សេដ្ឋកិច្ច
|
https://www.vodhotnews.com
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងក្នុងខួបលើកទី៦ នៃទិវាអ្នកលក់តាមដងផ្លូវនៅទូទាំងពិភពលោក ដែលរៀបចំនៅការិយាល័យសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)
អាជីវករលក់នៅតាមចិញ្ចើមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញត្អូញត្អែរថា សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងអ្នកពាក់ព័ន្ធផ្សេងទៀតយកលុយ(ភាស៊ី)ពីពួកគេរាល់ថ្ងៃ ជាថ្នូរអនុញាតឲ្យលក់ដូរតាមចិញ្ចើមផ្លូវ ដែលថា ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។
ក្នុងខួបលើកទី៦ នៃទិវាអ្នកលក់តាមដងផ្លូវនៅទូទាំងពិភពលោក ដែលរៀបចំនៅការិយាល័យសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៤ ខែវិច្ឆិកានេះ អាជីវករលក់ដូរនៅផ្សារដើមគ នៅ ស្រីលក្ខណ៍ អះអាងថាលក់ដូរជាង១០ឆ្នាំ បានរៀបរាប់ថា ប្រហែលជាកន្លះខែមកនេះអាជីវករមួយចំនួន នៅតែរងការរើសអើងពីអាជ្ញាធរ សន្តិសុខផ្សារ សណ្តាប់ធ្នាប់ខណ្ឌ ចុះឃ្លាំមើល និងមិនឲ្យលក់ដូរលើកចិញ្ចឹមផ្លូវនោះទេ ខណៈអ្នកផ្សេងទៀតដែលលក់ដូរបាន លុះត្រាតែមានលុយបង់ទៅផ្នែកសណ្តាប់ធ្នាប់ខណ្ឌ ប៉ុន្តែមិនចេញវិក័យបត្រឲ្យនោះទេ។
អាជីវកររូបនោះរៀបរាប់ដូចនេះថា៖ «នៅក្នុងផ្សារដើមគមួយដឹងប៉ុន្មានវេណទេ សព្វថ្ងៃនេះបួនវេណក្នុងមួយថ្ងៃ ហើយឧទាហរណ៍ដូចភាស៊ីអនាម័យ គាត់កុងត្រាជាមួយសាលារាជធានីភ្នំពេញយកមកឲ្យប្រធាន ប្រធានខាងភាស៊ីអនាម័យគឺគាត់កុងត្រាឲ្យវិនិយោគផ្សេងទៀត គឺវិនិយោគ គឺវិនិយោគមកយកតាមអំពើចិត្ត ដោយពុំមានពាក់កាតជាអ្នកភាស៊ីអនាម័យទេ»។
នៅថ្ងៃនេះសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំប្រារព្ធខួបលើកទី៦ នៃទិវាអ្នកលក់តាមដងផ្លូវនៅទូទាំងពិភពលោកនេះ មានអាជីវករចូលរួមប្រមាណជាង១០០នាក់ នៅទូទាំងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ។
អាជីវករម្នាក់ទៀត អ្នកស្រី ណុប សាវី ដែលអះអាងថា លក់ដូរនៅមុខរោងចក្រមួយកន្លែងក្បែររោងចក្រ ស្ថិតនៅម្តុំផ្លូវណបព្រីច បានរៀបរាប់ថា ផ្នែកសណ្តាប់ធ្នាប់ខណ្ឌ និងអ្នកយកលុយ (ភាស៊ី) បានចុះយកលុយពីអាជីវករលក់នៅក្បែរចិញ្ចើមផ្លូវជារៀងរាល់ថ្ងៃចន្លោះពី៥០០រៀល ទៅ៣០០០រៀលជារៀងរាល់ថ្ងៃ និងកន្លែងខ្លះជួលក្នុងមួយខែ៣ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ជាថ្នូរបានលក់នៅតំបន់នោះជាដើម។ ករណីនេះអ្នកស្រីថា បើអាជីវករមិនព្រមបង់ថ្លៃឲ្យទេ កងសន្តិសុខថាថ្នាក់លើមិនឲ្យលក់ទេ។
ទោះជាបែបនេះក្តី អ្នកស្រីថា គាត់នៅតែបន្តលក់នៅក្បែរចិញ្ចើមផ្លូវនោះ ហើយមិនបង់លុយឲ្យសន្តិសុខខណ្ឌនោះទេ ដោយថាទោះជាមានរឿងអ្វីកើតឡើងក៏គាត់មិនខ្លាចដែរ។
អ្នកស្រីរៀបរាប់ថា៖ «នៅតែលក់ ព្រោះខ្ញុំសម្រេចចិត្តថា បើនៅចាប់ខ្ញុំ បើសិនមានថ្ងៃណាមួយខ្ញុំដេកក្រោមឡាន ក្រោយឡានចាប់តែម្តង ខ្ញុំនិយាយដោយស្មោះ ដើម្បីឲ្យរដ្ឋាភិបាលជួយមើលថា តើគាត់យ៉ាងម៉េច គាត់សុខចិត្តប្តូរជីវិត ព្រោះនៅផ្ទះក៏ដាច់ពោះ លុយថ្លៃផ្ទះ លុយថ្លៃទឹក ថ្លៃភ្លើង គឺខ្ញុំជួលផ្ទះគេទេ ហើយខ្ញុំត្រូវការលក់ ដើម្បីចិញ្ចឹមខ្លួន ដើម្បីទិញថ្នាំពេទ្យ ព្រោះខ្ញុំអត់មានពេលដេកពេទ្យ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ មិនមានគម្រោងរៀបចំចិញ្ចើមផ្លូវសាធារណៈសម្រាប់ទុកឲ្យអាជីវករលក់ដូរនោះទេ ដោយថាកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អ្នកធ្វើដំណើរ និងកាត់បន្ថយការស្ទះចរាចរណ៍ជាដើម។
ដោយឡែក អ្នកដែលដើរទារលុយ (ភាស៊ី) ពីអាជីវករនោះ លោកថាសាលារាជធានីមិនបានដឹងពីបញ្ហានេះទេ ដោយលោកថា បើអាជីវកររូបណាជួបបញ្ហានេះ ជួយរាយការណ៍ទៅសមត្ថកិច្ច ឬសាលារាជធានី ដើម្បីចាត់វិធានការច្បាប់អ្នកដែលប្រព្រឹត្តនោះ។
លោកមានប្រសាសន៍ថា៖ «សម្រាប់អ្នកដែលអនុវត្តខុសពីគោលការណ៍ណែនាំ ខុសពីអនុសាសន៍រាជរដ្ឋាភិបាលដែលបង្គាប់បញ្ជាណែនាំមិនឲ្យមានការយកសម្រាប់អ្នកលក់ដូរតូចតាច ហើយថែមទាំងគិតគូពីការថែទាំអនាម័យ បញ្ហាសន្តិសុខ ជូនគាត់ទៀតផង មិនត្រឹមតែយកភាស៊ី មិនត្រឹមតែមិនយកលុយនោះទេ ចឹងអ្នកដែលធ្វើកិច្ចការនេះ ខុសពីគោលការណ៍ំណែនាំ គាត់ត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់»។
នាយិការអង្គការ OXFAM លោកស្រី លីម សូលីន អ្នកលក់ដូរក្រៅប្រព័ន្ធមានចំនួន៦៥% នៃគ្រោងឆ្អឹងប្រទេសជាតិ ដោយថា បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ ហើយបណ្តែតបណ្តោយឲ្យមានការរើសអើងលើអាជីវករទាំងនោះ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិទាំងមូល ខណៈអាជីវករស្ថិតនៅក្នុងប្រព័ន្ធមានចំនួន៣៥%តែប៉ុណ្ណោះ។
លោក វន់ ពៅ បញ្ជាក់ថា បើអាជ្ញាធរនៅតែបន្តយកលុយពីអាជីវករបែបនេះទៀត លោកថានឹងធ្វើឲ្យអាជ្ញាធរ និងអាជីវករ កាន់តែមានបញ្ហាប្រឈមដាក់គ្នា នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
លោកមានប្រសាសន៍ថា៖ «ប៉ះពាល់ទីមួយ ប៉ះពាល់សេដ្ឋកិច្ចសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ប៉ះពាល់ទីពីរគឺផ្លូវអារម្មណ៍ ផ្លូវចិត្ត ប៉ះពាល់អាចមានអំពើហិង្សាកើតឡើងរវាងអាជីវករ អ្នករៀបចំសណ្តាប់ធ្នាប់ និងអ្នកទារលុយ បើសិននៅតែរបៀបហ្នឹងទៀត ធ្វើឲ្យខូចមុខមាត់ជាតិ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅក្នុងសង្គម នេះគឺជាផលប៉ះពាល់ធំណាស់»។
កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរមួយដោយលុបចោលការបង់ថ្លៃភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស។
សារាចរដដែលបានដាក់បញ្ជាឲ្យសាលារាជធានីនិងខេត្ត រៀបចំកន្លែងលក់ដូរឲ្យបានច្បាស់លាស់ចាប់ពីថ្នាក់ខេត្ត រហូតដល់ឃុំសង្កាត់សម្រាប់ជូនពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងអ្នកលក់ដូរក្រីក្រតូចតាច ដោយមិនមានការបង់ថ្លៃអ្វីទាំងអស់ចំពោះកន្លែងលក់ដូរនេះ៕



