បទយកការណ៍៖ ពលរដ្ឋថា​ខ្លួន​អាច​សម្គាល់​បន្លែផ្លែឈើមានសារធាតុ​គីមីបាន​ តែអ្នកជំនាញ​ថា​មិនប្រាកដនោះទេ​


|
https://www.vodhotnews.com

ពិធីសម្ពោធ វេទិកាថ្នាក់ជាតិលើកទី៧ ស្ដីពី ការជំរុញការអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា អមដោយ ការតាំងបង្ហាញផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១២ និងព្រឹត្តិការណ៍សូត្រខ្មែរ ឆ្នាំ២០១៨ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហួត វុទ្ធី)


សព្វថ្ងៃអ្នកដាំដុះបន្លែផ្លែឈើមួយចំនួន​បានប្រើប្រាស់​ជី​និង​ថ្នាំគីមី​ ផ្សេង​ៗដើម្បី​បង្កើនទិន្នផលរបស់ខ្លួន​​។ នៅពេល​ដែល​បន្លែ​ផ្លែឈើ​ទាំងនោះ​ដាក់​លក់​នៅទីផ្សារ​ អ្នកលក់​ខ្លះបាន​ដាក់​សារធាតុ​គី​មី ផ្សេងៗដើម្បី​ការពារកុំឲ្យមានសត្វល្អិត​រោម ក៏ដូចជា​រក្សាវាទុក​ឲ្យបាន​យូរផងដែរ។ ការនិយមប្រើ​ប្រាស់​សារធាតុ​គីមី បានធ្វើ​ឲ្យអ្នក​ទទួល​ទាន​​មាន​ការព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ចំពោះ​សុខភាពរបស់​ខ្លួន​នៅពេល​ដែល​ពួកគេបរិភោគ​​បន្លែផ្លែឈើ​ទាំងនោះ​។

ទោះយ៉ាងណាក៏ដោយពលរដ្ឋមួយចំនួនអះអាងថា ពួកគេមាន​វិធី​ក្នុងការសម្គាល់​បន្លែផ្លែឈើថា​​មានសារធាតុគីមី​ឬមិនមាន។ ប៉ុន្តែ​អ្នកជំនាញយល់ថា វិធីដែល​ពលរដ្ឋ​លើក​ឡើង ​មិនអាចជឿជាក់​បាននោះទេ។​

ស្ត្រីមេផ្ទះម្នាក់ អ្នកស្រី ហ៊ិន សេង ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯកន្លែងតាំងបង្ហាញផលិតផលបន្លែផ្លែឈើដែល​រៀបចំនៅខេត្តសៀម​រាប​កាល​ពីសប្ដាហ៍មុនថា អ្នកស្រី​អាចសំគាល់បន្លែផ្លែឈើដែលមានជាតិគីមីបាន។ អ្នកស្រីថាបន្លែផ្លែឈើដែលមាន​ជាតិគីមីគឺមានតម្លៃថោកនិងពុំមានសត្វល្អិតរោមនោះទេ។

អ្នកស្រី ហ៊ិន សេង មានប្រសាសន៍ថា៖ «ដូចជាតម្លៃខុសគ្នា! អាតម្លៃល្អប៉ុន្តែវាថោកអហ្នឹងវាអត់ពិតអ្ហា៎! អាបន្លែគីមីហ្នឹងចង់និយាយថា គេបាញ់ទៅលើថ្នាំ គេមានទឹកថ្នាំធ្វើកុំឲ្យសត្វវាស៊ីស្លឹកអ្ហា៎! ហើយដូចថាគេប្រើជីថ្នាំ អាជីទាំង ការ៉ុងៗគេលក់អ្ហ៎! ខ្ញុំជឿអញ្ចឹង អាហ្នឹងគឺគេដាក់ទៅវាល្អលឿន!»

យុវនិស្សិត ឈីង អឺ អាយុ២២ឆ្នាំក៏បាន​អះអាងស្រដៀងគ្នានឹង​អ្នកស្រី​ ហ៊ិន សេង ដែរ។ យុវនិស្សិតរូបនេះប្រាប់​ថា​នាង​​អាចមើល​ដឹងបន្លែណាមាន​ដាក់សារធាតុគីមីឬមិនមាន តាមរយៈការពិនិត្យ​ទៅលើ​ទំហំរបស់​វា​។

ឈីង អឺ លើកឡើងថា​៖ «បន្លែដែលមានដល់ប៉ះពាល់សុខភាព បន្លែដែល ធំៗ វាធំថ្លោសខុសពីបន្លែធម្មជាតិយកមកពីស្រែ[] ហើយវាលក្ខណៈថាអត់ធំស្មើទេ! វាមាន ក្តៀបៗ តែបើអាធំហើយល្អ អាហ្នឹងគេដាក់ថ្នាំ!»

បុរសវ័យប្រហែលជាង៤០ឆ្នាំ លោក គួន វុន ដើរដឹកដៃកូនស្រី ឈរនៅមុខតួប​លក់​បន្លែ​មួយយកដៃស្ទាបបន្លែបណ្តើរសួរអ្នកលក់បណ្តើរទំនងជាចង់ជាវស្លឹកខ្ទឹមនិងស្ពៃក្តោប។ លោក គួន វុន អះអាង​ថា​លោក​តែងតែ​សួរអ្នកលក់សិនមុននឹងទិញ ចៀសវាងបន្លែផ្លែឈើដែលមានជាតិគីមីប៉ះពាល់សុខភាព។​

លោក គួន វុន មានប្រសាសន៍ថា៖ «តើបន្លែហ្នឹងគាត់ទិញមកពីណា? អាហ្នឹងយើងជឿអ្នកលក់។ ទីមួយជឿអ្នកលក់ ទីពីរយើងមើលខ្លួនយើង។ យើងមើលដោយភ្នែក យើងលើកមើលណេះមើលណោះទៅ បើសិនជាឃើញអាណាមានសត្វស៊ីច្រើន ចង់និយាយថាវាមិនល្អ! អញ្ចឹងក៏យើងអាចថាបន្លែមិនសូវមានជាតិគីមីនៅក្នុងហ្នឹងដែរ តែបើយើងឃើញបន្លែល្អ មិនចោទថាគេប្រើជាតិគីមីទេ តែយើងមិនចង់ចាប់អារម្មណ៍បន្លែហ្នឹងទេ! »

មន្ត្រីឯកទេសទីផ្សារនៃអង្គការGRET កញ្ញា សោម ច័ន្ទឆវី ឲ្យដឹងថា គេមិនអាចសំគាល់ថាបន្លែផ្លែឈើដែលមានជាតិគីមីប៉ះពាល់សុខភាពដោយគ្រាន់តែឃើញពីរូបរាងខាងក្រៅបានទេ។ កញ្ញាបន្តថា​ ពលរដ្ឋ​គួរទិញ​បន្លែផ្លែឈើ​ដែល​មានប្រភពច្បាស់លាស់។​

កញ្ញា សោម ច័ន្ទឆវី មានប្រសាសន៍ថា៖ «សិក្សាឲ្យដឹងពីប្រភពថាមកពីណាមកពីណីអីអញ្ចឹងអ្ហា៎! យើងលើកទឹកចិត្តឲ្យមានការទៅមានទស្សនកិច្ចរវាងអ្នកហូបហ្នឹងគាត់អាចស្នើតាមរយៈហាងលក់បន្លែឬអីមួយហ្នឹងគាត់អាចទៅមើលការដាំដុះផ្ទាល់អីអញ្ចឹង។ គាត់ត្រូវសិក្សាពីប្រភពបន្លែហ្នឹងឲ្យច្បាស់»

ប្រធានអង្គការសេដាក លោក សម វិទូ យល់ថា ពលរដ្ឋ​អាចសំគាល់បានខ្លះចំពោះតែ​ប្រភេទបន្លែដែលដុះឯងថាអាចសុវត្ថិភាព។ លោក​បន្តថា​សម្រាប់​ប្រភេទបន្លែខ្លះដែលពិបាកដាំគឺចៀសមិនផុតពីការប្រើជាតិគីមីទេ។

លោក សម វិទូ មានប្រសាសន៍ថា៖ «ខ្ញុំឧទាហរណ៍ដូចជាស្ពៃក្តោបឬក៏ខាត់ណាឬក៏ផ្កាខាត់ណាអីអញ្ចឹង ជាទូទៅទោះជាចង់ឬមិនចង់ក៏គេនៅប្រើសារធាតុគីមីដែរ។ ថ្នាំសម្លាប់សត្វល្អិតគឺមិនអាចចៀសវាងបានទេក្នុងការប្រើប្រាស់។ អញ្ចឹងមានន័យថាប្រភេទបន្លែមួយចំនួនដែលជាបន្លែដែលពិបាកក្នុងការដាំហើយវាសំបូរបែបនៅទីផ្សារ មានន័យថាទាល់តែគេប្រើប្រាស់សារធាតុគីមីមានជីគីមីឬក៏ថ្នាំកសិកម្មអីជាដើម ថ្នាំសម្លាប់សត្វល្អិតអីជាដើមបានគេអាចដាំបាន»

លោក សម វិទូ ក៏បានបញ្ជាក់ដែរថា មិនអាចសំគាល់ថាបន្លែដែលឃើញមានសត្វស៊ី ថាជាបន្លែអត់ជាតិគីមីប៉ះពាល់សុខភាពក៏មិនត្រឹមត្រូវដែរ ព្រោះពេលខ្លះកសិករក៏អាចបាញ់ថ្នាំក្រោយសត្វស៊ីដែរ។ លោក​ថា​ វាជាវិធីល្អ បើអ្នកទិញឬអ្នកប្រើប្រាស់បន្លែបានស្គាល់ពីប្រភពបន្លែដែលកសិករបានដាំច្បាស់លាស់មុននឹងទិញ។

លោក សម វិទូ ប្រាប់ថា​សារធាតុគីមីត្រូវបាន​គេប្រើ​ប្រាស់​ជាច្រើន​ដងទៅលើបន្លែផ្លែឈើ ដូចជាពេលដាំដុះគេប្រើប្រភេទថ្នាំសម្លាប់សត្វល្អិតលាយបញ្ចូលគ្នា ពេលកែច្នៃឬរក្សាទុកផលិតផលគេច្រើនប្រើសារធាតុបូរ៉ាក់​​និងអរម៉ូន។ លោកបន្តថាការ​​បរិភោគ​បន្លែផ្លែឈើ​គីមីទាំងនោះ ​ធ្វើ​ឲ្យ​ប៉ះពាល់ដល់ថ្លើម ក្រពះ និងពោះវៀន របស់​អ្នក​ទទួល​ទាន​​។ ​ផលប៉ះពាល់ ភ្លាមៗគឺអាចធ្វើឲ្យក្អួត សន្លប់ឬបើធ្ងន់ធ្ងរអាចដល់ថ្នាក់ពុលស្លាប់។

ប្រធាននាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំ លោក ហូ ពុទ្ធា ឲ្យដឹងពីវិធានការទប់ស្កាត់បន្លែគីមីប៉ះពាល់សុខភាពថា ក្រសួងកសិកម្មបានដាក់ឲ្យអនុវត្តន៍គោលការណ៍ចំនួនពីរនៅទូទាំងប្រទេសដើម្បីបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់បន្លែផ្លែឈើ។

លោក ហូ ពុទ្ធា មានប្រសាសន៍ថា៖ «ទីមួយគេធ្វើតាមគោលការណ៍កសិកម្មល្អ។ ហើយមួយទៀតយើងត្រូវធ្វើតាមគោលការណ៍កសិកម្មសរីរាង្គ។ ហើយគោលការណ៍កសិកម្មល្អហ្នឹងយើងបានធ្វើហើយអ្ហើយ រៀបចំប្រកាសអីហើយដាក់ឲ្យប្រើប្រាស់ហើយ! ដោយឡែកចំពោះគោលគារណ៍កសិកម្មសរីរាង្គហ្នឹងដោយសារយើងអត់ទាន់ដាក់ប្រកាសឲ្យប្រើទេ ពីព្រោះប្រកាសហ្នឹងកំពុងរៀបចំប្រជុំនៅក្រសួងដាក់ឲ្យឆ្លង ប្រហែលចុងឆ្នាំចប់ហើយ។ សរុបទៅទាំងពីរគោលការណ៍ហ្នឹងធ្វើឲ្យបន្លែនិងផ្លែឈើស្រស់មានសុវត្ថិភាព»

តាមបការឲ្យដឹង​ពី​ប្រធានអង្គការសេដាក លោក សម វិទូ កម្ពុជានាំចូលបន្លែផ្លែឈើពីប្រទេសជិតខាងចំនួនប្រមាណចន្លោះពី២០០ទៅ៤០០តោនក្នុងមួយថ្ងៃ។ ចំពោះបន្លែច្រើននាំមកពីប្រទេសវៀតណាម និងផ្លែឈើច្រើននាំចូលមកពីប្រទេសថៃ៕​


អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles