច្រូតស្រូវរួចរាល់សិន» ។
កាលពីចុងខែកញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ លោក ជៀន ស្រស់ បានចេញដីកាបង្កាប់ឱ្យសហគមន៍ចំនួន៩នាក់ និងមន្ត្រីអង្គការពន្លកខ្មែរប្រចាំខេត្តព្រះវិហារ ចំនួនពីរនាក់ទៀត ចូលខ្លួនបំភ្លឺជុំវិញបទ ចាប់ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០១៤ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ។
ដីកាទាំងនោះ ប្រជាសហគមន៍ ទើបទទួលបាននៅថ្ងៃទី ៥ និង៦ វិច្ឆិកា។ ចំណែកមន្ត្រីអង្គការពន្លកខ្មែរបញ្ជាក់ថានឹងមិនចូលបំភ្លឺឡើយ ដោយមន្ត្រីម្នាក់និយាយថាដីកានោះខុសសាវតាខ្លួនច្រើន ហើយមន្ត្រីម្នាក់ទៀត មិនបានទទួលដីកាទេ។
លោក ផុន រុំ រំលឹកមូលហេតុដែលនាំឱ្យសហគមន៍ឃាត់គ្រឿងចក្រកាលពីខែធ្នូឆ្នាំ២០១៤នោះ ដោយសារក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រ២ គ្រឿងមកឈូសឆាយដីសមូហភាពរបស់ពួកគាត់ជាច្រើនលើកច្រើនសារ ហើយសហគមន៍ជាច្រើននាក់ក៏សម្រេចឃាត់ទុកដើម្បីរង់ចាំការដោះស្រាយ។
នៅឆ្នាំ ២០១៧ អាជ្ញាធរបានយកគ្រឿងចក្រនោះទៅវិញ ប៉ុន្តែដំណោះស្រាយនៅតែគ្មាន។
ក្រុមហ៊ុន ឡាន ហ្វេង គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនចំនួន៤ ផ្សេងទៀត របស់ក្រុមហ៊ុនមេឈ្មោះ ក្រុមហ៊ុនហេងហ្វូដែលទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតា (៤២.០០០) តាំងពីឆ្នាំ២០១១ ដើម្បីវិនិយោគដាំអំពៅ និងកៅស៊ូ៕


